លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចប្រតិបត្តិការរបស់ទាហានសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងបញ្ហាផ្សេងៗទៀត។
លោក Kerry ក៏បានជួបជាមួយអ្នកការទូតមកពីប្រទេសបារ៉ែន និងអ្នកការទូតមកពីក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ ដើម្បីប្រាប់ព័ត៌មានដល់អ្នកការទូតទាំងនោះអំពីការប្រជុំលើកមុនៗរបស់លោកជាមួយរដ្ឋាភិបាលរុស្ស៊ីអំពីសកម្មភាពយោធានៅក្នុងប្រទេសស៊ីរី។
លោក Kerry ចង់ឲ្យមានការគាំទ្រក្នុងចំណោមប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រពែកនៃតំបន់អាស៊ីខាងលិច ចំពោះប្រទេសស៊ីរី ដែលជាគម្រោងនៅមុនការប្រជុំដែលគ្រោងទុករួចជាស្រេចជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នៅថ្ងៃសុក្រស្អែកនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
នៅក្នុងកិច្ចប្រជុំជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov ភាគីទាំងសងខាងនឹងព្យាយាមរកចំណុចរួមមួយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធា និងការចែកចាយព័ត៌មាន នៅក្នុងកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។
ទស្សនកិច្ចរបស់លោក John Kerry ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតលើកនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសតួកគីបានបើកការវាយប្រហារប្រទេសស៊ីរី ក្នុងគោលបំណងដើម្បីបង្ខំពួកអ្នកប្រយុទ្ធរដ្ឋឥស្លាមឲ្យចេញពីក្រុង Jarablus ដែលទីក្រុងនេះត្រូវបានពួកជីហាដបានគ្រប់គ្រងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយទីក្រុងនេះស្ថិតនៅជិតព្រំដែនភាគខាងត្បូងប្រទេសតួកគី៕