ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការងារ៖​ ស្រ្តី​ខ្មែរ​៧៨​នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​អំពើ​ឆបោក​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (Khan Sokummono/VOA Khmer)
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (Khan Sokummono/VOA Khmer)

បន្ទាប់​ពី​មាន​ករណី​ស្រ្តី​៧៨​នាក់​ត្រូវ​បាន​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​ ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នា​ពេល​ថ្មីៗ​នេះ​ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​ នាំ​ពួកគេ​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​អាជ្ញាធរ​កម្ពុជា​កំពុង​បើក​ការ​ស៊ើប​អង្កេត​តាម​រក​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​អំពើ​ឆបោក​នោះ។ ​នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារ។​

គេ​មិន​ទាន់​ដឹង​ថា​ តើ​ស្ត្រី​ទាំង​៧៨​នោះ​ត្រូវ​បាន​សង្គ្រោះដោយ​របៀប​ណា​ឡើយ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត តែ​ក្រុម​មន្ត្រី​កម្ពុជា​ថា​ ស្ត្រី​ទាំង​នោះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​តាម​ជើង​យន្តហោះ​ក្នុង​ខែ​មេសា​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ កត្តា អន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ជុំ​វិញ​ករណី​នេះ​ ក្រសួង​បាន​សហការ​ជា​មួយ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ ព្រម​ទាំង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ និង​អេហ្ស៊ីប ​ដើម្បី​រៀបចំ​បញ្ជូន​ពលករ​ខ្មែរ​ជាស្ត្រី​ទាំង​៧៨​នាក់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។​

លោក​ថ្លែង​ថា៖​«បង​ប្អូន​ពលករ​យើង​សរុប​៧៨​នាក់​ នឹង​មក​ដល់​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។​ ទន្ទឹម​នេះ​ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក៏​កំពុង​អង្កេត​ទៅ​លើ​ករណី​ក្រុមហ៊ុន​ ដែល​បាន​បញ្ជូន​ពលករ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នោះ ​ថា​តើ​ការ​បញ្ជូន​នោះ​មាន​លក្ខណៈ​អនុវត្ត​ត្រឹម​ត្រូវ​តាម​នីតិវិធី​ ការ​ធានា​បាន​លក្ខខណ្ឌ​ការងារ​សិទ្ធិ​ការងារ ​និង​សុវត្ថិភាព​ជូន​បងប្អូន​កម្មករ​នៅ​ទីនោះ។ ​ តើ​អ្វី​ដែល​ជា​មូលហេតុ​នៃ​ការ​កើត​ឡើង​ពិត​ប្រាកដ​នៅ​ទីនោះ?​ ដូច្នេះ​ក្រសួង​នឹង​មាន​វិធានការ​ទៅ​តាម​ក្រោយ»។​

អ្នក​នាំពាក្យ​រូបនេះ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ក្រសួង​នឹង​រៀបចំ​សំបុត្រ​យន្តហោះ​ជូន​ពលករ​ទាំង​នោះ​ ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​គឺ​ នៅ​ថ្ងៃ​ទី១៩ ​ខែ​មេសា ​ចំនួន​២៩​នាក់​ នៅ​ថ្ងៃទី​ ២០​ ខែ​មេសា ​ចំនួន​២៧​នាក់​ និង​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​២១​ ខែ​មេសា​ចំនួន​២២​នាក់។​

អំឡុង​ពេល​មាន​ការ​រៀបចំ​បញ្ជូន​ពលករ​នេះ ​លោក​អ៊ុក សារុន ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​នឹង​ទទួល​សម្រប​សម្រួល​បន្ថែម​ជា​មួយ​មន្ត្រី​អន្តោ​ប្រវេសន៍​នៃ​ប្រទេស​ម្ចាស់​ផ្ទះ​ ដើម្បី​បំពេញ​ឯកសារ​ផ្សេងៗ​ និង​សម្រួល​លើ​ការ​ហូប​ចុក​ និង​ស្នាក់​នៅ​របស់​ពលករ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ។​

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​លោក​ឃុន ថារ៉ូ​ ប្រាប់​វីអូអេ​ថា ករណី​ឆបោក​នេះ​មិន​មែន​ជា​ករណី​ទី​មួយ​ចំពោះ​ពលករ​ខ្មែរ​នោះ​ទេ។​ លោក​បន្ថែម​ថា​ ក្រៅ​ពី​មាន​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​តែ​ស្វែង​រក​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​មក​ផ្តន្ទាទោស​នៅ​ចំពោះ​មុខ​ច្បាប់​ដើម្បី​លុប​បំបាត់​រាល់​សកម្មភាព​ឆបោក​គ្រប់​ទម្រង់។​

លោក​ថ្លែង​ថា៖​«ករណី​នេះ​វា​ទាមទារ​ឱ្យ​រាជ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​មាន​តម្លាភាព​ ហើយ​វែក​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង​ ហើយ​ត្រូវ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ឱ្យ​រាង​ចាល។ ​កន្លង​មក​ករណី​ យើង​ឃើញ​មាន​ការ​បង្ក្រាប​ករណី​មួយ​ចំនួន​ ក៏​ប៉ុន្តែ​វា​អាច​សង្គ្រោះ​តែ​ជន​រង​គ្រោះ​ ប៉ុន្តែ​រក​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​វា​អត់​ឃើញ»។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ពលករ​ទាំង​៧៨​នាក់​នោះ​ នឹង​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​រាជធានី ​Riyadh ​និង​ក្រុង​២​ទៀត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ​គឺ​ទីក្រុង​ Jeddah ​និង​Dammam៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG