ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូ​រដ្ឋាភិបាល ភ្ជាប់​លោក សម រង្ស៊ី ទៅ​នឹង​ក្រុម​ដែល​រដ្ឋាភិបាល​ថា​មាន​គម្រោង​ដាក់​គ្រាប់​បែក​នៅ​កម្ពុជា


រូបឯកសារ៖ ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​ «ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)
រូបឯកសារ៖ ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​ «ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)

បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ឯកសារ​ការពារ​ចំណាត់​ការ​បង្ក្រាប​ផ្សេងៗ​​ ក៏​ដូច​ជា​​​ឯកសារ​រាប់​សិប​ទំព័រ​ ​រួម​ជាមួយ​នឹង​វីដេអូ​ប្រវែង​ជិត​មួយ​ម៉ោង​ស្ដីពី​បដិវត្តន៍​ពណ៌ ​នៅ​ដើម​សប្ដាហ៍​នេះ​ ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ចេញ​វីដេអូ​មួយ​ទៀត​ ​ដោយ​បាន​ចាត់​ទុក​អតីត​បក្ស​ប្រឆាំង​ ​និង​ចលនា​នានា​ដែល​រិះគន់​​រដ្ឋាភិបាល​ថា​ ជា​«​ក្រុម​ចលនា​ដែល​​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ»។

រដ្ឋាភិបាល ​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ ​ដោយ​អះអាង​ថា​ ​លោក​ ​សម រង្ស៊ី​ ​មាន​ទំនាក់​ទំនង​ស្អិតល្មួត​ជាមួយលោក​ ​សម សេរី​ ​ប្រធាន​ចលនារណសិរ្ស​រំដោះ​ជាតិ​ ​ហើយ​បានឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ដើម្បី​ប្រឆាំងរាជ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។​

​វីដេអូដែល​ត្រូវ​បាន​ផ្សាយលើ​គេហទំព័រ​របស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ​ដែល​មាន​ចំណងជើង​ថា​ ​«ក្រុម​ចលនា​ដែល​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ»​ ​បាន​ហៅ​អតីត​គណ​បក្ស​ប្រឆាំង​ ​និង​ចលនា​ផ្សេងៗ​ទៀត​ដែល​តែង​រិះគន់​រដ្ឋាភិបាល​ ​ថា​ជា​ក្រុម​ភេរវករ​ ​និង​ប្ដេជ្ញា​ទប់ស្កាត់​ ​និងកម្ទេច​ចលនាទាំង​នោះ​មិន​ឲ្យ​កើតមាន។​

ក្នុង​វីដេអូ​រយៈពេល​ជាង​១៨​នាទី​នោះ​ ​បាន​លើកឡើង​ពី​សុខ​សន្តិភាព​ ​និង​ការ​រីកចម្រើន​នៅ​កម្ពុជា​ដែល​មាន​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ជា​អ្នក​ដឹកនាំ​ប្រទេស​ ​ប៉ុន្តែ​មាន​ការ​ជ្រៀតជ្រែក​របស់​ចលនា​ឧទ្ទាម​មួយ​ចំនួន​ដែលក្នុង​វីដេអូ​នោះ​បញ្ជាក់​ថា​ ​ជា​ចលនា​សហការ​ជាមួយ​បរទេស​ ដែល​មាន​ចេតនា​ទុច្ចរិត ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ខុស​ច្បាប់។​

វីដេអូ​នោះ​ មាន​បង្ហាញ​ពីរូបភាព​របស់​លោក​ ​សម រង្ស៊ី​ ​ដឹកនាំ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ​និង​ដើម​ឆ្នាំ២០១៤​ ​ដែល​ឈាន​ដល់​មាន​អំពី​ហិង្សា​នៅលើ​កំណាត់​ផ្លូវ​វេងស្រេង​ ​និង​បណ្ដាល​ឲ្យ​កម្មករ​យ៉ាង​តិច​៤​នាក់​ស្លាប់​ ​និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស និង​ត្រូវ​បាន​ចាប់​ខ្លួន​។

អ្នក​អត្ថាធិប្បាយក្នុង​វីដេអូ​នោះ​បញ្ជាក់​ថា៖​

«សុខ​សន្តិភាព​នេះ​ ​តែងតែ​មាន​ការ​រំខាន​ពី​ក្រុម​ចលនាឧទ្ទាម​មួយ​ចំនួន​តែងសហការ​ជាមួយ​បរទេស​បង្កើត​ចលាចល​ ​បង្ក​ភាព​វឹកវរ​ម្ដង​ហើយ​ម្ដង​ទៀត​ ​ក្រោមមហិច្ឆតាដណ្ដើម​អំណាច​ផ្លូវ​កាត់​ ​ចង់​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត។​ ​តែ​ទោះ​ជា​យ៉ាង​ណា​ ​ចេតនា​ទុច្ចរិត​ទាំង​នោះ​មិន​បាន​សម្រេច​នោះ​ទេ​ ​ក្រោម​ការដឹកនាំ​របស់​ស្ថាបនិក​សន្តិភាព​ ​សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ​ហ៊ុន សែន​ ​លោក​មិន​អនុញ្ញាត​ឲ្យ​ជន​ទុច្ចរិត​ទាំង​នោះ​ ​ឆក់ប្លន់សន្តិភាព​ដែល​យក​អាយុជីវិត​របស់​វីរជន​ខ្មែរ​ដែល​ប្ដូរ​មក​នោះ​ ​បាន​ជា​ដាច់​ខាត»។​

