ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ទាំង​ពីរ​នឹង​បើក​ការិយាល័យ​ទំនាក់ទំនង​រួម​គ្នា​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ


រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un (ខាងឆ្វេង) និង​ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ទះដៃអបអរសាទរ​ការ​ចេញសេចក្តីប្រកាស​រួម​នៅ​ភូមិ Panmunjom ជាប់​ព្រំដែន ប្រទេសកូរ៉េទាំងពីរ កាល​ពី​ថ្ងៃ​សុក្រ ទី២៧ ខែមេសា ឆ្នាំ​២០១៨។ 
រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un (ខាងឆ្វេង) និង​ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ទះដៃអបអរសាទរ​ការ​ចេញសេចក្តីប្រកាស​រួម​នៅ​ភូមិ Panmunjom ជាប់​ព្រំដែន ប្រទេសកូរ៉េទាំងពីរ កាល​ពី​ថ្ងៃ​សុក្រ ទី២៧ ខែមេសា ឆ្នាំ​២០១៨។ 

ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​នឹង​បើក​ការិយាល័យ​ទំនាក់ទំនង​រួម​គ្នា​មួយ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ឆ្លង​ព្រំដែន។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការិយាល័យ​ថ្មី​នេះ​នឹង​ត្រូវ​បើក​ដំណើរការ​នៅ​ក្នុង​ទីក្រុង Kaesong ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ក្រសួង​នេះ​បាន​បញ្ជាក់​ទៀត​ថា ការិយាល័យ​ទំនាក់ទំនង​នេះ​នឹង​ក្លាយ​ជា «បណ្ដាញ​ប្រឹក្សា និង​ទំនាក់ទំនង ២៤ ម៉ោង​លើ ២៤ ម៉ោង» ដើម្បី «បន្ធូរបន្ថយ​ភាព​តានតឹង​យោធា និង​កសាង​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ»។

ប្រទេស​ទាំង​ពីរ​នឹង​ដាក់​មន្ត្រី​របស់​ខ្លួន​រហូត​ដល់ ២០ នាក់ ដើម្បី​ធ្វើ​ការ​ក្នុង​ការិយាល័យ​ទំនាក់ទំនង​នេះ។

គំនិត​នៃ​ការ​បង្កើត​ការិយាល័យ​នេះ​ឡើង គឺ​កើត​ចេញ​ពី​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In កាល​ពី​ខែ​មេសា។

ការិយាល័យ​នេះ​គ្រោង​នឹង​បង្កើត​ឡើង​តាំង​ពី​ខែ​មុន​ម្ល៉េះ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារតែ​ស្ថានភាព​ជាប់​គាំង​រវាង​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ល្បឿន​នៃ​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ដែល​នេះ​ជា​ការ​សន្យា​របស់​លោក Kim Jong Un នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

ស្ថានការណ៍​នេះ​មាន​ភាព​ប្រសើរ​ឡើង​វិញ បន្ទាប់ពី​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​នឹង​លោក Kim Jong Un នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​សប្ដាហ៍​មុន ដែល​នៅ​ពេល​នោះ​លោក Kim Jong Un បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក Trump ស្នើ​សុំ​ជួប​ពិភាក្សា​ជា​លើក​ទី​ពីរ៕

XS
SM
MD
LG