មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃសុក្រថាអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នឹងមិនចុះចាញ់អ៊ីស្រាអែលទេ។ លោកថ្លែងដូច្នេះ នៅក្រោយពេលដែលអ៊ីស្រាអែលបានវាយប្រហារលើទីក្រុងបេរូតនៃប្រទេសលីបង់ដែលគេគិតថាដៅលើអ្នកបន្តវេនពីមេដឹកនាំក្រុមហេសបូឡា (Hezbollah) ដែលត្រូវបានគេធ្វើឃាត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុង Dahiye នៅប៉ែកខាងត្បូងទីក្រុងបេរូត ដែលជាមូលដ្ឋានរឹងមាំរបស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានរងការវាយប្រហារជាថ្មីទៀតនៅពេលជិតពាក់កណ្ដាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ក្រោយពីអ៊ីស្រាអែលបានបញ្ជាឱ្យពលរដ្ឋចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ខ្លះ។ នេះបើផ្អែកតាមប្រភពពលរដ្ឋនិងមន្ត្រីសន្តិសុខ។
លោក Khamenei បាននិយាយថា៖ «ការតស៊ូនៅក្នុងតំបន់នឹងមិនចុះចាញ់នោះទេ ទោះបីជាមានការសម្លាប់មេដឹកនាំក្រុមហេសបូឡាក៏ដោយ»។ លោកថ្លែងដូច្នេះនៅពេលលោកដឹកនាំការសូត្រធម៌កាលពីថ្ងៃសុក្រក្នុងទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ដោយលើកឈ្មោះមេដឹកនាំក្រុមហេសបូឡាលោក Sayyed Hassan Nasrallah ក្នុងសុន្ទរកថារបស់លោកនិងបានហៅការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលថាស្របច្បាប់។
លោក Khamenei មិនបានលើកឈ្មោះមន្ត្រីហេសបូឡាលោក Hashem Safieddine ដែលគេនិយាយតៗគ្នាថាអាចជាអ្នកស្នងតំណែងបន្តពីលោក Nasrallah នោះទេ។
អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មានអនឡាញ Axiosលោក Barak Ravid បានស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ៣ នាក់ ដែលបាននិយាយថាលោក Safieddine គឺជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែលលើលេណដ្ឋានក្រោមដីក្នុងពេលអធ្រាត្រនៅទីក្រុងបេរូតនោះ។
យោធាអ៊ីស្រាអែលបានបដិសេធធ្វើការអធិប្បាយ ហើយក្រុមហេសបូឡាក៏មិនបានធ្វើការអធិប្បាយអ្វីដែរអំពីជោគវាសនារបស់លោក Safieddine៕
មេដឹកនាំកំពូលអ៊ីរ៉ង់ថាអ៊ីរ៉ង់និងសម្ព័ន្ធមិត្តនឹងមិនចុះចាញ់អ៊ីស្រាអែលទេ
- Reuters
វេទិកាបញ្ចេញមតិ