វីដេអូមួយដែលត្រូវបានបង្ហោះតាមតាមប្រព័ន្ធអ៊ីនធើណិតកាលពីថ្ងៃអាទិត្យបង្ហាញឱ្យឃើញការវាយឆ្មក់រួមគ្នារវាងក្រុមទាហានស.រ.អា.និងក្រុម peshmerga ទៅលើគុកមួយរបស់ក្រុមរដ្ឋឥស្លាម នៅក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់កាលពីសប្តាហ៍មុន ដែលបានរំដោះចំណាប់ខ្មាំង៦៩នាក់។
នៅក្នុងវីដេអូមានរយៈពេលពីរនាទី ដែលត្រូវបានថតពីម៉ាស៊ីនថតដាក់ភ្ជាប់នៅលើមួកមួយ និងត្រូវបានផ្សព្វផ្សាយដោយក្រុមប្រឹក្សាសន្តិសុខតំបន់ Kurdistan ហៅកាត់ថា KRSC គេឃើញក្រុមកុម្ម៉ង់ដូពាក់ឯកសណ្ឋានមួយចំនួនដឹកនាំក្រុមបុរសមួយក្រុមយ៉ាងលឿនពីបន្ទប់មួយទៅបន្ទប់មួយទៀតនៅពេលមានការបាញ់កាំភ្លើងឥតឈប់នៅជិតទីនោះ។
គេបានឮបុរសមា្នក់ស្រែកជាច្រើនដងជាភាសាអារ៉ាប់ថា «លឿនឡើង!» នៅពេលដែលក្រុមទាហានបាននាំអ្នកទោសរាប់សិបនាក់ទៅកាន់ទីសុវត្ថិភាពនៅក្នុងអគារមានកំផែងព័ទ្ធជុំវិញនោះ។
វីដេអូនៃប្រតិបត្តិការរំដោះអ្នកទោសដោយក្រុមទាហានស.រ.អា.និងក្រុម peshmerga
ក្រុមសមាជិកនៃកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ គឺស្ថិតនៅក្នុងចំណោមក្រុមចំណាប់ខ្មាំងដែលត្រូវបានរំដោះពីគុកនៅ Hawijah ខាងលិចក្រុង
ក្រុមប្រឹក្សា KRSC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាម៦នាក់ត្រូវបានចាប់ខ្លួន ហើយ២០នាក់ទៀតបានបាត់បង់ជីវិតក្នុងប្រតិបត្តិការនោះ។
ទាហានស.រ.អា.ម្នាក់គឺលោកពលបាល Joshua L. Wheeler បានស្លាប់នៅក្នុងការវាយឆ្មក់នោះ ហើយលោកជាទាហានអាមេរិកាំងទីមួយ ដែលបានបូជាជីវិតនៅនឹងកន្លែង ក្នុងអំឡុងពេលប្រតិបត្តិការដឹកនាំដោយស.រ.អា.ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី៕