ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ្ល៉ាដឹមៀរ ពូទីន​ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​អណត្តិ​ទីបី


នៅ​ខាងឆ្វេង លោក​ វ្ល៉ាដឹមៀរ ពូទីន ចាប់​ដៃ​ជាមួយ​នឹងអតីត​ប្រធានាធិបតី​ Dmitry Medvedev ក្នុង​ពិធីសម្ពោធ​មួយ​ក្នុង​វិមាន​ក្រឹមឡាំង នៃ​រដ្ឋធានីម៉ូស្គូ កាលពីថ្ងៃ​ទី៧ ឧសភា ២០១២។ (AP Photo/RIA Novosti Kremlin, Yekaterina Shtukina, Presidential Press Service)
នៅ​ខាងឆ្វេង លោក​ វ្ល៉ាដឹមៀរ ពូទីន ចាប់​ដៃ​ជាមួយ​នឹងអតីត​ប្រធានាធិបតី​ Dmitry Medvedev ក្នុង​ពិធីសម្ពោធ​មួយ​ក្នុង​វិមាន​ក្រឹមឡាំង នៃ​រដ្ឋធានីម៉ូស្គូ កាលពីថ្ងៃ​ទី៧ ឧសភា ២០១២។ (AP Photo/RIA Novosti Kremlin, Yekaterina Shtukina, Presidential Press Service)

កាល​ពី​ថ្ងៃ​ច័ន្ទ​លោក​ វ្ល៉ាដឹមៀរ ពូទីន ​នៃ​ប្រទេស​រុស្ស៊ី​បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សម្រាប់​អណត្តិ​ទី​បី​ជា​ប្រវត្តិសាស្ត្រ​។

នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​មួយ​ក្នុង​វិមាន​ក្រឹមទ្បាំង​ដែល​មាន​ការ​ចូល​រួម​ពី​ពួក​ឥស្សរជន​ប្រមាណ​២ពាន់​នាក់​ លោកពូទីន​បាន​ដាក់​ដៃ​លើ​សៀវភៅ​រដ្ឋធម្មនុញ្ញ​មួយ​ហើយ​លោក​បាន​ស្បថ​ថា​នឹង«គោរព​និង​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​

ពួក​ប៉ូលីស​បាន​បន្តឹង​កិច្ច​ការពារ​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​នៅ​មុន​ពេល​សម្ពោធ​តំណែង​នេះ។​ពួក​ប៉ូលីស​បាន​ចាប់​ខ្លួន​បាតុករ​១២០​នាក់​ដែល​ជា​ច្រើន​នាក់​បាន​ពាក់​បូ​ពណ៌​ស​ដែល​បាន​ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​ចលនា​ប្រឆាំង​នឹង​លោក​ ពូទីន​Putin។​

លោកពូទីន​Putin ​បាន​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​លោក​បាន​លះបង់​តំណែង​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០០៨។​លោក​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មីនា​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​។​ក្រុម​ប្រឆាំង​ខាង​នយោបាយ​បាន​ជំទាស់​នឹង​ជ័យជំនះ​នេះ​ដោយ​ហៅ​វា​ថា​ជា​ការ​បោះឆ្នោត​គៃ​បន្លំ។​

បារាំង៖ លោក​ហ្វ្រង់ស្វ័រ ហូឡង់ដ៍​ Francois Hollande​ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មីនៃ​ប្រទេស​បារាំង​បាន​ចាប់ផ្តើម​ការងារ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយនៅ​ក្រោយ​លោក​បាន​ទទួល​ជ័យជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ។​

លទ្ធផល​ចុង​ក្រោយ​បង្អស់​កាល​ពី​ថ្ងៃ​ច័ន្ទ​បង្ហាញ​ថា​លោក​ហូឡង់ដ៍បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​៥១,៦​ភាគរយ​ ចំណែក​ឯ​លោក​ នីកូឡាស សាកូហ្ស៊ី​ Nicolas Sarkozy ​បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​៤៨,៤​ភាគរយ។ ​អតីត​មេដឹកនាំ​គណបក្ស​សង្គមនិយម​បារាំង​ដែល​មាន​អាយុ​៥៧​ឆ្នាំរូប​នេះ​នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា។​

ការ​បោះឆ្នោត​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ការ​មិន​យល់​ព្រម​របស់​ក្រុម​ពលរដ្ឋ​ដល់​ការ​កាត់​បន្ថយ​ចំណាយ​របស់​ប្រទេស​និងការ​ដែល​មាន​មនុស្ស​គ្មាន​ការងារ​ធ្វើ​ច្រើន​នាក់។​

