ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ពិចារណា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​គ្មាន​យោធា DMZ នៅ​ព្រំដែន​កូរ៉េ​ទាំង​ពីរ ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាស៊ី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ឡើង​ជិះ​យន្តហោះ Air Force One កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅ​ក្នុង​បន្ទាយ​ទ័ពអាកាស Andrews។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ឡើង​ជិះ​យន្តហោះ Air Force One កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅ​ក្នុង​បន្ទាយ​ទ័ពអាកាស Andrews។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​គ្មាន​យោធា ដែល​ហៅ​ថា DMZនៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចំនួន ៥ នៅ​ទ្វីប​អាស៊ី ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Trump បាន​និយាយ​ដូច្នេះ​ប្រាប់​អ្នក​សារព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដោយ​ផ្ទាល់​ដែល​សួរ​ថា​តើ​ដំណើរ​ទស្សនកិច្ច​ដូច​នេះ​ដែល​ស្រដៀង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​ដែល​លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ អាច​ត្រូវ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​យល់​ឃើញ​ថា​ជា​ការ​បង្កហេតុ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ប៉ាន់ស្មាន​ថា លោក Trump អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ DMZ នេះ។

លោក Christopher Hill អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​និយាយ​ថា៖ «កន្លង​មក ប្រធានាធិបតី​អាមេរិក​គ្រប់​រូប​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់ DMZ នេះ ដូច្នេះ​ប្រធានាធិបតី Trump ក៏​គួរតែ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នោះ​ដែរ‍»។

លោក Ned Price អតីត​ប្រធាន​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​ជា​អតីត​ជំនួយការ​របស់​ប្រធានាធិបតី Barack Obama ឯកភាព​ចំពោះ​បញ្ហា​នេះ ដោយ​លោក​បាន​បន្ថែម​ថា កូរ៉េ​ខាង​ជើង​អាច​នឹង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​ណា​មួយ​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់ DMZ នោះ ថា​ជា​ការ​បង្កហេតុ‍។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចំនួន ៥ នៅ​ទ្វីប​អាស៊ី​លើក​នេះ លោក Trump នឹង​ស្វះស្វែង​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ថែម​ទាំង​ធ្វើ​ការ​ជំរុញ​ឲ្យ​មាន​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG