ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​ថា អ៊ីរ៉ង់​និង​រុស្ស៊ី​ចាប់ផ្ដើម​វាយ​ប្រហារ​ថ្មី​លើ​ការ​បោះឆ្នោត​អាមេរិក


សន្លឹកឆ្នោត​​បោះ​រួច​ដែល​ត្រូវ​គេ​ផ្ញើ​តាម​ប្រៃសណីយ៍​​ត្រូវ​គេ​បង្ហាញ​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​បោះឆ្នោត​នៃ​ស្រុក Salt Lake រដ្ឋ Utah កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ប្រទេស​អ៊ីរ៉ង់​និង​រុស្ស៊ី​ថា​បាន​ព្យាយាម​ប្រើ​ទិន្នន័យ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី «ប៉ុនប៉ង​ខ្លាំងក្លា» ធ្វើ​ឲ្យ​មាន​ភាព​ចលាចល និង​ភាព​ច្របូកច្របល់​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

លោក John Ratcliffe នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ប្រកាស​ដូច​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​តាម​ទូរស័ព្ទ​ដ៏​បន្ទាន់​មួយ​កាលពី​យប់​ថ្ងៃ​ពុធ ក្នុង​គោលបំណង​ធានា​ជូន​ចំពោះ​ពលរដ្ឋ​អាមេរិកាំង និង​សន្យា​ធ្វើ​ឲ្យ​មាន «ផលវិបាក» ចំពោះ​ប្រទេស​ណា​ដែល​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត។

លោក​និយាយ​ដូច្នេះ​ថា៖ «យើង​បាន​បញ្ជាក់​ថា ព័ត៌មាន​ចុះឈ្មោះ​បោះឆ្នោត​ខ្លះ ត្រូវ​បាន​ប្រទេស​អ៊ីរ៉ង់​ទទួល​បាន ហើយ​រុស្ស៊ី​ក៏​ទទួល​បាន​ដាច់​ដោយ​ឡែក​ពី​នេះ​ដែរ»។ លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​នេះ «បាន​ចាត់​វិធានការ​ជាក់លាក់​ដើម្បី​ជះ​ឥទ្ធិពល​លើ​មតិ​សាធារណៈ​ទាក់ទិន​ទៅ​នឹង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក»។

លោក Ratcliffe មិន​បាន​និយាយ​ថា​តើ​រុស្ស៊ី​ប្រើ​ប្រាស់​ព័ត៌មាន​នេះ​យ៉ាង​ដូចម្តេច​ទេ ក៏​ប៉ុន្តែ​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​ស្ថិត​នៅពី​ក្រោយ​សកម្មភាព​បែប​នេះ​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​មក ដោយ​លោក​បាន​និយាយ​ថា សកម្មភាព​ខ្លះ​គឺ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក​ប្រធានាធិបតី Donald Trump។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​រួច​ហើយ​ថា អ៊ីរ៉ង់​បាន​ផ្ញើ​អ៊ីមែល​ដែល​រៀបចំ​ឡើង​ដើម្បី​គំរាមកំហែង​អ្នក​បោះឆ្នោត ញុះញង់​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក​ប្រធានាធិបតី Trump»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG