ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​ករណី​បាក់​រលំ​អគារ​ក្នុង​ខេត្ត​កែប​ ដែល​សម្លាប់​មនុស្ស​៣៦​នាក់​ឆ្នាំមុន


​រូបឯកសារ៖ ប្រតិ​បត្តិការរុករកជនរងគ្រោះពីការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ​មិន​ទាន់​ឈាន​ដល់​ការ​សម្រេច​សេចក្តី​ក្នុងសំណុំ​រឿង​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​នៅ​ឡើយ​ទេ ដោយ​សម្រេច​ឲ្យ«ចាត់​របៀប» គឺ​ស៊ើប​អង្កេតបន្ថែម​ទៀត​ក្នុងសំណុំ​រឿង​ដែល​បាន​អូស​បន្លាយជាង​មួយ​ឆ្នាំមក​ហើយ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​២០២០ អគារ​កម្ពស់​៦​ជាន់​នៅ​ខេត្ត​កែប​បាន​បាក់​ស្រុត​ចុះ និង​សម្លាប់​មនុស្ស៣៦​នាក់​ដែល​ភាគ​ច្រើន​ជា​កម្មករ ក្នុង​នោះ​ក៏​មា​ន​ក្មេងៗ​ផង​ដែរ។ កម្មករ​ជាង​២០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

លោក គី តិច ប្រធាន​ក្រុម​មេធាវី«ស្ម័គ្រចិត្ត​សម្តេច​តេជោ» ដែល​ការពារ​ក្តី​ឲ្យ​ជន​រងគ្រោះ​ពី​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ បញ្ជាក់​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ក្រុម​មេធាវី​ក៏​មិន​ជំទាស់​នឹង​នីតិវិធី​ចាត់​របៀប​របស់​តុលាការ​ខេត្ត​កំពត​ដែល​ទទួល​បន្ទុក​កាត់​ក្តី​សំណុំ​រឿង​នៅ​ក្នុង​ខេត្ត​កែប​ដែរ។​

លោក​ផ្តល់​ការ​អធិប្បាយ​ថា៖«ការ​ចាត់​របៀប​ដើម្បី​ស៊ើប​បន្ថែម​ឲ្យ​ច្បាស់លាស់​មុន​ការ​សម្រេច​វា​ជាការ​ល្អ។ ក្រុម​មេធាវី​មិន​មាន​អ្វីដែល​ត្រូវ​តវ៉ា​និង​ជំទាស់​នោះ​ទេ។ ករណី​នេះ​នឹង​ត្រូវ​លើក​យក​មក​ធ្វើ​សវនាការ​ម្តង​ទៀត»។

លោក​បន្ថែម​ថា៖«ក្រុម​មេធាវី​នឹង​បន្ត​ការ​ពារ​ទាម​ទារ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ទោះ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ»។

បើ​តាម​លោក​គី តិច​ តុលាការ​ខេត្ត​កំពត​នឹង​ស៊ើប​សួរ​បន្ថែម​ទៅលើ​សាក្សី​និង​អ្នកជំនាញ​ចំនួន​៧រូប​ ហើយ​និង​ត្រូវ​ជំនុំ​ជម្រះ​សាជាថ្មីទៀត។ ប៉ុន្តែ​លោក​មិន​ផ្តល់​សេចក្តី​លម្អិត​ ពាក់​ព័ន្ធនឹង​ចំនួន​ជន​រងគ្រោះ​ដែល​ទទួល​បាន​សេវា​ផ្លូវ​ច្បាប់​ពី​ក្រុម​មេធាវី​របស់​លោក ​ក្នុង​ការ​តទល់​ក្តី​នេះ​ទេ។

VOA​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពីលោក​ ម៉ាន់ បូរ៉េត​ អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តកំពត​បាន​ទេ ទាំង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ និង​តាម​ទូរស័ព្ទ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ​លោក​សុខ គីន ប្រាប់​វីអូអេ​ថា​លោក​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​ខេត្ត​កំពត​ ដែល​ស្នើ​ឲ្យ​មាន​ការ​ចាត់​របៀប ឬ​ស៊ើប​សួរ​បន្ថែម​ទៅ​លើ​សំណុំ​រឿង​ខាង​លើ​ទេ។ ប៉ុន្តែ​លោក​ថា​យុត្តិធម៌ត្រូវ​តែ​ផ្តល់​ឲ្យ​ជន​រងគ្រោះ​ ដើម្បី​ជា​ការ​ព្រមាន​ដល់​ម្ចាស់​ការដ្ឋាន​សាងសង់​អគារផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​បើ​មាន​រឿង​បែប​ហ្នឹង​ មិន​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​និយោជិត​ដែល​ជា​ជន​រងគ្រោះ​ទេ​ បាន​ន័យ​ថា​បន្ត​ឲ្យ​និយោជក​មួយ​ចំនួន​ហ្នឹង​ នៅ​តែ​កេង​ប្រវ័ញ្ច​ប្រកប​អាជីវកម្ម​របស់​ពួក​គាត់​ហ្នឹង​ បាន​ន័យ​ថា​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ទៅ​លើ​កម្មករ​អ៊ីចឹង​ទៀត។ អា​នេះ​ជា​គំរូ​មិន​ល្អ​សម្រាប់​ប្រទេស​កម្ពុជា»។

