ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ គង់ សភា​ ស្នើសុំ​ការ​លើក​លែង​ទោស​តាម​រយៈ​លោក​ ហ៊ុន ម៉ាណែត ​ដើម្បី​បាន​មក​ជួប​ជុំ​គ្រួសារ


លោក គង់ សភា (ឆ្វេង) និង​លោក ញ៉យ ចំរើន (ស្តាំ) សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥។ (រូបថត​ពី​គេហទំព័រFacebook លោក ញ៉យ ចំរើន)
លោក គង់ សភា (ឆ្វេង) និង​លោក ញ៉យ ចំរើន (ស្តាំ) សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥។ (រូបថត​ពី​គេហទំព័រFacebook លោក ញ៉យ ចំរើន)

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ គង់ សភា​ បាន​ស្នើ​សុំ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ ឱ្យ​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​សុំ​ការ​ប្រោស​ប្រទាន​ការ​លើក​លែង​ទោស​ ដែល​តុលាការ​ប្រទេស​កម្ពុជា​បាន​សម្រេច​កន្លង​មក​ ដើម្បី​អាច​វិល​ត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​កំណើត​វិញ។ នេះ​បើ​តាម​លិខិត​របស់​អតីត​តំណាង​រាស្ត្រ​រូប​នេះ។​

អតីត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​លោក​ គង់ សភា​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​រស់​នៅ​ប្រទេស​កាណាដា​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ ​គិត​ចាប់​តាំង​ពី​មុន​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​ដោយ​តុលាការ​កំពូល​កម្ពុជា​ពី​បទក្បត់​ជាតិ។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ ដែល​បាន​ផ្ញើ​ជូន​លោក​ហ៊ុន ម៉ាណែត​ពី​ប្រទេស​កាណាដា​ លោក​ គង់ សភា​ ថ្លែង​ថា ​លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ ដែល​រាល់​ទង្វើ​ និង​សកម្មភាព​មួយ​ចំនួន​កន្លង​ទៅ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ សន្តិភាព​ ស្ថិរភាព​ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា។​

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​បាទ​មាន​សង្ឃឹម​ជឿជាក់​ថា​ សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី​ នឹង​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​ខ្ញុំ​បាន​រួចផុត​ពី​ទោស​ទណ្ឌ​ទាំង​ឡាយ​ ដើម្បី​អាច​វិល​ត្រឡប់​ចូល​ទៅ​កាន់​មាតុ​ប្រទេស​វិញ​ និង​ជួប​ជុំ​គ្រួសារ​មើល​ថែ​ឮ​ឪពុក​ម្តាយ​ចាស់​ជរា​ដោយ​ក្តី​មេត្តា​បំផុត»។​

លោក​ ហ៊ុន ម៉ាណែត​ ដែល​ឡើង​កាន់​អំណាច​បាន​ជិត​៨​ខែ​បាន​ស្វាគមន៍​លោក ​គង់​ សភា​ បន្ទាប់​ពី​ទទួល​បាន​លិខិត​សុំ​អភ័យ​ទោស​របស់​លោក​គង់ សភា​ ហើយ​ថា ​លោក​នឹង​ចាត់​ចែង​តាម​នីតិ​វិធី​ដើម្បី​ឱ្យ​អតីត​តំណាង​រាស្ត្រ​បក្ស​ជំទាស់​រូបនេះ​អាច​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ គង់ សភា​ បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ឆន្ទៈខ្មែរ​ និង​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ​គង់ សភា ​គឺ​លោក​ គង់ ម៉ូនីកា ​យល់​ថា​ នេះ​សញ្ញា​វិជ្ជមាន​សម្រាប់​អ្នក​នយោបាយ​នៅ​កម្ពុជា​ ក្នុង​ការ​អត់​ឱន​ និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា។​ លោក​ថា​ វា​ក៏​ជា​ការ​បើក​ផ្លូវ​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​អ្នក​នយោបាយ​មក​ពី​គ្រប់​និន្នាការ។​

លោក​ថា៖​ «ខ្ញុំ​ជឿ​ជាក់​ថា​ វា​ជា​ការ​បើក​ផ្លូវ​មួយ​ល្អ​សម្រាប់​អ្នក​នយោបាយ ឬ​សកម្មជន​នយោបាយ​ផ្សេងៗ​ទៀត​ដែល​មាន​បំណង​ចង់​ចូល​មក​ក្នុង​ប្រទេស​ហើយ​បម្រើ​ប្រជា​ពលរដ្ឋ​វិញ។​ ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​ល្អ​ហើយ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​រៀបចំ​ ឬ​ក៏​ការ​ជំរុញ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ការ​ឯកភាព​ជាតិ​ឡើង​វិញ​ផង​ដែរ»។​

លោក​ គង់ សភា​ ស្ថិត​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ជា​ច្រើន​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​ក្រោយ​ពេល​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ គឺ​លោក​ កឹម សុខា ​កាល​ពីខែ​កញ្ញា​ ឆ្នាំ​២០១៧​ពីបទ​សង្ស័យ​ថា​ បាន​ឃុប ឃិត​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច។​

លោក​ គង់​ សភា​ ដែល​ជា​កូនប្រុស​របស់​លោក​ គង់ គាំ​ និង​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មួយ​រូប​ទៀត​គឺ​លោក ​ញ៉យ​ ចំរើន ​ធ្លាប់​រង​ការ​វាយដំ​ពី​សមាជិក​នៃ​កង​អង្គរក្ស​លោក ​ហ៊ុន សែន ​នៅ​ក្រៅ​រដ្ឋសភា​កាលពី​ឆ្នាំ​២០១៥។​ អង្គរក្ស​៣​នាក់​របស់​បញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក ​ហ៊ុន សែន​ បាន​សារភាព​ថា​ ពួក​គេ​បាន​វាយ​តប់​ទាត់​ធាក់​លោក ​គង់ សភា ​និង​លោក​ ញ៉យ ចំរើន ​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ប៉ុន្តែ​ពួក​គេ​ជាប់​ពន្ធនាគារ​តែរយៈ​ពេល​ខ្លី​ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ដំឡើង​ឋាន្តរ​ស័ក្តិ​បន្ទាប់ពី​ចេញ​ពី​ពន្ធនាគារ។​

កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កក្កដា ​ឆ្នាំ​២០២៣ ​លោក ​គង់ សភា ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​ ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ ព្រម​ទាំង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ​និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ចំនួន​ ២០​ឆ្នាំ។​ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG