អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយបង្ហាញពីអ្វីដែលខ្លួនហៅថា «ប្រព័ន្ធតុលាការនៃភាពអយុត្តិធម៌» នៅកម្ពុជា ដែលបានវាយប្រហារលើក្រុមដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។ ក្រុមមន្ត្រីរដ្ឋាភិបាលថ្លែងថា របាយការណ៍នេះ គ្មានឥទ្ធិពលជាដុំកំភួនណាមួយមកលើរដ្ឋាភិបាល និងគណបក្សកាន់អំណាចទេ។
ក្រុមអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាយល់ស្របទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ ដែលមានចំណងជើងថា៖ «តុលាការអយុត្តិធម៌ ការបង្ក្រាបភាពសកម្មនិយមតាមរយៈប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា» ហើយដែលត្រូវបានចេញផ្សាយនៅចំពេលដែលគណបក្សនយោបាយចំនួន ១២ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់។
របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា បានសរសេរក្នុងន័យដើមថា៖
«ចាប់តាំងពីការបោះឆ្នោតសាកលលើកចុងក្រោយ នាខែកក្កដា ឆ្នាំ២០១៣ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជាហាក់ដូចជាវាយប្រហារជាប្រព័ន្ធមកលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយប្រឆាំង៖ មានមនុស្សយ៉ាងហោចណាស់២៧នាក់កំពុងជាប់ឃុំ»។ ប៉ុន្តែអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកលីកាដូបានឲ្យដឹងថា មានអ្នកទោសនយោបាយ ២៥នាក់ប៉ុណ្ណោះ។
របាយការណ៍របស់អង្គការ Amnesty International បានបន្តថា៖
«អ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយប្រឆាំងជាច្រើន ត្រូវបានវាយប្រហារដោយអំណាចនីតិប្រតិបត្តិ និងគណបក្សកាន់អំណាច តាមរយៈប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលកំពុងរងបណ្តឹងនៅតុលាការពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សា ថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា របាយការណ៍ធ្វើឡើងដោយអង្គការលើកលែងទោសអន្តរជាតិ ត្រូវបានធ្វើឡើងដោយមានការចុះអង្កេតស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀតកំពុងប្រឈមនឹងការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ។
មន្ត្រីសិទ្ធិមនុស្សរូបនោះបញ្ជាក់ថា៖
«ការចេញរបាយការណ៍គេមួយៗបាទ គឺគេអាចមានមូលដ្ឋាន និងមានការស្រាវជ្រាវ បានគេអាចធ្វើការចេញមកដូច្នេះ ហើយវាឆ្លុះបញ្ចាំងទៅវិញ កន្លងមកដូចជាការចាប់មន្ត្រីអង្គការសិទ្ធិមនុស្ស សកម្មជនផ្សេងៗ ដែលគេមើលទៅថា វាមិនមានហេតុផលសមរម្យ នៅក្នុងការចាប់ខ្លួនហ្នឹង អាហ្នឹងគឺយើងមើលឃើញ»។
លោក សំ ចន្ទគា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលកំពុងរងគំនាបរបស់អំណាចនីតិប្រតិបត្តិ។ លោកប្រាប់ VOA បន្ថែមថា មន្ត្រីតុលាការសព្វថ្ងៃ មិនហ៊ានអារកាត់សេចក្តីដោយប្រើអំណាចឯករាជ្យរបស់ខ្លួននោះទេ។ លោកពន្យល់ថា៖
