មន្ត្រីអាមេរិកសំខាន់២រូបគ្រោងនឹងផ្តល់សក្ខីកម្មជាសាធារណៈ អំពីថាតើអ្វីជាការពិតចំពោះការចោទប្រកាន់ដែលមិនមានភ័ស្តុតាងច្បាស់លាស់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បានលួចថតសំឡេងរបស់លោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មុនពេលមកដល់នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំមុន។
លោក James Comey ប្រធានប៉ូលិសស៊ើបអង្កេតសហព័ន្ធដែលជាទីភ្នាក់ងារអនុវត្តច្បាប់កំពូលនៅក្នុងប្រទេស និងលោកឧត្តមសេនីយ៍ Michael Rogers ប្រធានទីភ្នាក់ងារសន្តិសុខ អាចនឹងដឹងអំពីអ្វីដែលបានកើតឡើង ប្រសិនបើរឿងនេះពិតជាកើតមានមែននោះ។ ពួកគេទាំងពីរនាក់នឹងបង្ហាញវត្តមាននៅចំពោះមុខគណៈកម្មាធិការស៊ើបការសម្ងាត់របស់សភា ដើម្បីឆ្លើយនឹងសំណួរនានារបស់តំណាងរាស្រ្ត។
អស់រយៈពេល២សប្តាហ៍ហើយដែលលោក ត្រាំ បានបដិសេធមិនព្រមច្រានចោលការចោទប្រកាន់របស់ខ្លួន ហើយសូម្បីតែមន្ត្រីមួយចំនួន រួមទាំងប្រធានសភា លោក Paul Ryan និងតំណាងរាស្ត្រកំពូលខាងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ រួមទាំងគណៈកម្មាធិការស៊ើបអង្កេតរបស់ព្រឹទ្ធសភានិងសភា បាននិយាយថា គ្មានភ័ស្តុតាងដើម្បីគាំទ្រដល់ការអះអាងលើការលួចថតសំឡេងលោក កាលពីថ្ងៃទី៤ខែមីនា ដូចដែលលោកបានអត្ថាធិប្បាយតាមរយៈការបង្ហោះសារមួយចំនួនលើបណ្តាញសង្គម Twitter នោះទេ៕