រូបឯកសារ​៖ ប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះជាប់នៅក្នុងបំណែកអគារដែលបានរលំនៅក្រុងកែប​ ខេត្តកែប នាថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ​៖ ប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះជាប់នៅក្នុងបំណែកអគារដែលបានរលំនៅក្រុងកែប​ ខេត្តកែប នាថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​ពន្យល់​បន្ថែម​ពី​អ្វី​ដែល​កម្មករ​រងគ្រោះ​គួរទទួល​បាន​យ៉ាង​ដូច្នេះ៖ «ទីមួយ​កម្មករ​ជនរង​គ្រោះត្រូវ​តែ​ទទួល​សំណង​រដ្ឋប្បវេណី។ ទី​ពីរ​អ្នក​ដែល​បង្ក​ បើ​សិន​បើ​តុលាការ​ស៊ើប​ឃើញ​ថា​អ្នក​ណា​ដែល​ជា​ជន​បង្ក​ ត្រូវ​តែ​ចាត់​វិធាន​ការ​តាម​ច្បាប់​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឲ្យ​តាម​ច្បាប់​ព្រហ្មទណ្ឌ​ឲ្យ​គាត់​ទទួល​ទោស​ច្បាប់​ព្រហ្ម​ទណ្ឌ​ ទៅ​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ អានេះ​បាន​កម្មករ​ទទួល​បាន​យុត្តិធម៌»។

សាល​ដីកា​ចាត់​របៀប​សំដៅ​ទៅ​លើ​ការ​ស៊ើប​បំពេញ​កិច្ច​បន្ថែម​ទៅ​ក្នុង​ចំណុច​ខ្វះ​ខាត​ផ្សេងៗ​ ក្រោយ​ការ​បើក​សវនាការ​ជំនុំជម្រះ​មួយ​ ដែល​ធ្វើ​ឲ្យ​តុលាការ​មិន​អាច​ចេញ​សាលក្រម​សម្រេច​ចុង​ក្រោយ ​ហើយ​ចៅក្រម​ណា​មួយ​ដែល​បាន​ចាត់តាំង​ឲ្យ​កាន់​សំណុំរឿង​ ​ត្រូវ​បន្ត​កិច្ច​ស៊ើប​សួរ​បន្ថែម​ទៅ​តាម​ចំណុច​ដែល​ត្រូវ​ស៊ើប​សួរ​ និង​ចង្អុល​បង្ហាញ​ដោយ​សាល​ដីកា​ចាត់​របៀប​នោះ។

លោក​ ទីង ឆាយ អាយុ​៣៥ ឆ្នាំ​ ដែល​ជា​បង​ថ្លៃ​របស់​យុវជន​ នាង ម៉ៃ​ អាយុ​១៥ឆ្នាំ​ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​កែប​នោះ​ មិន​បាន​ដឹង​ពី​សវនាការ​សម្រាប់​ជន​រងគ្រោះ​ពី​ការ​បាក់​រលំ​អគារ​នោះ​ទេ។ លោក​បន្ថែម​ថាសាច់​ញាតិ​លោក ​នាង​ ម៉ៃ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត​ មិន​បាន​ទាមទារ​អ្វី​បន្ថែម​ទៀត​លើ​ប្រាក់​ឧបត្ថម្ភ​របស់​សប្បុរសជន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ដូច​អត់​មាន​អី​ទេ​បង​ គ្រប់​គ្រាន់​អត់​អី​ទេ»។

សាច់​ញាតិមួយ​ចំនួន​របស់​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ក្នុង​ខេត្ត​កែប ឲ្យ​ដឹង​ថា​ពួក​គាត់​មិន​បាន​ដឹងអំពីដំណើរ​ការរឿង​ក្តី​នៅ​តុលាការ​ទេ។

នៅ​ក្រោយ​ហេតុ​ការណ៍​នោះ សាច់​ញាតិ​កម្មករ​ដែល​ស្លាប់​ ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ពី​សប្បុរសជននិង​ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ចំនួន​៥​ម៉ឺន​ដុល្លារ។ ចំណែក​អ្នក​រង​របួស​ទទួល​បាន​១​ម៉ឺន​ដុល្លារ។ ក៏​ប៉ុន្តែ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​មិន​ទាន់​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ឡើយ​ដល់​ជនរង​គ្រោះ​ទាំង​នោះ។

