លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានទំនុកចិត្តចំពោះការលើកឡើងរបស់សមាជិកជាច្រើននៃសហគមន៍អន្តរជាតិ រួមមានប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដែលបណ្តាប្រទេសទាំងនោះបានបង្ហាញនូវការគាំទ្រនូវការគោរពទៅតាមច្បាប់ និងដំណោះស្រាយដោយសន្តិវិធីពាក់ព័ន្ធជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
ដោយថ្លែងនៅក្នុងការបញ្ចប់នៃវេទិការថ្នាក់តំបន់របស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលធ្វើឡើងនៅក្នុងប្រទេសឡាវ នាថ្ងៃអង្គារនេះ លោក John Kerry បាននិយាយថា លោកបានចូលរួមនៅក្នុងកិច្ចពិភាក្សាដោយស្មោះត្រង់ និងមានប្រយោជន៍មួយចំនួន ដូចជាការប្រជុំជាមួយលោករដ្ឋមន្រ្តីការបរទេសចិន Wang Yi កាលពីថ្ងៃច័ន្ទម្សិលមិញអំពី «វិថីឆ្ពោះទៅមុខ» ពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលបានច្រានចោលនូវការទាមទាររបស់ប្រទេសចិនលើផ្នែកស្ទើរតែទាំងអស់នៅក្នុងសមុទ្រចិនខាងត្បូងនោះ។
ប្រទេសចិនបានបដិសេធនូវសេចក្តីសម្រេចរបស់តុលាការ ដោយលើកឡើងថាតុលាការគ្មានសិទ្ធិសម្រេចក្នុងការកាត់សេចក្តីលើសំណុំរឿងដែលប្តឹងដោយប្រទេសហ្វីលីពីននេះទេ។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅក្នុងរដ្ឋធានីប្រទេសឡាវ លោក John Kerry ក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ផងដែរ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៦ ដែលហៅថាកិច្ចពិភាក្សាយុទ្ធសាស្រ្តត្រីភាគី ដែលហៅកាត់ជាភាសាអង់គ្លេសថា TSD។
ភាគីទាំង ៣ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យគោរពនូវសេរីភាពនៃការធ្វើចរាចរតាមផ្លូវសមុទ្រ និងសេរីភាពនៃការហោះហើរកាត់ពីលើមហាសមុទ្រអាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ក្នុងពេលនោះដែរ ភាគីទាំង ៣ ក៏បានលើកឡើងពីការប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឯកតោភាគីដែលមានលក្ខណៈបង្ខិតបង្ខំណាមួយដែលអាចធ្វើឲ្យស្ថានការណ៍បច្ចុប្បន្នប្រែប្រួល និងបង្កើននូវភាពតានតឹងផ្សេងៗ។
សេចក្តីថ្លែងការណ៍ដែលចេញដោយសមាជិកទាំង ១០ របស់អាស៊ាន ទំនងជាអាចរកច្រកចេញហើយ បន្ទាប់ពីមានការរារាំងពីប្រទេសកម្ពុជា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសចិន៕