ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានរណសិរ្ស​រំដោះជាតិ​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​​ដាណឺម៉ាក​វិញ បន្ទាប់ពី​សមត្ថកិច្ច​ខ្មែរ​​ស្នើ​ថៃ​ឲ្យ​បញ្ជូន​ខ្លួន​មក​កម្ពុជា


លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ (រូបដកស្រង់ពីទំព័រហ្វេសប៊ុក Sam Serey)
លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ (រូបដកស្រង់ពីទំព័រហ្វេសប៊ុក Sam Serey)

បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ពុធ និង​ត្រូវ​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ឲ្យ​មក​ទទួល​ទោស​នៅ​កម្ពុជា លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ កាល​ពី​ថ្ងៃ​សុក្រ​ បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក​វិញ ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដាណឺម៉ាក និង​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន។

លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទៅ​ដល់​ទឹក​ដី​ប្រទេស​ដាណឺម៉ាក​វិញ​ហើយ​ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ បរាជ័យ​ក្នុង​ការ​ស្នើ​ឲ្យ​សមត្ថកិច្ច​ថៃ​បញ្ជូន​ខ្លួន​លោក ឲ្យ​មក​ទទួល​ទោស​នៅ​កម្ពុជា​ពី​បទ​«ភេវរកម្ម»។

លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា «ភេរវករ» និង​ជា​ជន​ក្បត់​ជាតិ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ដាណឺម៉ាក ទៅ​កាន់​ប្រទេស​ថៃ កាលពី​ខែ​មករា ឆ្នាំ​២០១៨ នេះ ដើម្បី​ជួប​ជាមួយ​សមាជិក​ចលនា​របស់​លោក​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​លោក​ស្នើ​សុំ​បន្ត​ទិដ្ឋាការ។

លោក សម សេរី ប្រាប់ VOA នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា លោក​បាន​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក នា​រសៀល​ថ្ងៃ​សុក្រ បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​អស់​រយៈ​ពេល​មួយ​ថ្ងៃ ដោយ​អះអាង​ថា ឈ្មោះ​របស់​លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចាប់​បញ្ជូន​លោក​មក​កម្ពុជា។

លោក​បន្ថែម​ថា ខណៈ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន រដ្ឋាភិបាល​ដាណឺម៉ាក អង្គការ​សហប្រជាជាតិ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​អន្តរាគមន៍​ ឲ្យ​បញ្ជូន​លោក​ទៅ​កាន់​ប្រទេស​ដាណឺម៉ាក​វិញ។

លោក​បញ្ជាក់​ថា៖

«ស្ថានទូត​ប្រទេស​ដាណឺម៉ាក ​គាត់​បាន​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ គឺ​ថា​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​បញ្ជូនខ្ញុំ​ទៅ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ទេ ព្រោះ​ថា​ខ្ញុំ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​ទទួល​ទោស​របស់​រដ្ឋាភិបាល​ខ្មែរ។ អញ្ចឹង​ហើយ​បើ​ខ្ញុំ​ទៅ​គឺ​ច្បាស់​ជា​គេ​ចាប់​ដាក់​ពន្ធនាគារ ឬ​ក៏​គេ​សម្លាប់​ដូច​ប្អូន​ខ្ញុំ។ អញ្ចឹង​ហើយ​គេ​ធ្វើ​ម៉េច​គេ​អន្តរាគមន៍ មិន​ឲ្យ​អាជ្ញាធរ​ថៃ​ហ្នឹង​បញ្ជូនខ្ញុំ​ទៅ​ប្រទេស​ខ្មែរ​វិញ ហើយ​ចាំបាច់​ឲ្យ​បញ្ជូន​មក​ប្រទេស​ដាណឺម៉ាក»។

លោក សម សេរី ហៅ យាន យៀប ជា​ប្រធាន​ចលនា «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ» ដែល​ជ្រកកោន​ក្នុង​ប្រទេស​ដាណឺម៉ាក និង​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជាង​១០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​៩ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ដើម្បី​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៤។

កាលពី​ថ្ងៃ​ទី១០ ខែ​មេសា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា «មេ​ភេរវករ»​នោះ បាន​រៀប​គម្រោង​បំផ្ទុះ​គ្រាប់​បែក​ចំនួន​២​កន្លែង ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។ ប៉ុន្តែ​លោក​ ហ៊ុន សែន អះអាងថា លោក​បាន​ដឹង​គម្រោង​នេះ និង​ទប់ស្កាត់​បាន​ទាន់​ពេល។

ក្រោយ​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​លោក សម សេរី កាលពី​ថ្ងៃ​ពុធ​បាន​មួយ​ថ្ងៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ សមត្ថកិច្ច​កម្ពុជា​ ក៏​បាន​ដាក់​លិខិត​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ បញ្ជូនលោក សម សេរី មក​ទទួល​ទោស​ពី​បទ «ភេរវកម្ម» ដែល​ត្រូវ​បានតុលាការ​កាត់​ទោស​កាលពី​ឆ្នាំ​២០១៤។

នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់ VOA ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​បញ្ជូន​លោក សម សេរី ទៅ​ប្រទេស​ដាណឺម៉ាក​វិញ​នៅ​ឡើយ។

ទោះ​យ៉ាង​ណា ​លោក​ថា លោក​សោកស្ដាយ​ដែល​មិន​បាន​ចាប់​ខ្លួន​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​រូប​នេះ​ ឲ្យ​មក​ទទួល​ទោស។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​អ្នក​សុំ​ទៅ​រដ្ឋាភិបាល​ថៃ សមត្ថកិច្ច​ថៃ ហើយ​បើ​គេ​មិន​ប្រគល់​ឲ្យ​យើង​ មិន​ដឹង​ធ្វើ​ម៉េច ជា​សិទ្ធិ​របស់​គេ។ យើង​ស្ដាយ​វា​ស្ដាយ​ហើយ ប៉ុន្តែ​វា​មាន​ទៅ​មាន​មក​តើ។ ធម្មតា​ជិត​ខាង​គ្នា យើង​ត្រូវ​តែ​ជួយ​គ្នា។ ជួនកាល​គេ​ពឹង​យើង ជួនកាល​យើង​ពឹង​គ្នា គ្រាន់​តែថា​យើង​មាន​ការ​សោកស្ដាយ​ដែរ។ លើក​នេះ​មិន​បាន សម សេរី លើក​នេះ​បាន​នរណា​ផ្សេង​ទៅ»។

បើ​តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នា​ពេល​កន្លង​មក​បញ្ជាក់​ថា ចលនា «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ» នេះ មាន​គោល​បំណង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​បញ្ជូន​ភ្នាក់​ងារ​សម្ងាត់​មក​ស៊ើប​ទី​តាំង​យោធា​សំខាន់ៗ ហើយ​និង​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ប្រមុខ​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ហ្វឹកហាត់​កម្លាំង​ភេរវកម្ម ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយដែន​ប្រទេស​ថៃ និង​កសាង​បណ្ដាញ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​មេខ្លោង​ដែល​នៅ​ក្រៅ​ប្រទេស៕

XS
SM
MD
LG