រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មតបនឹងសារវីដេអូរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានរិះគន់អាជ្ញាធរ និងថៅកែរោងចក្រថា មិនបានសម្រួលឱ្យកម្មករមានពេលវេលាគ្រប់គ្រាន់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
នៅក្នុងសារដែលបានបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភានោះ លោក សម រង្ស៊ី ក៏បានស្នើសុំឱ្យកម្មករ-កម្មការិនី ហ៊ានលះបង់ពេលវេលា និងថវិកាដើម្បីបានទៅបោះឆ្នោតឱ្យមានការផ្លាស់ប្តូរ និងលើកកម្ពស់ជីវភាពរបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារដែលចេញផ្សាយនៅយប់ថ្ងៃពុធ បាន«ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះសាររបស់លោក សម រង្ស៊ី និងចាត់ទុកថាជាការ«ឃោសនាបោកប្រាស់»។
ក្រសួងការងារក៏បានដាក់ការទទួលខុសត្រូវទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់បោះឆ្នោតដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិវិញថា ជា«ស្ថាប័នឯករាជ្យ និងអព្យាក្រិតតែមួយគត់ដែលមានសិទ្ធិចាត់ចែង រៀបចំនិងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា»។
សេចក្តីប្រកាសរបស់ក្រសួងបានពន្យល់ថា ទាំងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងសមាសភាពនៃថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជា«ផ្លែផ្កានៃការពិភាក្សាលម្អិតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
សាររបស់ក្រសួងការងារបន្តថា៖
«ច្បាប់នេះត្រូវបានសាទរ និងទទួលយកដោយសមាជិកសភានៃគណបក្សទាំង២ ក្នុងនោះក៏មានទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិនាគ្រានោះផងដែរ។ ប្រសិនបើទណ្ឌិត សម រង្ស៊ី ពិតជាចង់ឱ្យកម្មករនិយោជិតត្រឡប់ទៅចុះឈ្មោះ និងបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនពិតមែន ហេតុអ្វីបានជាពេលនោះទណ្ឌិតរូបនេះមិនស្នើឱ្យមានការកំណត់ចំនួនថ្ងៃឈប់សម្រាកតែម្តងទៅ?»
នៅក្នុងសារជាវីដេអូដែលនាំឱ្យមានការខឹងសម្បារ និងប្រើពាក្យសម្តីធ្ងន់ៗពីរាជរដ្ឋាភិបាលកម្ពុជានេះ លោក សម រង្ស៊ី បានរំលឹកដល់ការតស៊ូរបស់លោកជាមួយនឹងអតីតប្រធានសហជីពកម្មករគឺលោក ជា វិជ្ជា ដែលទទួលការគោរពយ៉ាងច្រើនពីកម្មករ ក្នុងការទាមទារប្រាក់ខែ និងសិទ្ធិសេរីភាពរបស់កម្មកររហូតដល់លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់។ ហើយបើទោះបីជាមានការតស៊ូទាមទារដូចនេះក៏ប្រាក់ខែកម្មករមិនបានច្រើនធៀបនឹងតម្លៃទំនិញទីផ្សារ និងប្រទេសជិតខាង។
លោក សម រង្ស៊ី បានបន្ថែមថា៖
«សង្គមសព្វថ្ងៃពោពេញទៅដោយអំពើពុករលួយ អំពើអយុត្តិធម៌ និងការជិះជាន់កេងប្រវ័ញ្ចញើសឈាមពីសំណាក់អ្នកមានអំណាច និងអ្នកមានលុយមកលើប្រជារាស្ត្រទន់ខ្សោយ និងប្រជារាស្រ្តក្រីក្រ ដូចកម្មករ និងក្រុមគ្រួសារកម្មករ។ យ៉ាងដូច្នេះហើយបានជាកម្មករកម្មការិនីជាង៧សែននាក់នៅប្រទេសកម្ពុជា ត្រូវគេជិះជាន់កេងប្រវ័ញ្ចញើសឈាមតាមតែអំពើចិត្តរបស់គេ។ គេនៅតែបន្ទាបប្រាក់ខែកម្មករឱ្យនៅកម្រិតទាបជានិច្ចប្រៀបធៀបទៅនឹងប្រាក់ចំណេញរបស់គេ»។
ប៉ុន្តែ ក្រសួងការងារបានលើកឡើងពីការខិតខំប្រឹងប្រែងដើម្បីឱ្យបានប្រាក់ខែខ្ពស់ដល់កម្មករ និងចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមបក្សពួកថា «មិនយល់»ពីការងាររបស់រដ្ឋាភិបាល និងធ្វើសកម្មភាព«ញុះញ៉ង់» ដែលមិនអាចអត់ឱនឱ្យបាន។
លោក សម រង្ស៊ី កំពុងតែរស់នៅនីរទេសខ្លួននៅប្រទេសបារាំង ប៉ុន្តែសារនយោបាយរបស់លោកដែលបង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅតែមានឥទ្ធិពល និងមានអ្នកគាំទ្រជាច្រើន។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានកម្លាំងប្រហាក់ប្រហែលគ្នាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ៕