សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta នឹងធ្វើទស្សនកិច្ចមកសេតវិមាននៅថ្ងៃទី ២៧ ខែសីហាខាងមុខនេះ។
លោក Kenyatta នឹងជួបជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីពិភាក្សាទៅលើមធ្យោបាយបង្កើនពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ ខណៈពង្រឹងសហប្រតិបត្តិការសន្តិសុខ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។
កាលពីខែមិថុនា គណៈប្រតិភូអាមេរិកមួយក្រុមដែលរួមទាំងលោក Gilbert Kaplan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកផងនោះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេស កេនយ៉ា ដើម្បីចូលរួមក្នុងកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិក។ លោក Kenyatta ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។
លោក Kaplan បានថ្លែងប្រាប់ VOA ថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាហ្វ្រិកនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចអាមេរិក ហើយថា អាមេរិកកំពុងផ្តល់ធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងសេដ្ឋកិច្ចកេនយ៉ា។
ទាំងលោក ត្រាំ និងលោក Kenyatta បានរងការរិះគន់ចំពោះការជួលក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុនប្រមូលទិន្នន័យរបស់បុគ្គល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧។ ក្រុមហ៊ុន Cambridge Analytica ដែលត្រូវបិទទ្វារកាលពីខែ ឧសភា ត្រូវបានគេរាយការណ៍ថា អាចចូលទៅយកទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកជាង៥០លាននាក់ ដោយប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីជះឥទ្ធិពលទៅលើអ្នកបោះឆ្នោត៕