ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តែងតាំង​ប្អូនប្រុស​អភិបាល​ខេត្ត​កោះកុង​ជា​អភិបាល​ក្រុង​ខេមរភូមិន្ទ​រង​ការ​រិះគន់


លោក ភូថង សេរីវុឌ្ឍី ដែលត្រូវជាប្អូនប្រុសរបស់អភិបាលខេត្តកោះកុង ត្រូវបានតែងតាំងជាអភិបាលក្រុងខេមរភូមិន្ទ កាលពីពេលថ្មីៗនេះ។ (Facebook / Phouthang sereyvuthy)
លោក ភូថង សេរីវុឌ្ឍី ដែលត្រូវជាប្អូនប្រុសរបស់អភិបាលខេត្តកោះកុង ត្រូវបានតែងតាំងជាអភិបាលក្រុងខេមរភូមិន្ទ កាលពីពេលថ្មីៗនេះ។ (Facebook / Phouthang sereyvuthy)

លោក​ ភូថង សេរីវុឌ្ឍី ​ ដែល​ជា​ប្អូន​ប្រុស​របស់​អ្នកស្រី ​មិថុនា ភូថង ​អភិបាល​ខេត្ត​កោះកុង ​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ក្រុង​ខេមរ​ភូមិន្ទ​នៃ​ខេត្ត​កោះកុង ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​ប៉ុន្តែ​ការ​តែង​តាំង​នេះ​រង​ការ​រិះគន់​ថា​ ជា​ការ​តែង​តាំង​សែ​ស្រឡាយ ​និង​ជា​ការ​បង្អាក់​ទឹក​ចិត្ត​ដល់​មន្រ្តី​ដែល​ខិត​ខំ​ធ្វើ​ការ ​និង​មាន​សមត្ថភាព ​ប៉ុន្តែ​មិន​មាន​សែ​ស្រឡាយ​ដូច​គេ។​

លោក ​ភូថង សេរីវុឌ្ឍី ​ជា​អតីត​អភិបាល​ស្រុក​ស្រែ​អំបិល​ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ក្រុង​ខេមរ​ភូមិន្ទ​ជំនួស​លោក​ ប្រាក់ វិចិត្រ ​ដែល​បាន​ក្លាយ​ជា​ក្រុម​ប្រឹក្សា​ក្រុង​ខេមរ​ភូមិន្ទ។​ លោក​ សេរីវុឌ្ឍី ​បាន​ទទួល​តំណែង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤។​

លោក ​អ៊ូ ច័ន្ទរ័ត្ន ​ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា ​និង​ជា​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ មើល​ឃើញ​ថា ​កម្ពុជា​នៅ​ប្រើ​ប្រាស់​ប្រព័ន្ធ​ចូល​តាម​ខ្សែ​បក្ខ​ពួក​ ខណៈ​កម្ពុជា​មិន​មាន​ច្បាប់​ហាម​ឃាត់​ក្នុង​ការ​តែង​តាំង​សែ​ស្រឡាយ​អ្នក​មាន​អំណាច​ឱ្យ​កាន់​អំណាច​ធំៗ​ឡើយ។​ លោក​បន្ត​ថា​ ការ​តែង​តាំង​សែ​ស្រឡាយ​អាច​បង្ក​ឱ្យ​មាន​អំពើ​ពុក​រលួយ​ ភាព​អសកម្ម​ ការ​ងារ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ និង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ឱកាស​បម្រើ​ប្រជា​ពលរដ្ឋ​របស់​យុវជន​ ឬ​អ្នក​មាន​សមត្ថ​ភាព ​បញ្ញវន្ត​នានា​ដែល​មាន​បទ​ពិសោធន៍​ ចំណេះ​ដឹង​ខ្ពស់ ​និង​បុគ្គល​ដែល​ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព។​

លោក​ថ្លែង​ថា៖​ «ជា​ទូទៅ​បើ​សិន​ជា​មាន​ការ​តែង​តាំង​សែ​ស្រឡាយ​តាំង​ពី​លើ​រហូត​ដល់​ក្រោម​បែប​នេះ​ វា​បង្ក​ឱ្យ​មាន​អំពើ​ពុក​រលួយ​ អំពើ​អសកម្ម​ច្រើន ​ធ្វើ​ឱ្យ​កិច្ច​ការ​នឹង​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ ​ហើយ​បង្ក​បញ្ហា​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​បែប​ហ្នឹង»។​

ចំណែក​លោក​ ឡាំ សុជាតិ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យា​ស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ ​យល់​ឃើញ​ថា ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​ មាន​ការ​តែង​តាំង​មន្ត្រី​វ័យ​ក្មេង​ជា​ច្រើន​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់។ ​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​ស្នាដៃ​ការងារ​របស់​លោក​ ភូថង សេរីវុឌ្ឍី​ ដែល​ជា​អភិបាល​ថ្មី​នៃ​ក្រុង​ខេមរ​ភូមិន្ទ​នៅ​ឡើយ​ទេ ​ទាល់​តែ​លោក​បំពេញ​ការងារ​មួយ​រយៈ​សិន។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​ការ​អនុវត្ត​បាន​ពេញ​លេញ​ប៉ុណ្ណា ​ទាល់​តែ​ទុក​ពេល​ឱ្យ​គាត់​ធ្វើ​សាក​មើល។ ​ ប៉ុន្តែ​រឿង​យើង​ថា ​សាច់​ញាតិ​បង​ប្អូន​ វា​មិន​មែន​ត្រឹម​តែ​ករណី​គាត់​មួយ​ទេ ។​ថ្នាក់​ក្រសួង​ក៏​យើង​ឃើញ​ច្រើន»។​

