ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​សួរ​អំពី​ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​និង​បង្ខំ​ឲ្យ​សឹក


អតីត​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម​ លោក​ ប៉ាង សុដា​ បាន​លេច​មុខ​ក្នុង​បទ​សម្ភាសន៍​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ជាមួយ​អង្គភាព​ព័ត៌មាន​ Fresh News និង​បាន​សារភាព​ថា​លោក​បាន​ប្រព្រឹត្ត​អំពើ​អសីល​ធម៌​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ព្រះពុទ្ធ​សាសនា។ (ថត​ពី​​ទូរទស្សន៍ Fresh News)

មេដឹកនាំ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​ពុធ​បានប្រតិកម្ម​ទៅនឹង​ការ​បាត់​ខ្លួន​អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោមមួយ​អង្គ​បន្ទាប់​ពី​ព្រះ​សង្ឃ​អង្គ​នោះ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​កំពង់​ចាម​បាន​ចុះ​មក​ចាប់​ខ្លួន ហើយ​មាន​ការ​បង្ខំ​ឲ្យ​សឹក។

កាលពី​ថ្ងៃទី​២ ខែកញ្ញា​ ឆ្នាំ​២០២១ នគរបាល​ស្រុក​ខេត្ត​ និង​ព្រះ​អនុគុណស្រុក ព្រះមេគុណ​ខេត្ត​កំពង់​ចាម​បាន​មក​ឡោម​ព័ទ្ធ​ និង​នាំខ្លួន​ព្រះសុខុម​ញ្ញាណ ប៉ាង​ សុដា​ដែល​ជា​ព្រះ​ចៅ​អធិការ​វត្ត​វង្សគត​បុរីសេរី​ភ្នំពេញ(ហៅ​វត្ត​ភ្នំពេញ​ថ្មី) ស្ថិត​នៅ​ភូមិ​ដូន​បុស្ស ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម យ៉ាង​តក់​ក្រហល់ ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​និង​មិន​មាន​ដីកា​តាម​នីតិវិធី​ច្បាប់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​មិត្ត​សមាគម​ខ្មែរកម្ពុជា​ក្រោម ដែល​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។

ប៉ុន្មានថ្ងៃ​ក្រោយ​ការចាប់​ខ្លួននោះអតីត​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោមលោក​ប៉ាង សុដា​បាន​លេច​មុខក្នុង​បទ​សម្ភាសន៍​ជាមួយ​អង្គភាព​ព័ត៌មាន​ Fresh News ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល និង​បាន​សារភាព​ថា​លោក​បាន​ប្រព្រឹត្ត​អំពើ​អសីល​ធម៌​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា។ អង្គភាព​Fresh News​បាន​រាយការណ៍​ថា​អតីត​សង្ឃ​លោក​ប៉ាង​សុដា«បាន​ទទួល​ស្គាល់​កំហុស​ថា​ខ្លួន​ពិត​ជា​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់»។

ប៉ុន្តែ​នាយកប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សេដ្ឋា មិន​ជឿ​លើ​ការ​ផ្សព្វផ្សាយ​របស់​អង្គភាព​ព័ត៌​មាន​នេះ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ ឬ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផ្សេង​ទៀត ចេញ​មក​ផ្តល់​ការ​ពន្យល់​ទាក់​ទិន​ការ​ចាប់​ខ្លួន​អតីត​ចៅ​អធិការ​វត្ត​លោក​ ប៉ាង សុដា​ ដែល​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ថា​លោក​នៅ​ទី​ណា​ឲ្យ​ប្រាកដ​នោះ​ទេ។

លោក ថាច់ សេដ្ឋា ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​របស់​គណបក្ស​សម រង្ស៊ី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «តាំង​ពី​ហ្នុង​មក​មិន​ដឹង​ថា​ បទ​ល្មើស​ខុស​ពី​រឿង​អី​ចាប់​ពី​រឿង​អី មាន​រឿង​អី​ក៏​អត់​មាន​ប្រភព​ណា​បញ្ជាក់​ច្បាស់​លាស់​ដែរ​បាត់​រហូត​ស្រាប់​តែ​ឃើញ​មុខ​ចេញ​មក​ស្លៀក​ពាក់​ខោអាវ​ជា​គ្រហស្ថ​ហើយ​សារ​ភាព​ទោស​កំហុស​វា​ជា​រឿង​មួយ​ចម្លែក។ ហើយ​ចុះ​បើ​ដឹង​ថា​ខុស​ធម៌​វិន័យ​តាំង​កាល​ហ្នុង​ចាប់​ផ្សឹក​ម៉េច​គាត់​មិន​និយាយ​តាំងកាល​ហ្នុង​ទៅ។ ម៉េច​ចាំ​ពី​ថ្ងៃ[ទី​]២​មក​ដល់​ថ្ងៃ​នេះ​ទើប​ចេញ​មុខ​មក​បក​ស្រាយ​បែប​នោះ​ទៅ​វិញ​នៅ​ធ្វើ​ឲ្យ​យើង​មាន​ការ​សង្ស័យ​អីចឹង»។

រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា ថ្លែងទៅកាន់កម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/វីអូអេ)
រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា ថ្លែងទៅកាន់កម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/វីអូអេ)

មេដឹកនាំ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​រូប​នេះ​បន្ថែម​ថា៖ «ខ្ញុំ​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​លោក​គួរ​តែ​មាន​ភាព​ក្លាហាន​ចេញ​មក​បក​ស្រាយ​ជា​ពិសេស​ស្ថាប័ន​ដែល​ពាក់​ព័ន្ធមាន​ខាង​គណៈ​មន្ត្រី​សង្ឃ​អី​ជាដើម​ហើយ​ខាង​អាជ្ញាធរ​ដែល​ចុះ​ទៅ​នាំ​ខ្លួន​ព្រះ​អង្គ​ហ្នឹង​គឺ​ត្រូវ​តែ​បង្ហាញ​ពី​ហេតុ​ផល​ឬ​ក៏​អំពី​គេ​ហៅ​ប្រឈម​ផ្លូវ​ច្បាប់​បែប​ណា​ឬ​ទី​កន្លែង​ដែល​ឃុំ​ឃាំង​លោក​ឬក៏​យ៉ាង​ម៉េច​អាហ្នឹង​គឺ​ត្រូវ​តែ​ប្រកាស​ជា​សាធារណៈ​ដើម្បី​ឲ្យ​គ្រួសារ​ក៏​ដូច​ជា​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​យើង​បាន​ដឹង​ផង»។

សេចក្តី​ប្រកាស​របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា​ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា​សមត្ថ​កិច្ច​ថ្នាក់​ឃុំ ស្រុក​ ខេត្ត​និង​មន្ត្រី​សង្ឃ​ខេត្ត​ជាច្រើន​អង្គ​នាក់ បាន​និមន្ត និង​ចុះ​មក​ដល់​ទីតាំង​វត្ត​ចាប់​ខ្លួន​ទាំង​អតីត​ព្រះសង្ឃ​ប៉ាង សុដា​ មិន​បាន​ដឹង​ខ្លួន​ជាមុន​និង​មិន​បាន​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ត្រឹមត្រូវ​សូម្បី​តែ​ស្បែក​ជើង​ក៏​គ្មាន​ផង។

សេចក្តី​ប្រកាសបញ្ជាក់​ថា៖ «ចំណែក​ព្រះសង្ឃ​ក្នុង​វត្ត គណៈ​កម្មការ​វត្ត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដក​ហូត​ទូរស័ព្ទ​ទាំង​អស់ ដើម្បី​លុប​រូប​ថត​ឬ​វីដេអូ​ដែល​ថត​អំពី​ទិដ្ឋភាព​នៃ​ការ​ចាប់​ខ្លួន​នេះ​ផង​ដែរ។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​នេះ​កុដិ​របស់​ព្រះអង្គ​ត្រូវ​បាន​សមត្ថ​កិច្ច​ចូល​រុះរើ​ឆែក​ឆេរ​និង​បម្រាម​មិន​ឲ្យ​មាន​ជន​ណា​មួយ​ចូល​ជិត​ឡើយ។ បន្ថែម​ពី​នោះ​សមត្ថ​កិច្ច​ក៏​ត្រូវ​បាន​ពង្រាយ​កម្លាំង​ជុំវិញ​បរិវេណ​វត្ត​យ៉ាង​តឹង​រ៉ឹង»។

សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី​ ឃឹម សន ព្រះ​ប្រធាន​លេខា​ធិការដ្ឋាន​គណៈ​សង្ឃនាយក​និង​ជា​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ​មាន​ថេរដីកា​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា​អន្ទិត​ប៉ាង សុដា​ កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ត្រូវ​បាន​ដោះ​លែង ហើយ​អន្ទិត​ ប៉ាង​សុដា​ ក៏​អះអាង​ថា​លោក​នឹង​មិន​បួស​ជា​សង្ឃ​វិញ​ដែរ និង​កំពុង​មាន​សេរីភាព​ដើរ​ហើរ​ដូច​ពល​រដ្ឋ​ធម្មតា។

«គាត់​អត់​អីផង​គាត់​ជា​គ្រហស្ថ​ប៉ុន្តែ​គាត់​អត់​មាន​នៅ​ជា​គ្រហស្ថ​ដើរ​ធម្មតាពរ​ហ្នឹង​ហើយ អត់​មាន​បញ្ហា​អី ពី​ណា​ចោទ​អី​គាត់ ទោសទណ្ឌ​អី​ផង»។​

ព្រះ​អង្គ ឃឹម សន មិន​អាច​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​អន្ទិត​ប៉ាង សុដា​ទេ តែ​ថា​មាន​គេ​បង្ហោះ​រូបភាព​ច្រើននៅលើ​បណ្តាញ​សង្គម​កាល​ពី​ពេល​កន្លង​មក ដែល​រូបភាព​ទាំង​អស់​នោះ​គឺ​គេ​ឃើញ​អតីត​សង្ឃ​រូប​នោះ​បាន​ថត​ជាមួយ​ស្ត្រី។

«ពេល​អាត្មា​សួរ​នៅ​តែ​ពីរ​នាក់​អាត្មា​អាត្មា​សួរ​ដែរ​ពរ​គាត់​អត់​និយាយ​ប្រាប់​ហ្នឹង​ហើយ។ ក៏​ប៉ុន្តែ​ចំនួន​ប្រហែល​ជា​កន្លងពីរ​បី​ថ្ងៃ​មក​ឃើញ​គេ​បង្ហោះ​រូបគាត់​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្នឹង​ពរ បង្ហោះ​រូបគាត់​ជា​មួយ​មាន​សំឡេង​អី​ជាមួយ​ស្ត្រី រូប​ស្ត្រី​អីចឹង»។​

វីអូអេ​មិនអាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឯម កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ឃន ប្រុស នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់​ចាម​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​ថា​ជាប់​ប្រជុំ​និង​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​មន្ត្រីសង្ឃ​វិញ។

នាយកប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក​ ថាច់ សេដ្ឋា បន្ថែម​ថា​មុន​ពេល​អតីត​ព្រះសង្ឃ ប៉ាង សុដា ត្រូវឃាត់​ខ្លួន រួច​បង្ហាញ​មុខ​ថា​សឹក​នោះ​គឺ​មាន​ការ​ចោទប្រកាន់​លើអតីត​ព្រះ​ចៅអធិការ​អង្គ​នេះ​ថា​បាន​ល្មើស​វិធាន​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​ល្មើស​ធម្មវិន័យ។

បើ​តាម​លោក​ថាច់ សេដ្ឋា អន្ទិត​ប៉ាង សុដា​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឃ្លាំង​ក្នុង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម និង​បាន​មក​ធ្វើ​ជា​ព្រះ​ចៅ​អធិការវត្ត​មួយ​ក្នុង​ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​បញ្ជាក់​ថា​អន្ទិត ប៉ាង សុដា បាន​ធ្វើ​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ថាខ្មែរ​ក្រោម​ឬ​ខ្មែរ​កណ្តាល​ និង​កសាង​វត្តអារាម ហើយ​បាន​ធ្វើ​ការ​ជាមួយ​សហគមន៍​ខ្មែរកម្ពុជា​ក្រោម។

លោក​រំឭក​ផង​ដែរថា​មាន​ករណី​ចម្រូង​ចម្រាស​ពាក់ព័ន្ធនឹង​ការ​ឃាត់​និង​ឃុំខ្លួន​ព្រះកាយ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​កាល​ពីពេល​កន្លង​មក​តួយ៉ាង​គឺ​ព្រះតេជគុណ​ ទឹម សាខន​ ដែល​ជា​ព្រះចៅ​អធិការ​វត្ត​ភ្នំដិន​ខាង​ជើង ក្នុង​ខេត្ត​តាកែវ ត្រូវគេ​ចា​ប់ផ្សឹក និងបញ្ជូន​ទៅ​ដាក់​ពន្ធនា​គា​រនៅ​ប្រទេស​វៀតណាម៕​

XS
SM
MD
LG