«ស្ថានភាពបច្ចុប្បន្នហ្នឹង គឺប្រព័ន្ធតុលាការ គឺទន់ខ្សោយមិនហ៊ានប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ដូចជាករណីមន្ត្រីអាដហុកនេះជាភស្តុតាងស្រាប់ហើយ។ អញ្ចឹងយើងគាំទ្រថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះមានលក្ខណៈត្រឹមត្រូវទៅហ្នឹងស្ថានការណ៍បច្ចុប្បន្ននៅប្រទេសកម្ពុជា ពាក់ព័ន្ធប្រព័ន្ធយុត្តិធម៌បាទ»។
របាយការណ៍បានពណ៌នាពី«យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ» ដែលបាននាំដល់ការចាប់ឃុំខ្លួន រួចដោះលែងវិញស្រ្តីក្នុងតំបន់បឹងកក់ជាង ១០នាក់ ដែលជាអ្នកតស៊ូនឹងការបណ្ដេញចេញក្នុងតំបន់នោះ។ ក្នុងចំណោមស្ត្រីទាំងនោះ គឺមានអ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការចោទប្រកាន់ និងកាត់ទោសក្នុងករណីផ្សេងៗគ្នាជាច្រើន ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌនានា។
អង្គការលើកលែងទោសអន្តរជាតិ បានសរសេរក្នុងរបាយការណ៍ខ្លួនថា៖
«វន្នីគឺជាអ្នកទោសមនសិការមួយរូប អ្នកការពារសិទ្ធិមនុស្សមួយរូប ដែលត្រូវបានឃុំខ្លួន ដោយសារតែហេតុផលតែម្យ៉ាង គឺភាពសកម្មរបស់គាត់ ដែលជាអ្នកមិនបានប្រើអំពើហិង្សា ឬក៏គាំទ្រអំពើហិង្សា ឬសេចក្តីស្អប់ខ្ពើម។ ការកាត់គាត់ឲ្យជាប់ទោស គឺគ្មានមូលដ្ឋាននោះឡើយ»។
ការចាប់ឃុំអតីតមន្ត្រី និងមន្ត្រីសិទ្ធិមនុស្សប្រាំរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានស្ថិតក្នុងការអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិផងដែរ។ អ្នកទាំងប្រាំត្រូវបានជាប់ចោទពីបទសូកប៉ាន់សាក្សី ដែលផ្តើមពីរឿងអាស្រូវស្នេហាដ៏គួរឲ្យសង្ស័យរបស់អតីតអនុប្រធានបក្សប្រឆាំងលោក កឹម សុខា ដែលឥឡូវនេះ បានក្លាយជាប្រធានបក្ស។
របាយការណ៍បានសរសេរថា៖
«ពួកគេបានក្លាយជាជនរងគ្រោះនៃការរំលោភបំពានលើវិសាលភាពធំធេងនៃសិទិ្ធទទួលបានការកាត់ទោសត្រឹមត្រូវ ក្នុងនោះមានសិទ្ធិសន្មតជាមុនពីដំណើរគ្មានទោស ភាពស្មើគ្នាចំពោះមុខតុលាការ និងការប្រឹក្សាខាងច្បាប់»។
ចំពោះមន្ត្រី និងសកម្មជននយោបាយគណបក្សសង្គ្រោះជាតិ ១១រូប ដែលត្រូវបានកាត់ឲ្យជាប់ទោសពីប្រាំពីរ ទៅ២០ឆ្នាំ ក្នុងការដឹកនាំ និងចូលរួមកុបកម្មនៅទីលានប្រជាធិបតេយ្យធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិពណ៌នាថា ជាកាត់ទោសដែលគ្មានភស្តុតាង។ របាយការណ៍បានឲ្យដឹងថា គ្មានភស្តុតាងដែលបញ្ជាក់ថា ក្រុមមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ មានផែនការធ្វើបាតុកម្មហិង្សា ហើយអំពើហិង្សានោះជាការពិតត្រូវបានផ្តើមឡើងដោយកងសន្តិសុខ។ របាយការណ៍បានលើកឡើងពីបណ្តឹងនានាដែលប្តឹងប្រឆាំងនឹងអ្នកតំណាងរាស្ត្រប្រាំពីរនាក់ផ្សេងទៀតផងដែរ។
របាយការណ៍ដដែលនោះ ក៏បានលើកឡើងការចោទប្រកាន់បទព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបង្កអំពើហិង្សាដោយចេតនា និងបទល្មើសផ្សេងទៀត ប្រឆាំងមេដឹកនាំសហជីពប្រាំមួយនាក់ ក្នុងនោះមានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា។
ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានប្រកែក និងទាត់ចោលខ្លឹមសាររបស់របាយការណ៍នេះ ព្រោះរបាយការណ៍នេះ ត្រូវបានធ្វើឡើងដោយមានការគិតទុកជាមុនដើម្បីកេងចំណេញខាងនយោបាយដល់ក្រុមជំទាស់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា តាមការសន្និដ្ឋានជាច្រើនទៅលើរបាយការណ៍នេះ បានឲ្យដឹងថា អង្គការលើកលែងទោសអន្តរជាតិ មាននិន្នាការនយោបាយគាំទ្រក្រុមជំទាស់ ព្រោះរបាយការណ៍នេះ ត្រូវបានចេញចំពេលដែលការឃោសនាបោះឆ្នោតឃុំ-សង្កាត់ កំពុងប្រព្រឹត្តទៅនៅកម្ពុជា។ លោកថា របាយការណ៍នេះ គ្មានឥទ្ធិពលណាមួយមកលើរដ្ឋាភិបាលនោះទេ។
«គាត់មិនមែនជាការចេញលើកទីមួយទេ គឺជាការចេញជាច្រើនដងមកហើយ ហើយមិនមែនលក្ខណៈខុសគ្នាពីរបាយការណ៍មួយទៅរបាយការណ៍មួយនោះទេ ហើយក៏មិនខុសគ្នាពីអ្វីដែលសង្គមស៊ីវិល និងបក្សប្រឆាំងលើកឡើងនោះទេ អញ្ចឹងរបាយការណ៍នេះ មិនមានឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលក៏ដូចជា គណបក្សកាន់អំណាចនោះទេ ពីព្រោះគេយល់ពីចរឹតរបស់គាត់ និងពីនិន្នាការនៃការងាររបស់គាត់រួចទៅហើយបាទ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបកុ្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា របាយការណ៍នេះ មានគោលបំណងបម្រើដល់មហិច្ឆតាក្រុមជំទាស់មួយចំនួន ដែលនៅរកាំចិត្តនឹងរដ្ឋាភិបាលបច្ចុប្បន្ន។ លោកបានប្រដូចក្រុមជំទាស់ទាំងនោះថា មានទស្សនៈស្របទៅតាមប្រព័ន្ធនយោបាយនៅលោកសេរី ហើយថា ក្រុមទាំងនោះមិនទាន់បញ្ចប់សង្គ្រាមត្រជាក់ក្នុងអារម្មណ៍របស់ពួកគេ ដែលចង់ទម្លាក់បក្សប្រជាជនកម្ពុជាពីអំណាច។
លោក សុខ ឥសាន បញ្ជាក់ប្រាប់ VOA ថា៖
«ទោះបីថា សង្គ្រាមត្រជាក់វាបានរលត់មែនជាទ្រឹស្តី ក៏ប៉ុន្តែការជាក់ស្តែងនៅក្នុងអារម្មណ៍អ្នកធ្វើទាំងអស់ហ្នឹងមិនមែនបាត់អាហ្នឹងសង្គ្រាមត្រជាក់ហ្នឹងទេ វាតែមានចោទប្រកាន់ ឬលាបពណ៌ឲ្យគណបក្សប្រជាជន ថាជាបក្សកុម្មុយនិស្ត។ អញ្ចឹងៗ ទាំងអស់គ្នាហ្នឹងគេសុទ្ធតែលោកសេរី។ អញ្ចឹងគេប្រមូលផ្តុំកម្លាំងគ្នា ដើម្បីដៅមុខព្រួញ មកទម្លាក់គណបក្សប្រជាជនកម្ពុជា។ តែការធ្វើរបស់គេហ្នឹង វាមិនបានហុចលទ្ធផលជាវិជ្ជមានឲ្យពួកគេ តាមបំណងមហិច្ឆតារបស់ពួកគេទេ បាទ»។
ក្រុមអ្នកការពារសិទ្ធិមនុស្សនិយាយថា មិនមែនជារឿងចម្លែកនោះទេ ដែលរដ្ឋាភិបាលជារឿយៗ ច្រានចោល របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សធ្វើឡើងដោយអង្គការការពារសិទ្ធិមនុស្សក្នុងនិងក្រៅប្រទេស។ ពួកគេថា តុលាការស្រុកខ្មែរអាចឯករាជ្យទៅបាន ប្រសិនបើអ្នកនយោបាយខ្មែរមានឆន្ទៈមិនលូកដៃចូលកិច្ចការនៃអំណាចតុលាការ។ យ៉ាងណាក៏ដោយ ពួកគេថា ស្ថាប័នតុលាការសព្វថ្ងៃនេះ គឺស្ថិតក្រោមគំនាបអំណាចនីតិប្រតិបត្តិ។
អនុសាសន៍មួយក្នុងចំណោម អនុសាសន៍ចំនួនប្រាំបួនរបស់អង្គការលើកលែងទោសអន្តរជាតិ បានស្នើឲ្យអាជ្ញាធរកម្ពុជាគោរពឯករាជ្យភាពរបស់តុលាការនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត៕