លោក ​ឡាំ សុជាតិ ​បន្ត​ថា ​ការ​តែង​តាំង​សែ​ស្រឡាយ ​ដូច​ករណី​លោក ​ភូថង សេរីវុឌ្ឍី​នេះ ​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ពាក់​ព័ន្ធ​នឹង​បញ្ហា​ដូចជា​ជម្លោះ​តួនាទី ​និង​ផល​ប្រយោជន៍​ផ្សេងៗ ​លោក​ ឡាំ សុជាតិ​ អះអាង​ថា ​អភិបាល​ក្រុង​ថ្មី​ដែល​ជា​ប្អូន​ប្រុស​អភិបាល​ខេត្ត​ត្រូវ​បង្ហាញ​សមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ដឹកនាំ ​និង​ធានា​តម្លាភាព​ការងារ។​

អ្នកស្រី ​មិថុនា ភូថង ​អភិបាល​ខេត្ត​កោះកុង ​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ប្អូន​ប្រុស​របស់​អ្នកស្រី​មាន​បទ​ពិសោធន៍​ការងារ​រដ្ឋបាល ​តាំង​ពី​ថ្នាក់​ស្រុក​ស្រែ​អំបិល​ និង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច។ ​អ្នកស្រី​បន្ថែម​ថា​ ការ​តែង​តាំង​ប្អូន​ប្រុស​ជា​អភិបាល​ក្រុង​ខេមរ​ភូមិន្ទ​មិន​មែន​ជា​ការ​សម្រេច​របស់​អ្នកស្រី​ទេ ​គឺ​ជាការ​សម្រេច​របស់​ថ្នាក់​លើ​ក្នុង​នោះ​មាន​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក​ ស សុខា ​និង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​ផង​ដែរ។​

អ្នក​ស្រី ​មិថុនា ​ភូថង ​អះអាង​ថា​ បើ​ទោះជា​អ្នកស្រី​ត្រូវ​ជា​បង​ស្រី​របស់​លោក​ ភូថង សេរីវុឌ្ឍី​ ប៉ុន្តែ​លោក ​ភូថង សេរីវុឌ្ឍី ​ត្រូវ​បំពេញ​ការងារ​តាម​ឋានានុ​ក្រម​របស់​លោក​ជា​អភិបាល​ក្រុង​ខេមរ​ភូមិន្ទ​ ហើយ​អ្នកស្រី​ត្រូវ​បំពេញ​តួនាទី​របស់​អ្នកស្រី​ជា​អភិបាល​ខេត្ត។​

អ្នកស្រី​ថ្លែង​ថា៖ ​«គាត់​(លោក​ ភូថង សេរី​វុឌ្ឍី)​ធ្វើ​ការ​តាម​ឋានានុ​ក្រម​របស់​គាត់។​ រី​ឯ​ខ្ញុំ​ក៏​ធ្វើ​ការ​តាម​មុខងារ​របស់​ខ្ញុំ​ដែរ។​ តំណែង​នឹង​គឺ​គណៈ​អភិបាល​ក្រុង ​អភិបាល​ស្រុក​ហ្នឹង ​គឺ​មិន​ស្ថិត​ថេរ​ទេ​ គឺ​មាន​រយៈ​ពេល ​៤ ​ឆ្នាំ ​ហើយ​នឹង​វិល​តែ​រហូត​ទេ​ចា៎។​ ៤ ឆ្នាំ​ បើ​សិន​ធ្វើ​មាន​ប្រសិទ្ធ​ភាព ​គេ​បន្ត​ឱ្យ​ ៤ ​ឆ្នាំ​ទៀត។ ​បើ​អត់​មាន​ប្រសិទ្ធ​ភាព​គឺ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ហើយ​ចា៎»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​ ៧ ​ខែ​កញ្ញា ​ក្រោយ​ទទួល​តំណែង​អភិបាល​ក្រុង​ខេមរ​ភូមិន្ទ​ជា​ផ្លូវ​ការ​ លោក ​ភូថង សេរីវុឌ្ឍី ​បាន​ថ្លែង​អំណរ​គុណ​ និង​សូម​សម្ដែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជា​ទី​បំផុត​ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ លោក​ ស សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ថុង ណារុង ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​និង​អ្នកស្រី ​មិថុនា ភូថង ​អភិបាល​ខេត្ត ​និង​ត្រូវ​ជា​បងស្រី​របស់​លោក​«ដែល​ផ្ដល់​សេចក្ដី​ទុកចិត្ត​តែង​តាំង»​លោក​ជា​អភិបាល​ក្រុង​ខេមរ​ភូមិន្ទ។​ នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​ភូថង សេរីវុឌ្ឍី៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG