សមត្ថកិច្ចបានឲ្យដឹងថា អភិបាលរងខេត្តកែប លោក ភូ លិ បានរត់គេចខ្លួនខណៈនគរបាលបានកសាងសំណុំរឿងប្រើប្រាស់ហិង្សា និងបៀតបៀនលើស្រ្តី និងបញ្ជូនទៅតុលាការ។
លោក សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា នគរបាលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ រួចហើយបានកសាងសំណុំរឿងមួយនេះបញ្ជូនទៅតុលាការ។ លោកបន្ថែមថា ក្រោយពេលកើតហេតុ អភិបាលរងខេត្តរូបនោះបានរត់គេចខ្លួនបាត់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចប់តំណែងលោក ភូ លិ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយមានសេចក្តីរាយការណ៍អំពីការប្រើប្រាស់ហិង្សា និងបៀតបៀនស្រ្តីក្នុងពិធីជប់លៀងមួយ។ នេះបើយោងតាមអនុក្រឹត្យមួយច្បាប់ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ អនុក្រឹត្យមួយនេះមិនបានបញ្ជាក់មូលហេតុនៃការបញ្ចប់មុខតំណែងនេះឡើយ។
ក្រោយការបញ្ចប់មុខតំណែងនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញញត្តិគាំទ្រមួយ ដោយលើកឡើងថា ស្រ្តីម្នាក់នោះគឺជាមន្រ្តីរាជការពន្ធដារថ្នាក់ប្រធានការិយាល័យនៃពន្ធដារខេត្តកែប។ ញត្ដិលើកឡើងថា អភិបាលរងខេត្ត លោក ភូ លិ បានប្រើអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ស្រ្តីម្នាក់នោះរបួសយ៉ាងធ្ងន់ធ្ងររហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ដោយមានការដេរមុខរបួសស្នាម១៦ថ្នេរ។
ញត្តិបញ្ជាក់ថា៖ «ចំណាត់ការដ៏ត្រឹមត្រូវ និងទាន់ពេលវេលានេះគឺជាការស្វែងរកយុត្តិធម៌ជូនស្រ្តីរងគ្រោះទាំងពីររូប រួមទាំងស្រ្តីមួយរូបដែលជាមន្រ្តីរាជការពន្ធដារផងដែរ»៕