លោក ថាច់ សេដ្ឋា អតីតសមា ជិកព្រឹទ្ធសភាគណបក្សសង្រ្គោះជាតិបានសម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន ដែលលោកបានចាត់ទុកថាជា«ផ្ទះចាស់»របស់លោក។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាលោកជាស្ថាបនិកគណបក្សភ្លើងទៀន ដែលកើតចេញពីគណបក្សជាតិខ្មែរ បន្ទាប់មកប្តូរទៅគណបក្សសម រង្ស៊ី និងក្រោយមកគណបក្សភ្លើងទៀន។
លោកបញ្ជាក់ថា៖ «ឥឡូវនេះ គ្រាន់តែខ្ញុំវិលត្រឡប់មកដូចជាផ្ទះចាស់របស់ខ្ញុំតែប៉ុណ្ណឹងទេ។ វាអត់មានអីចម្លែកទេ»។
លោកបន្ថែមថាលោកនៅតែចង់ធ្វើនយោបាយ ហើយការចូលរួមជាមួយគណបក្សភ្លើងទៀន ធ្វើឲ្យលោកអាចធ្វើសកម្មភាពនយោបាយ និងអាចបញ្ចេញមតិបាន។
បើតាមលោក ថាច់ សេដ្ឋា គណបក្សភ្លើងទៀននឹងធ្វើសមាជនៅថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២១ដើម្បីពិភាក្សាអំពីរចនាសម្ព័ន្ធថ្នាក់ដឹកនាំនិងការងារមួយចំនួនទៀត។
បើតាមលិខិតរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១គណបក្សបានស្វាគមន៍ការចូលរួមនយោបាយរបស់លោក ថាច់ សេដ្ឋា ហើយបានតែងតាំងលោកជាអ្នកនាំពាក្យគណបក្សចាប់ពីពេលនេះតទៅ។
លោក ថាច់ សេដ្ឋា ឲ្យដឹងថាគណបក្សភ្លើងទៀនមិនទាន់សម្រេចថាតើនឹងចូលរួមការបោះឆ្នោតនៅពេលខាងមុខឬយ៉ាងណាដោយបញ្ជាក់ថាការចូលរួមឬមិនចូលរួមអាស្រ័យលើបរិយាកាសនយោបាយ។
គួរបញ្ជាក់ថាលោក ថាច់ សេដ្ឋា ដែលជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ត្រូវបានផ្តល់នីតិសម្បទាឲ្យធ្វើនយោបាយឡើងវិញ កាលពីខែមេសា ឆ្នាំ២០២១។ លោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១១៨នាក់ ដែលត្រូវបានកាត់សិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រាដែលគណបក្សប្រឆាំងត្រូវបានរំលាយចោលដោយតុលាការកំពូល៕