តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ពាក់ព័ន្ធនឹងការចោទប្រកាន់បំពានវិធានការសុខាភិបាល។ នេះបើតាមអ្នកជិតស្និទ្ធនឹងព្រះអង្គ។
ការសម្រេចឃុំខ្លួននេះនាំឲ្យមានប្រតិកម្មពីសហគមន៍ខ្មែរកម្ពុជាក្រោម ដែលបានស្នើឲ្យសមត្ថកិច្ចបកស្រាយឲ្យបានច្បាស់ពីការចោទប្រកាន់លើអតីតសង្ឃលោក ប៉ាង សុដា។
លោក ប៉ាង សុដា ដែលមានដើមកំណើតខ្មែរកម្ពុជាក្រោម និងជាអតីតព្រះចៅអធិការវត្តវង្សគតបុរីសេរីភ្នំពេញ(ហៅវត្តភ្នំពេញថ្មី)ស្ថិតនៅភូមិដូនបុស្ស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួនយ៉ាងតក់ក្រហល់ កាលពីថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២១។ បន្ទាប់មកមានការចុះផ្សាយថាព្រះអង្គត្រូវបានដោះលែង ប៉ុន្តែមិនទាន់ឃើញលោកបង្ហាញវត្តមាន។
លោក ប៊ុន មុនី លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោមដែលបានដឹងអំពីការឃុំខ្លួននេះ បានថ្លែងថាលោក ប៉ាង សុដា ត្រូវបានតុលាការចោទប្រកាន់ រឿង«រារាំងអនុវត្តវិធានការការពារកូវីដ១៩» ដែលលោកថា រឿងនេះមានភាពស្មុគស្មាញ និងបត់បែនច្រើន។ លោកបន្តថា អតីតសង្ឃនោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកញ្ញា ហើយរហូតដល់ថ្ងៃទី១៤ ខែកញ្ញា លោក ប៉ាង សុដា ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស។ លោកស្នើឲ្យតុលាការ និងសមត្ថកិច្ចអនុវត្តការងារឲ្យបានត្រឹមត្រូវ និងឲ្យមានតម្លាភាព និងកុំមានការលាក់បាំងនៅក្នុងរឿងមួយនេះ។
លោកប្រាប់វីអូអេថា៖ «ប្រសិនបើគាត់[លោក ប៉ាង សុដា] មានបញ្ហាអ្វីកើតឡើង មានទោសកំហុសអ្វីសុំឲ្យខាងសមត្ថកិច្ចដោះស្រាយគាត់ទៅតាមផ្លូវច្បាប់ឲ្យមានភាពយុត្តិធម៌ ហើយឲ្យឃើញជាសាធារណៈដូចជាអ្នកដែលមានទោសដទៃៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង»។
វីអូអេបានទាក់ទងលោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ និងលោក សួស វិទ្យារ៉ាឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែពួកគេឲ្យទាក់ទងទៅលោក ប្លង់ សុផល អ្នកនាំពាក្យម្នាក់ទៀត។
វីអូអេបានទាក់ទងលោក ប្លង់ សុផល ប៉ុន្តែលោកថាសំណុំរឿងនៅតុលាការមានច្រើន ដូច្នេះលោកមិនចាំសំណុំរឿងមួយនេះទេ។
បន្ទាប់ពីការចាប់ខ្លួននិងបង្ខំឲ្យផ្សឹក គេឃើញលោក ប៉ាង សុដា បានប្រាប់សារព័ត៌មានក្នុងស្រុកFresh news ថាព្រះអង្គបានប្រព្រឹត្តកំហុសឆ្គង និងអសីលធម៌ខាងផ្នែកពុទ្ធសាសនា។
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អង្គការសមាគមខ្មែរកម្ពុជាក្រោម មានការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញការចាប់ផ្សឹក និងការចាប់ខ្លួនលោក ប៉ាង សុដា។ លោកបញ្ជាក់ថា អាជ្ញាធរហាក់បីដូចជាមានរឿងអាថ៌កំបាំងលើករណីនេះ ហើយសូម្បីតែគ្រួសាររបស់ជនរងគ្រោះ ក៏សមត្ថកិច្ចលាក់បាំងដែរ។
លោកថ្លែងថា៖ «តាមដែលខ្ញុំទទួលព័ត៌មានឮថា ចោទប្រកាន់ទៅលើ[ការ]មិនអនុវត្តទៅតាមបម្រាមហាមឃាត់កូវីដអីណានោះទៅវិញ។ ដំបូងយើងឃើញថាលោកចេញមកសារភាពរឿងទោសកំហុស ខុសឆ្គងលើ[រឿង]អសីលធម៌ខាងផ្នែកពុទ្ធសាសនា ប៉ុន្តែក្រោយមកបែរទៅជារៀងអីណានុះផ្សេងទៅវិញ។ បែបហ្នឹង យើងនៅតែមិនទាន់យល់ច្បាស់ពីករណីហ្នឹងដែរ»។
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី រូបនេះបានបញ្ជាក់ថាសមាគមខ្មែរកម្ពុជាក្រោម នឹងរកមេធាវីដើម្បីការពារក្តីឲ្យលោក ប៉ាង សុដា៕