ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធាន​មន្ទីរស​២១​សម័យ​ខ្មែរ​ក្រហម លោក ឌុច ទទួល​មរណភាព


រូបឯកសារ៖ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​អង្គារ ទី០​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​អង្គារ ទី០​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦។

អតីត​ប្រធាន​មន្ទីរស​ ២១ ​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែល​គេ​ស្គាល់​ថា​គុក​ទួល​ស្លែង លោក កាំង ហ្កេកអ៊ាវ​ ហៅឌុច បាន​ទទួល​មរណភាព កាល​ពី​យប់​រំលង​អធ្រាត្រ​ ចូល​ថ្ងៃទី​ ២ ខែកញ្ញា។ នេះ​បើ​យោង​តាម​លោក​ នេត្រ​ ភក្រ្តា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។

លោក នេត្រ ភក្រ្តា មាន​ប្រសាសន៍ថា លោក ឌុច អាយុ​ ៧៨ ឆ្នាំ បាន​ស្លាប់​នៅ​នៅវេលាម៉ោងជិត ​១​ ទៀប​ភ្លឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោក ឌុច ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក្រោយ​មាន​សភាព​ហត់​ខ្លាំង។ មិនទាន់​មាន​ការ​បញ្ជាក់​ហេតុ​ផល​ពិត​ប្រាកដ​នៃ​ការ​ស្លាប់របស់​លោក​នៅ​ឡើយ​ទេ។កាល​ពី​ឆ្នាំ ២០១៨ លោក​ធ្លាប់​ត្រូវបាន​បញ្ជូន​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​ ទៅ​មន្ទីរពេទ្យ​ម្តង​រួច​មក​ហើយ។

ដំបូងឡើយ លោក ឌុច ត្រូវបានផ្តន្ទាទោស កាល​ពីខែកក្កដា ឆ្នាំ២០១០ ដាក់​ពន្ធនាគារ​ ៣៥ ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយ​តុលាការកំពូលបានសម្រេចសេចក្តី កាល​ពីខែកុម្ភៈ ឆ្នាំ ២០១២ ដោយផ្តន្ទាទោស ឌុច ដាក់ពន្ធនាគារអស់មួយជីវិត។

លោក​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​ប្រមាណ ​១៤០០០ នាក់​ នៅ​គុកទួលស្លែង ឬ​មន្ទីរ​ស​ ២១។ កាល​ពី​ខែមិថុនា ឆ្នាំ ២០១៣ លោក ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារ។

បើតាម​សាលាដី​ខ្មែរ​ក្រហម លោក ឌុច ត្រូវបាន​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ដោយ​សហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០៨៕

XS
SM
MD
LG