នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំអ៊ីរ៉ាក់នឹងចាប់ផ្ដើមដំណើរការជ្រើសរើសមេបញ្ជាការមួយ ដែលអាចធ្វើជាមេដឹកនាំកណ្ដាល ដើម្បីរៀបចំឲ្យកាន់តែប្រសើរឡើងនូវកងកម្លាំងផ្សេងៗគ្នា ដែលកំពុងវាយប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
អគ្គមេបញ្ជាការយោធាអាមេរិក លោកឧត្ដមសេនីយ៍ Joseph Dunford បាននិយាយកាលពីថ្ងៃអង្គារក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសអ៊ីរ៉ាក់ថា ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវការមនុស្សម្នាក់ ដែលអាចបញ្ជាប្រតិបត្តិការនៅលើសមរភូមិផ្ទាល់បាន ដើម្បីផ្ដល់ការគាំទ្រកាន់តែល្អប្រសើរជាងនេះ។
ខណៈដែលក្រុមសម្ព័ន្ធមិត្ត កំពុងធ្វើការវាយប្រហារតាមអាកាស បណ្ដុំនៃអ្នកប្រយុទ្ធផ្សេងៗគ្នា មកពីកងទ័ពអ៊ីរ៉ាក់ ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីត ក្រុមកុលសម្ព័ន្ធនិកាយស៊ុននី និងកងកម្លាំងឧទ្ទាមឃឺដ សុទ្ធតែកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅផ្នែកផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ាក់ ដោយទទួលបានជោគជ័យខុសៗគ្នា។ ជាទូទៅ ក្រុមរដ្ឋឥស្លាម បានកាន់កាប់ទឹកដីភាគច្រើន ដែលពួកគេវាយយកបាន កាលពីជាងមួយឆ្នាំមុន។
លោក Dunford បានថ្លែងថាលោក នឹងមិនចាត់ទុកស្ថានការណ៍នៅអ៊ីរ៉ាក់ថានៅទ្រឹងនោះទេ ហើយលោក ក៏នឹងមិននិយាយអំពីថេរវេលាជាក់លាក់ណាមួយសម្រាប់ប្រតិបត្តិនោះដែរ។
ជោគជ័យមួយកាលពីពេលថ្មីៗនេះ គឺស្ថិតនៅក្នុងក្រុង Beiji ដែលជាកន្លែងចម្រាញ់ប្រេងដ៏សំខាន់មួយ នៅភាគខាងជើងទីក្រុង Baghdad ដែលនៅទីនោះ មន្ត្រីយោធាអ៊ីរ៉ាក់និងអាមេរិកនិយាយថា កងកម្លាំងអ៊ីរ៉ាក់ បានកាន់កាប់ឡើងវិញទាំងស្រុង ក្រោយពីវាយប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមអស់រយៈពេលជាងមួយឆ្នាំមក៕