បន្ទាប់​ពី​ហេតុការណ៍​បាក់​អគារ​ដែល​សង់​នៅ​លើ​ដី​ជម្រាល​ក្បែរ​ភ្នំ ម្ចាស់​អគារ​ជា​ប្តី​ប្រពន្ធ គឺ​លោក ​ឯក សារុន និង​អ្នក​ស្រី ​ឈីវ សុធី ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​កម្លាំង​នគរបាល។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ ក្រោយ​តម្កល់​ប្រាក់​ប្រមាណ​៩​ម៉ឺន​ដុលា្លរ​អាមេរិក។ បន្ថែម​លើ​នោះ​ អ្នកទាំងពីរត្រូវ​បាន​ហាម​មិន​ឲ្យធ្វើ​ដំណើរចេញ​ក្រៅ​ប្រទេស។

មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែន​ដី​បាន​លើក​ឡើង​កន្លង​មកថា ​ករណី​បាក់​អគារ​នោះ​ ផ្តើម​ចេញ​ពី«ការ​សាង​សង់​បេតុង​សសរ​មិន​ធន់» តាម​លក្ខណៈ​បច្ចេកទេស។

ក្នុង​ករណី​បាក់​អគារ​ស្រដៀង​គ្នា​នេះ​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៩​ ក៏​មាន​ករណី​អគារ​បាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដែល​បាន​សម្លាប់​មនុស្ស​២៨​នាក់។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០១៨​ស្តីពី​ការ«ឆ្ពោះ​ទៅ​សម្រេច​សក្ដានុពល​នគរូបនីយកម្ម»​ បញ្ជាក់​ថា​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង«គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន​ ​និង​កង្វះ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទី​ប្រជុំជន»។

របាយ​ការណ៍​បាន​បន្ថែម​ថា​ ​ការ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅ​តែ​ជា​បញ្ហា​ដោយសារ​គោល​ការណ៍«សង់​ជា​មុន​ផ្ដល់​អាជ្ញា​បណ្ណ​តាម​ក្រោយ»។

អ្នកការពារ​សិទ្ធិ​កម្មករ​ក្នុង​វិស័យ​សំណង់​លោក​ សុខ គីន កត់​សម្គាល់​នូវ​ការ​ថយ​ចុះ​នៃ​ករណី​សង់​ជា​មុន​ ​ផ្តល់​អាជ្ញា​បណ្ណ​តាមក្រោយ​ ក្រោយ​ហេតុ​ការណ៍​បាក់​អគារ​ធំៗ​ជាប់​ៗគ្នា​តាំង​ពីឆ្នាំ​២០១៩​ មក​ដល់​ឆ្នាំ​២០២០​ដោយ​សារ​ការ​បង្កើត​លិខិត​គតិ​យុត្តិ​ផ្សេងៗ​ ដើម្បី​ធានា​សុវត្ថិភាព​សំណង់​ និង​កម្មករ។

លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីការ​បាក់​អគារ​ ឃើញ​មាន​សេចក្តី​ណែនាំ​ពី​ក្រសួង​ដែនដី​ ឃើញ​ច្បាប់​សំណង់​បាន​ចេញ​ ហើយ​និង​បទដ្ឋាន​គតិ​មួយ​ចំនួន​ដែល​បាន​ចេញ​ហ្នឹង​ ខ្ញុំ​គិត​ថា​អាជ្ញាធរ​ឬ​មួយ​ក៏​រាជរដ្ឋាភិបាល​ហ្នឹង​ គាត់​បានចាត់​វិធាន​ការ​ទៅ​លើ​ក្រុមហ៊ុន​ណាដែល​គាត់​អាច​សាង​សង់​ខុស​ច្បាប់ គាត់​ពិនិត្យ​ទៅ​មើល​ថា​មិន​មាន​ច្បាប់​ទេ​ គាត់​ហ្នឹង​ កន្លងមក​ គាត់​នឹង​បញ្ឈប់​ផ្អាក​សកម្មភាព​តែ​ម្តង»។

លោក​ យន់​ ផល្លី អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត និង​កែប និយាយ​ថា​តុលាការ​បាន​ខិត​ខំ​បញ្ចប់​សំណុំ​រឿង​នេះ តាម​រយៈ​ការ​សម្រេច​ឲ្យ​ស៊ើប​បន្ថែម​លើ​ចំណុច​ខ្វះ​ខាត​ពាក់​ព័ន្ធ​នឹង​សាក្សី ឬ​ក៏​ភស្តុតាង​ផ្សេង​ទៀត ដើម្បី​តុលាការ​អាច​ឈាន​ដល់​ការសម្រេចចុង​ក្រោយ៕

XS
SM
MD
LG