អង្គជំនុំជម្រះនៃតុលាការកំពូលសាលាក្តីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរក្សាសាលក្រមរបស់សាលាដំបូង ដោយផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតលើលោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នេះជាសេចក្តីសម្រេចចុងក្រោយលើអតីតមេដឹកនាំខ្មែរក្រហមតែម្នាក់គត់ ដែលនៅរស់រានមានជីវិត និងជាការឈានទៅបិទបញ្ចប់នៃដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ដែលបានដំណើរការប្រមាណ ១៦ ឆ្នាំមកហើយ។
សេចក្តីសម្រេចរបស់តុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ជាការសម្រេចចុងក្រោយទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែសីហា ឆ្នាំ ២០២១ ក្នុងសំណុំរឿង ០០២ វគ្គ ២។
នៅចំពោះមុខលោក ខៀវ សំផន ដែលកំពុងមានសុខភាពទន់ខ្សោយ អង្គុយក្នុងបន្ទប់សវនាការ លោក គង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូលបានប្រកាសថាលោក ខៀវ សំផន ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និងទទួលការអប់រំនៅប្រទេសបារាំង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល ហើយសរុបទាំងសំណុំរឿង ០០២ វគ្គ ១ និងសំណុំរឿង ០០២ វគ្គ ២ លោកនៅតែជាប់ពន្ធនាគារអស់មួយជីវិតដដែល។ តុលាការបង្គាប់ថា លោក ខៀវ សំផន ត្រូវស្ថិតក្នុងមន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហម ដោយរង់ចាំការផ្ទេរទៅពន្ធនាគារផ្សេងក្នុងប្រទេសកម្ពុជា។
លោក គង់ ស្រ៊ីម បានថ្លែងថា៖ «អង្គជំនុំជម្រះតុលាការកំពូលចាត់ទុកការដាក់ទោសអស់មួយជីវិត ដែលបានធ្វើឡើងក្នុងសំណុំរឿង ០០២/០២ ជាការសមស្រប ដោយផ្អែកលើកាលៈទេសៈទាំងអស់ រួមទាំងព្រឹត្តិការណ៍ដ៏មហាសោកនាដកម្ម និងវិសាលភាពនៃព្យសនកម្មដែលបានបង្កដោយ ខៀវ សំផន»។
លោក ខៀវ សំផន ដែលត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០០៧ ហើយឃុំខ្លួននៅសាលាក្តីខ្មែរក្រហម ជាយរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍សម្លាប់រង្គាលក្រុមជនជាតិវៀតណាមនិងចាម ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងអំពើមនុស្សឃាត។
ក្នុងពេលប្រកាសសាលដីកា លោក ខៀវ សំផន ក៏បានបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការផងដែរ។ ប៉ុន្តែលោកមិនត្រូវបានអនុញ្ញាតឲ្យថ្លែងអ្វីឡើយ ដោយសារនេះជាពេលវេលាប្រកាសសាលដីកាស្ថាពរ។
មេធាវីរបស់លោក ខៀវ សំផន គឺលោក គង់ សំអុន ថ្លែងថា ដោយសារនេះជាការប្រកាសសាលដីកាស្ថាពរ ដូច្នេះលោកព្រមទទួលយកនូវការសម្រេចនេះ។ លោកបន្ថែមថា ស្ថានភាពសុខភាពរបស់លោក ខៀវ សំផន មិនជាល្អឡើយ ទើបមានការប្រកាសសាលដីកាឲ្យបាន «ឆាប់បំផុត»។ លោកបន្ថែមថា លោក ខៀវ សំផន មានពាក្យពេចន៍ផ្តាំចុងក្រោយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ប្រាប់ជាសាធារណៈនៅឡើយទេ។
កាលពីខែសីហា ឆ្នាំ ២០២១ លោក ខៀវ សំផន ធ្លាប់បាន «បដិសេធដាច់អហង្ការ» លើការចោទប្រកាន់ប្រឆាំងរូបលោក និងចាត់ទុកការកាត់ទោសនេះ គ្រាន់តែជា «និមិត្តរូប» តែប៉ុណ្ណោះ។ លោកអះអាងថា លោកមិនចង់បានអ្វីក្រៅពីឲ្យប្រទេសឯករាជ្យ និងអធិបតេយ្យដែលព្រំដែនរបស់ខ្លួនត្រូវបានប្រទេសជិតខាងគោរព ជាពិសេសវៀតណាម។ លោកបន្តថា លោកចង់ឲ្យប្រជាជនអាចរស់នៅបាន ក្រោយពីប្រទេសត្រូវបានបំផ្លាញដោយសង្រ្គាម។
ក្នុងសំណុំរឿង ០០២ វគ្គ ២ លោក ខៀវ សំផន ត្រូវបានចោទប្រកាន់លើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាម និងចាម។ លោកក៏រងការចោទប្រកាន់ផ្សេងៗ មានដូចជាការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ ១៩៧៥ ការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការបោសសម្អាតនៅមន្ទីរសន្តិសុខ ការដ្ឋានទំនប់ ១ មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់ត្រពាំងថ្មជាដើម។