លោក​ Hollande ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​វិធានការ​ចំណាយ​ត្បិតត្បៀត​យ៉ាង​តឹង​រ៉ឹងខាង​សេដ្ឋកិច្ចជា​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង។​នៅ​ក្នុង​ការ​ចេញ​បង្ហាញ​ខ្លួន​មួយ​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​Hollande ​បាន​សន្យា​ថា​នឹង​បើកធ្វើការ​ចរចា​ជា​ថ្មី​អំពី​វិធានការ​ចំណាយ​ត្បិត​ត្បៀត​ដាក់​កំហិត​ដោយ​សហភាព​អឺរ៉ុប ​ហើយ​ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អេនជេឡា ម៉ាគេល Angela Merkel ​និង​លោក​ សាកូហ្ស៊ី​។

ក្រិក៖ លោក​អានតូនី សាម៉ារាស​ Antonis Samaras ​ប្រធាន​គណបក្ស​អភិរក្ស​និយម​នៃ​ប្រទេស​ក្រិក​បាន​ចាប់​ផ្តើម​ធ្វើការ​ចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ក្នុង​ពេល​ឆាប់​នេះ​នៅ​ពេល​ដែល​ពួក​មេដឹកនាំ​អឺរុប​បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុង​អាតែន​Athens ​ឱ្យ​បន្ត​គោរព​តាម​ល័ក្ខខ័ណ្ឌ​នៃ​ការផ្តល់​ជំនួយ​សង្គ្រោះខាង​ហិរញ្ញវត្ថុ។​

ពិភពលោក៖ មាន​ភាព​មិន​ទៀង​ទាត់​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ក្រិក​និង​ប្រទេស​បារាំង​បាន​បង្កើន​កង្វល់​អំពី​អនាគត​នៃ​វិធានការ​ចំណាយ​ត្បិតត្បៀត​ដើម្បីជួយ​សង្គ្រោះ​រដ្ឋាភិបាល​អឺរ៉ុប​ដែល​ជំពាក់​បំណុល​ច្រើន​និង​សេដ្ឋកិច្ច​ប្រទេ​ស​ទាំង​នេះ​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ។

ឥណ្ឌា៖ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​ ហ៊ីឡារី គ្លីនតុន​Hillary Clinton ​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ប៉ាគិស្ថាន​ត្រូវ​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្នក​បង្កើត​ក្រុម​ភេរវជន​មួយ​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​លើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​

..អ៖ ពួក​មន្ត្រី​ស.រ.អ.​បាន​និយាយ​ថា​ពួក​គេ​បាន​បញ្ឈប់​គម្រោងការ​ដាក់​គ្រាប់​បែក​ដោយ​ពួកអាល់ កៃដា​ al-Qaida ​ដើម្បី​បំផ្លាញ​យន្តហោះ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អាមេរិក។​

ស៊ីរី៖ ពួក​សកម្មជន​ស៊ីរី​និយាយ​ថា​មនុស្ស​នៅ​ក្នុង​ក្រុង​និង​ភូមិ​បះបោរ​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​ពហិការ​ដោយ​ភាគ​ច្រើន​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​សភា​ចាត់​ចែង​ដោយ​រដ្ឋាភិបាល​ដែល​ក្រុម​ប្រឆាំង​ធំ​ៗ​បាន​បដិសេធ​ដោយ​ថា​ជា​ការ​បោក​បញ្ឆោត។​

ប៉ាគីស្ថាន៖ ពួក​មន្ត្រី​ស.រ.អ.​បាន​និយាយ​ថា​ពួក​គេ​នឹង​មិន​ធ្វើការ​ចរចា​ជាមួយ​ពួកអាល់ កៃដា​ al-Qaida ​ទេ​អំពី​ជោគ​វាសនា​របស់​អ្នក​ធ្វើការ​អាមេរិកាំង​ផ្នែក​ផ្តល់​ជំនួយ​អាយុ៧០​ឆ្នាំ​ដែល​បាន​ត្រូវចាប់​ជា​ចំណាប់​ខ្មាំង​ក្នុង​ប្រទេស​ប៉ាគិស្ថាន​ទេ​ទោះណា​ជា​មាន​ការ​អង្វរ​ក​តាម​វីដេអូ​របស់​បុរស​នេះ​សុំឱ្យ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ជួយ​លោក​ក៏​ដោយ។

XS
SM
MD
LG