កម្មករកម្មការិនីរោងចក្រកាត់ដេរមួយចំនួនបានត្អូញត្អែរពីផលលំបាកក្នុងការធ្វើការ និងបារម្ភពីផលប៉ះពាល់សុខភាពដោយសារសីតុណ្ហភាពក្នុងរោងចក្រកើនកម្តៅខ្លាំង ស្របពេលដែលអាកាសធាតុឡើងដល់ជិត៤០អង្សា។
អ្នកស្រី យ៉ន យឺត អាយុ ៤០ឆ្នាំ ជាកម្មការិនីរោងចក្រត្រាកស៍ អឺភែរឹល (Trax Apparel) ប្រាប់វីអូអេថា កម្តៅក្នុងរោងចក្រដែលអ្នកស្រីធ្វើការ មានជាមធ្យមត្រឹម ៣៦ អង្សា ហើយពេលខ្លះឡើងដល់ចន្លោះពី៣៩ ទៅ៤០អង្សា ដែលធ្វើឱ្យកម្មករកម្មារិនីជាច្រើនពិបាកក្នុងការបំពេញការងារ។
អ្នកស្រីថ្លែងថា៖ «ដល់ពេលក្តៅអ៊ីចឹង កម្មករមួយចំនួនគាត់អត់មានកម្លាំងកំហែងប៉ុន្តែនៅក្នុងរោងចក្រនេះគេមានកង្ហារដែរ ប៉ុន្តែវាទប់អត់ឈ្នះ ដោយសារតែត្រូវការត្រជាក់ ត្រូវផ្លិតទឹកអីដែរហើយវានៅឆ្ងាយពីកម្មករ»។
អ្នកស្រីបន្ថែមថា អ្នកស្រី និងកម្មករនយោជិតដទៃទៀតក្នុងរោងចក្រមានការព្រួយបារម្ភជាខ្លាំងពីសុខភាពក្នុងអំឡុងពេលដែលមានការកើនកម្តៅ ហើយអ្នកស្រីក៏បានស្នើសុំឱ្យមានការយកចិត្តទុក ដោយបន្ថែមកង្ហារ និងបាញ់ទឹកលើផ្លិតទឹក ដើម្បីបន្ថយកម្តៅក្នុងរោងចក្រ។
លោក ឈន ចាន់ អាយុ៣៤ឆ្នាំ ហេរញ្ញិកនៃសហព័ន្ធសហជីពកម្ពុជាប្រចាំរោងចក្រ ប៉ូវ ឃើ ប្រាប់វីអូអេថា ក្នុងរោងចក្រដែលលោកធ្វើការនោះ មានកម្តៅកើនឡើងចន្លោះពី ៣៥ ទៅ ៣៦ អង្សា ដែលធ្វើឱ្យលោក និងកម្មករដទៃទៀតឆាប់នឿយហត់អំឡុងម៉ោងធ្វើការ និងថយផលិតកម្មការងារ។លោកបន្តថា ខាងរោងចក្រក៏បានរៀបចំដាក់កង្ហារដើម្បីជួយកាត់បន្ថយកម្តៅដែរ ប៉ុន្តែមិនមានប្រសិទ្ធភាព។
លោកប្រាប់វីអូអេថា៖ «បាទ! គាត់ធ្វើការវាចេះតែអស់កម្លាំងល្ហិតល្ហៃ វាក្តៅហើយចូលមកញើសជោគ។ សំខាន់វាដឹងតែមានផលប៉ះពាល់ វាកម្តៅខ្លាំងគាត់តែថយកម្តៅ ហ្នឹង [ផលិតផលក្នុងការងារ] វាកាត់បន្ថយហើយ ប៉ុន្តែគាត់រអ៊ូថាក្តៅ ហើយអត់មានកម្លាំង ហើយកន្លែងហ្នឹងអត់មានខ្យល់អាកាសអត់គ្រប់គ្រាន់»។
កំពុងដើរចេញពីរោងចក្រត្រឡប់ទៅបន្ទប់ជួលក្រោយចេញពីធ្វើការពេលល្ងាច អ្នកស្រី តឹក ផល្លា អាយុ៣៤ឆ្នាំ កម្មការិនីរោងចក្រជេអេច JH Garment ប្រាប់វីអូអេថា ក្នុងមួយថ្ងៃអ្នកស្រីធ្វើការ៨ម៉ោង ហើយរយៈពេលប៉ុន្មានថ្ងៃនេះអាកាសធាតុប្រែក្តៅខ្លាំងខុសពីធម្មតា ដែលធ្វើឱ្យអ្នកស្រីពិបាកក្នុងការបំពេញការងារ។ អ្នកស្រីរៀបរាប់ទាំងអស់កម្លាំងថា បើទោះបីជាក្នុងរោងចក្រដែលអ្នកស្រីបម្រើការនោះបានបំពាក់កង្ហារជូនកម្មករនិយោជិតក៏ដោយ ប៉ុន្តែនៅតែមិនអាចទប់ទល់នឹងកម្តៅបាន។
បើតាមរបាយការណ៍របស់អង្គការ Solidarity Center ក្នុងឆ្នាំ២០២២ បង្ហាញថា ទំនាក់ទំនងដ៏សំខាន់រវាងផលប៉ះពាល់ដែលទាក់ទងនឹងអាកាសធាតុ និងបរិស្ថាន និងលក្ខខណ្ឌការងារកាន់តែអាក្រក់ឡើងក្នុងវិស័យកាត់ដេររបស់កម្ពុជា។ របាយការណ៍នោះបន្តថា ២៩% នៃកម្មករបានជួបប្រទះនឹងអាកាសធាតុធ្ងន់ធ្ងរ ឬគ្រោះមហន្តរាយផ្សេងទៀតនៅកន្លែងស្នាក់នៅរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បម្រែបម្រួលអាកាសធាតុបណ្តាលឱ្យមានការការឡើងកម្តៅ ទាំងនៅកម្ពុជា និងប្រទេសក្នុងតំបន់។ លោកថា ក្រសួងការងារបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ទៅរោងចក្រសហគ្រាសឱ្យយកចិត្តទុកដាក់កាត់បន្ថយកម្តៅនៅបន្ទប់ ឬអាគារធ្វើការ ដើម្បីធានាសុវត្ថិភាព និងសុខភាពដល់កម្មករនិយោជិត។