អ្នកស្រី តាន់ ស៊ីតា អាយុ ៦៨ ឆ្នាំ ដែលជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ បានបាត់បង់ឪពុកម្តាយ និងបងប្អូន ៨ នាក់នៅក្នុងរបបខ្មែរក្រហម ក្នុងនោះប្អូនប្រុសរបស់អ្នកស្រីត្រូវបានសម្លាប់ដោយកាត់ក នៅចំពោះមុខរបស់អ្នកស្រី។ អ្នកស្រីចង់ឲ្យតុលាការកាត់ទោសលោក ខៀវ សំផន ច្រើនលើសពីជាប់ពន្ធនាគារមួយជីវិតទៀត។
អ្នកស្រីថ្លែងថា៖ «ខ្ញុំយល់ថា អស់មួយជីវិតដូចតិចពេក ពីព្រោះគាត់ហ្នឹងឥឡូវដូចចាស់ហើយ មិនដឹងថា គាត់ស្អែកឬខានស្អែក ស្លាប់ឬក៏មិនដឹង។ តែចំពោះយើងទាំងអស់គ្នា គឺឈឺចាប់មិនអាចបំភ្លេចបាន។ ខ្ញុំថា បើខ្ញុំកាត់ទោសវិញ ខ្ញុំគាត់គាត់ ១០០ ទៅ ២០០ ឆ្នាំ។ បើគាត់ស្លាប់ស្អែកៗ ខ្ញុំសុំដាក់ខ្នោះគាត់ ដល់គ្រប់ថ្ងៃ ១០០ ទៅ ២០០ ឆ្នាំហ្នឹង បានយកចេញ»។
ចំណែកលោក ណាំ ហ៊ូវ អាយុ ៦៣ ឆ្នាំ រស់នៅក្នុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលបានមកតាមដានការប្រកាសសាលដីកានេះ ប្រាប់វីអូអេថា លោកពេញចិត្តចំពោះការសម្រេចដាក់ទោសមួយជីវិតនេះ ដោយសារលោករងគ្រោះក្នុងសម័យនោះ រួមមានការបង្ខំឲ្យធ្វើការហួសកម្លាំង និងបង្អត់អាហារ។ លោកក៏បានបាត់បង់ឪពុកម្តាយក្នុងសម័យនោះផងដែរ។
លោកបញ្ជាក់ថា៖ «តាមខ្ញុំ វាសមស្របនឹងអំពើគាត់ធ្វើហ្នឹង។ មិនមែនប្រជាជនតិចណា វារាប់លាននាក់ វាប្រើ។ បើខាងខ្ញុំផង តែបីកំប៉ុងតែមួយខ្ទះ»។
លោកបន្ថែមថា ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម ដូចជាយូរបន្តិច ដោយលោកចង់ឲ្យកាត់ទោសឲ្យបានលឿន ទាន់ពួកគេនៅរស់។
ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ២០០៦ តុលាការកូនកាត់មួយនេះបានចំណាយប្រាក់ជាង ៣៣០ លានដុល្លារអាមេរិក ដោយមានការឧបត្ថម្ភពីម្ចាស់ជំនួយអន្តរជាតិផ្សេងៗ។ តុលាការនេះបានកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបីរូប គឺមានលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង និងមេដឹកនាំលោក នួន ជា ដែលបានស្លាប់។ ក្រៅពីនោះ ក៏មានអតីតមេដឹកនាំផ្សេងទៀត ដូចជាអ្នកស្រី អៀង ធីរិទ្ធ និងលោក អៀង សារី បានស្លាប់ ក្នុងអំឡុងពេលដំណើរសវនាការរបស់តុលាការខ្មែរក្រហមផងដែរ។
កាលពីកន្លងទៅ តុលាការក៏បានបង្ហាញជនសង្ស័យផ្សេងទៀតដែលជាកម្មាភិបាលខ្មែរក្រហម ក្នុងសំណុំរឿង ០០៣ និង ០០៤ រួមមានអ្នកស្រី អ៊ឹម ចែម អតីតចៅហ្វាយស្រុកព្រះនេត្រព្រះ និងជាអតីតប្រធានគុកនៅភ្នំទ្រយោង ក្នុងខេត្តបន្ទាយមានជ័យ លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម លោក ស៊ូ ម៉េត អតីតមេបញ្ជាការកងពល ៥០២ និងមេបញ្ជាការទ័ពអាកាសរបស់ខ្មែរក្រហម លោក យឹម ទិត្យ អតីតលេខាតំបន់ ១៣ និងលោក អោ អាន អតីតអនុប្រធានតំបន់មជ្ឈិម។
ប៉ុន្តែពួកគេមិនត្រូវបានចោទប្រកាន់ពីតុលាការឡើយ ក្រោយមានការខ្វែងគំនិតរវាងសហព្រះរាជអាជ្ញាភាគីជាតិ និងភាគីអន្តរជាតិ។ តុលាការបានសម្រេចថាពួកគេមិនមែនជាជនដែលស្ថិតក្នុងជំពូកជនទទួលខុសត្រូវខ្ពស់បំផុត ដែលត្រូវនាំខ្លួនទៅកាត់ទោសឡើយ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាលាក្តីខ្មែរក្រហម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍ ក្រោយការប្រកាសសាលដីកាថាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតនាពេលនេះ ជាការបិទ «ទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹត»ក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា តុលាការមានកិច្ចការរៀបចំឯកសារ និងផ្សព្វផ្សាយជាសាធារណៈនៅក្នុងរយៈពេលបីឆ្នាំទៀត គឺរហូតដល់ឆ្នាំ ២០២៥៕