វីដេអូ​ដដែល​នោះ​ ក៏​បាន​លើកឡើងពី​ការប្រកាសរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ចំពោះ​ការ​រៀប​គម្រោង​បំផ្ទុះ​គ្រាប់បែក​ចំនួន​២​កន្លែង ​ក្នុង​ឱកាស​ថ្ងៃ​ចូលឆ្នាំ​ថ្មី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ ​ដែល​លោក​ ​ហ៊ុន សែន ​ថា​ ​ជា​គម្រោង​របស់​លោក​ ​សម សេរី​ ​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ «​មេ​ភេរវករ​»​ ​ព្រម​ទាំង​បានចាក់​ផ្សាយខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ ​ដែលថា​ជា​សំឡេង​ទាក់ទង​គ្នា​របស់​ក្រុម​ភេរវករក្នុង​ការ​រៀប​គម្រោង​ដាក់​គ្រាប់​បែក​ជាដើម។​

​វីដេអូ​នោះ ​ក៏បាន​លើកឡើង​ពី​ទំនាក់​ទំនង​រវាង​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង និង​ជា​ប្រធានចលនា​សង្គ្រោះ​ជាតិ​ ​ជាមួយ​លោក​ ​សម សេរី​ ​ថា​បានរៀបចំ​កម្លាំង​បង្កប់​ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​ ​និង​ថា​ ​លោក​ ​សម សេរី​ ​មាន​ទំនាក់ទំនង​ជាមួយ​លោក​ ​សម រង្ស៊ី​ ​យ៉ាង​ស្អិតល្មួត​ ​និង​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ដើម្បី​ប្រឆាំងរាជរដ្ឋាភិបាល​កម្ពុជា​ ​ដោយ​រួមមាន​ទាំង​ការ​ជួយ​ជាមួយជន​បរទេស​មួយ​ចំនួនផង​ដែរ។​

វីដេអូ​នេះ បញ្ជាក់​ក្រោយ​រៀបរាប់​ពី​ទំនាក់​ទំនង​ផ្សេងៗ​រវាង​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​សម សេរី​ ​ថា៖​

​«ភស្តុតាង​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​ក្រុម​ចលនា​ឧទ្ទាម​ក្បត់ជាតិ​ដឹកនាំ​ដោយ​ ​សម រង្ស៊ី​ ​និង​ ​សម សេរី​ ​និង​បក្ខពួក​ពិត​ជា​បាន​សហការ​គ្នា​ជា​ប្រព័ន្ធ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​បរទេស​ ​ពិតជា​មាន​ចេតនា​បំផ្លាញ​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ក្នុង​មហិច្ឆតា​ដណ្ដើម​អំណាច​ឲ្យ​ខាង​តែ​បាន​ បើ​ទោះបី​ជា​អំពើ​ទាំង​នោះ​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ ឬ​នាំ​ឲ្យ​ប្រទេស​ជាតិ​វឹកវរ​ចលាចល​យ៉ាង​ណា​ក្ដី។​

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​យ៉ាង​ខ្លី​ថា៖

«ខ្ញុំ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​ ​វា​គ្មាន​មូលដ្ឋាន​អ្វី​ទាល់តែសោះ​ ​ហើយ​អ្នក​ដែល​បង្កើត​វីដេអូ​នេះ​គឺ​ឆ្កួត​លីលា»។

វីដេអូ​ដែល​មាន​និយាយ​ពី​ចលនា​ផ្សេងៗ​មួយ​ចំនួន​ទៀត​នោះ​ រដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ថា​លោក​ ​សម សេរី​ ​ក៏​បាន​សហការ​គ្នា​ជាមួយ​លោក​ ​សួន សេរីរដ្ឋា​ ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ក្រោយ​រង​ការ​ចោទ​ពី​បទ​បង្ខូច​ទឹកចិត្ត​កងទ័ព​ ​ថា​បាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​បាន​ដុត​ទង់ជាតិ​វៀតណាម​ជាដើម។

VOA​ ​បាន​ព្យាយាម​ទាក់ទង​លោក សម សេរី ប្រធាន​ចលនា ​«រណសិរ្ស​រំដោះ​ជាតិ»​ ​ដែល​កំពុង​រស់នៅ​បរទេស​នោះ ប៉ុន្តែ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ទេ។

ឈ្មោះ​ ​សម សេរី ​ហៅ​ ​យាន យៀប​ ​ជា​ប្រធាន​ចលនា​មួយ​ឈ្មោះ​ ​«រណសិរ្ស​រំដោះ​ជាតិ»​ ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក និង​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជាង​១០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ​ ​ទៅ​៩ឆ្នាំ​ ​ពី​បទ​រួម​គំនិត​ក្បត់ ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាលពី​អំឡុង​ឆ្នាំ​២០១៤។

ចលនា​ ​«រណសិរ្ស​រំដោះ​ជាតិ»​ ​នេះ​ ​មាន​គោល​បំណង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ខុស​ច្បាប់​ និងបញ្ជូន​ភ្នាក់ងារ​សម្ងាត់​មក​ស៊ើប​ទីតាំង​យោធា​សំខាន់ៗ​ ហើយ​និង​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ប្រមុខ​រាជ​រដ្ឋាភិបាល​ ​ព្រមទាំង​ហ្វឹកហាត់​កម្លាំង​ភេរវកម្ម​ ​ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយ​ដែន​ប្រទេស​ថៃ​ ​និង​កសាង​បណ្ដាញ​នៅ​កម្ពុជា ​ដើម្បី​ប្រមូល​ព័ត៌មាន ​និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​មេខ្លោង​ដែល​នៅ​ក្រៅ​ប្រទេស។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​នា​ពេល​កន្លង​មក។​

ក្រៅតែ​ពី​ការ​រៀបរាប់​ពី​សកម្មភាព​ផ្សេងៗ​ដែល​រដ្ឋាភិបាល​ហៅ​ថា​ជា​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល ​វីដេអូ​នោះ​ ​ក៏​បាន​បង្ហាញ​ពី​ការប្រើប្រាស់​គ្រឿង​សព្វាវុធ​ទំនើបៗ​របស់​កង​យោធពល​ខេមរភូមិន្ទ​ជា​ច្រើន​ ដោយ​មានការប្ដេជ្ញាបំផ្លាញ​ផែនការ​ទុច្ចរិត​របស់​ចលនា​ទាំងនោះ តាម​គ្រប់​រូបភាព ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព​ ​និង​ការពារ​រដ្ឋ​ធម្មនុញ្ញ។​

លោក​ ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​នៃ​មហា​វិទ្យា​ល័យ​ ​Occidental​ ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​និង​ជា​អ្នកវិភាគ​គោល​នយោបាយ​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ថា​ ជា​ធម្មតា​នៅ​មុន​ការ​បោះឆ្នោត​ ​រដ្ឋាភិបាល​កម្ពុជាតែង​មានទ្រឹស្ដី​ក្បត់ជាតិ​ ​និង​ទ្រឹស្ដី​បង្ក្រាប​ ​ដើម្បីបង្កើត​ជា​ឆាក​ល្ខោន។​ ​ទោះ​យ៉ាង​ណា​លោក​ថា​ ​ការ​បង្កើត​វីដេអូ​នេះ​ ​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។​

លោក​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖

«មាន​អ្នក​កំពុង​ធ្វើ​ការ​យ៉ាង​លំបាក​ ​ហើយ​ក៏​ប្រហែល​ជា​ធ្វើ​ការ​ថែម​ម៉ោង​ទៀត​ផង​ ​ដើម្បី​ភ្ជាប់​ចំណុច​ដែល​ហាក់​គ្មាន​ទំនាក់​ទំនង​គ្នា​អី​បន្តិច​សោះ។​ ​វា​លេច​ឡើង​នូវ​ការ​ប៉ុនប៉ង​ដើម្បី​ភ្ជាប់​សត្រូវ​ជា​មួយ​គ្នា ប៉ុន្តែ​វា​គ្មាន​អ្វី​នៅ​ទី​នោះ​ទាល់​តែ​សោះ។​ ​វា​គ្មាន​ប្រ​យោជន៍​អីសោះ​តែ​ម្ដង»។​

នេះ​មិនមែន​ជា​លើក​ទី១​ទេ​ ​ដែល​រដ្ឋាភិបាល​បង្កើត​វីដេអូ​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​ ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ​និង​ការ​បង្ក្រាប​លើ​ក្រុម​ផ្សេងៗ​ ​ដែល​រដ្ឋាភិបាល​គណ​បក្ស​កាន់​អំណាច​និង​អ្នក​គាំទ្រ​ខ្លួន​ហៅ​ថា​ជា​ ​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​ ​នោះ។

​កន្លង​មក​ ​រដ្ឋាភិបាល​កម្ពុជា ​បាន​ផ្សព្វ​ផ្សាយ​ឯក​សារ​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​ក៏​ដូចជា​ការ​បង្ក្រាប​លើ​ក្រុម​ដែល​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាល​ ​ព្រម​ទាំងឯកសារ​ផ្សេងៗ​រាប់​សិប​ទំព័រ​ស្ដីពី​បដិវត្តន៍​ពណ៌​ ​រួម​ជាមួយ​និង​វីដេអូ​ប្រវែង​ជិត​មួយ​ម៉ោង​ ​ដោយ​មាន​ការ​លើក​ឡើង​នូវ​ចំណុច​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ចាត់​ទុក​ថា​ បាន​បង្ក​ឡើង​ដោយ​ក្រុម​មាន​និន្នាការ​មិន​ស្រប​តាម​រដ្ឋាភិបាល​ ​ហើយ​ត្រូវ​បាន​បង្ក្រាប​បាន​ទាន់​ពេល៕

XS
SM
MD
LG