លោកថ្លែងថា៖ «ទន្ទឹមនោះក្រសួងការងារក៏បានធ្វើទំនាក់ទំនងដោយផ្ទាល់ទៅម្ចាស់រោងចក្រសហគ្រាសទាំងអស់ ឱ្យអនុវត្តវិធានការទាំងអស់នេះឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុខភាពជូនបងប្អូនកម្មករនិយោជិតយើង ហើយក្រសួងការងារកំពុងបន្តតាមដានបន្ថែមទៀតចំពោះរោងចក្រសហគ្រាសក្នុងការអនុវត្តវិធានការនេះក្នុងករណីណាមួយកើតឡើង ក្រសួងនឹងសហការអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនកម្មករនិយោជិតយើង»។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារបានចេញសេចក្តីណែនាំឱ្យរោងចក្រនីមួយៗ ត្រូវបើកទ្វារបង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញក្នុងអគារធ្វើការ។ ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យបានច្រើន និងញឹកញាប់។ ត្រូវបាញ់ទឹកលើដំបូលអគារធ្វើការយ៉ាងតិច២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។ ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោងមុនកម្មករនិយោជិតចូលធ្វើការ និងត្រូវចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ។
បើតាមកម្មករនិយោជិតដែលវីអូអេបានសម្ភាសន៍អះអាងថា បើទោះបីជាក្រសួងការងារបានចេញសេចក្តីណែនាំនេះក៏ដោយ ប៉ុន្តែតាមរោងចក្រដែលពួកគេបម្រើការនោះមិនទាន់បានអនុវត្តទៅនឹងអ្វីដែលក្រសួងបានលើកឡើងនោះទេ។ ពួកគេក៏បានស្នើ និងសង្ឃឹមថាខាងរោងចក្រនឹងអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់ពួកគេ។
លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ ប្រាប់វីអូអេថា នៅចន្លោះខែមីនា និងខែមេសា អាកាសធាតុបានឡើងកម្តៅខ្លាំង ដែលបណ្តាលឱ្យកម្មករនិយោជិតតែងដួលសន្លប់នាពេលកន្លងទៅ។ លោកបន្តថា រោងចក្រនៅកម្ពុជាគឺមានដំបូលពិដានទាប ដែលបង្កឱ្យងាយនឹងឆាប់កើនឡើងកម្តៅ បើទោះបីជាបើកកង្ហារក៏ដោយ។
លោកថ្លែងថា៖ «ដូច្នេះអ្វីដែលជាដំណោះស្រាយ អ៊ីចឹងបានជាគេឱ្យបំពាក់ប្រព័ន្ធ Cooling System ប្រព័ន្ធចំហាយទឹកដើម្បីឱ្យវាកាត់បន្ថយនូវកម្តៅ ហើយរោងចក្រគួរតែបាញ់ទឹកកន្លែងទីធ្លានឹងទៅដើម្បីកាត់បន្ថយកម្តៅពីក្រោមផង និងពីលើផង។ ហ្នឹងបានវាអាចជួយបាន អ៊ីចឹងទេវាមានបញ្ហាធ្ងន់ទៅដល់សុខភាពរបស់កម្មករ»។
លោកក៏ស្នើឱ្យក្រសួងការងារចុះអធិការកិច្ចតាមរោងចក្រនីមួយៗដើម្បីធានាថា រោងចក្រទាំងនោះបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង ដោយលោកបញ្ជាក់ថា រោងចក្រខ្លះអាចនឹងមិនបើកកង្ហារដល់កម្មករនិយោជិត ពីព្រោះតែពួកគេចង់ចំណេញថ្លៃចំណាយលើអគ្គិសនី។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីដើមខែមីនាបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលរងនូវបាតុភូតអែលនីញ៉ូ (El Niño) ដែលធ្វើឱ្យប្រឈមនូវអាកាសធាតុក្តៅហើយស្ងួត ដែលចាប់ពីខែមីនា រហូតដល់ខែឧសភា។ ក្រសួងសុខាភិបាលក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពអំឡុងពេលកម្ពុជាកំពុងជួបប្រទះអាកាសធាតុកើនកម្តៅខ្លាំង ដែលបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅផងដែរ៕
វេទិកាបញ្ចេញមតិ