ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ស្បៀងអាហារ​ពិភពលោក៖ ធនធាន​ទឹក​និង​ដី​កំពុង​រង​ការ​គំរាម​កំហែង


នាយក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ​គឺ​លោក ​ហ្សាក់ ឌីអ៊ូហ្វ (Jacques Diouf) (ស្តាំ) ថ្លែង​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​​កាល​​ខែ​សីហា​ឆ្នាំ​២០១១ ក្នុង​ទី​ក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី អំពី​វិបត្តិ​ទុរ្ភឹក្ស​នៅ​តំបន់​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក (Horn of Africa
នាយក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ​គឺ​លោក ​ហ្សាក់ ឌីអ៊ូហ្វ (Jacques Diouf) (ស្តាំ) ថ្លែង​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​​កាល​​ខែ​សីហា​ឆ្នាំ​២០១១ ក្នុង​ទី​ក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី អំពី​វិបត្តិ​ទុរ្ភឹក្ស​នៅ​តំបន់​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក (Horn of Africa

របាយការណ៍​មួយ​របស់​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ថា ភាព​កាន់​តែ​ខ្សត់​ទៅ​នៃ​ធនធាន​ដី​និង​ទឹក ​ជា​ការនាំឲ្យ​មាន​ហានិភ័យ​ផលិតកម្ម​អាហារ។ អង្គការ​ស្បៀង​អាហារ​ពិភពលោក (FAO)​ បាន​និយាយ​ថា​ នេះ​ជា​ការ​បង្ក​ឲ្យ​មាន​ឧបសគ្គ​នៅ​ពេល​ដែល​ប្រជាជន​ពិភពលោក​ត្រូវ​គេ​រំពឹង​ថានឹង​កើន​ដល់​៩​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០។​

នាយក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ​គឺ​លោក ​ហ្សាក់ ឌីអ៊ូហ្វ (Jacques Diouf) បាន​មាន​ប្រសាសន៍​ថា​របាយការណ៍​នេះ​បាន​ក្រើន​រំលឹក​ពី​ការណ៍​ដែល​ភាព​នៅ​ទ្រឹង​របស់​ផលិតកម្ម​ស្បៀង​អាហារ​នឹង​មិន​អាច​ទ្រទ្រង់​តម្រូវការ​បាន​ទៀត​ទេ។

«របាយការណ៍​នេះ​ជា​ការ​ដាស់តឿន​ឲ្យ​ដឹង​ថា ​មនុស្សជាតិ​លែង​អាច​ចាត់​ទុក​ធនធាន​ដ៏​មាន​តម្លៃ​ទាំងនោះ​ថា​មិន​ចេះ​រីង​ស្ងួត​នោះ​ទេ​ ទៀត​ឡើយ។​ អ្វីៗ​លែង​ធម្មតា(សម្បូរ)​ដូច​មុន​ទៀត​ហើយ»។​

របាយការណ៍​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជាង​៥០​ឆ្នាំ​កន្លង​មក​នេះ​មាន​ការ​កើន​ឡើង​ផលិតកម្ម​ស្បៀង​ជា​ខ្លាំង​ ប៉ុន្តែ​ជា​ទូទៅ​កំណើន​នេះ​មាន​ការ​អម​ជាមួយ​ដោយ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ដី​និង​ទឹក​ផង​ដែរ។​ របាយការណ៍​បាន​បង្ហាញ​ថា ​កំណើន​ផលិតកម្ម​កសិកម្ម​នៅ​ពេល​បច្ចុប្បន្ន​មាន​ការ​ថយចុះ​នៅ​តំបន់​ជា​ច្រើន។​

លើស​ពី​នោះ ​ប្រធាន​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ បាន​មាន​ប្រសាសន៍​ថា ​ធនធាន​ដី​និង​ទឹក​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​លើស​ពី​តម្រូវការ​សម្រាប់​ផលិកម្ម​ស្បៀង​ទៅ​ទៀត។​

«ធនធាន​ដី​និង​ទឹក​សម្រាប់​ផលិតកម្ម​ស្បៀង​នៅ​ក្នុង​ករណី​ជាច្រើន​បាន​រង​នូវ​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​តម្រូវការ​ផ្សេងៗ​គ្នា​ទៀត​ជា​ច្រើន​ សម្រាប់​ការ​ប្រើប្រាស់​ដូច​ជា​ ការ​ពង្រីក​ទីក្រុង​ វារីវប្បកម្ម​ និង​ការ​ដាំ​ដំណាំ​សម្រាប់​ជីវឥន្ធនៈ​រាវ»។

គាត់​បាន​និយាយ​ថា ​តំបន់​ខ្លះ​ទទួល​រងការ​គំរាមកំហែង​កាន់​តែខ្លាំង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​អាច​មាន​ឥទ្ធិពល​ដល់​ សីតុណ្ហភាព របប​ទឹក​ភ្លៀង​ និង​ លំហូរ​ទឹក​ទន្លេ។

យើង​បាន​ដឹង​មួយ​រយៈ​មក​ហើយ​ថា ​នៅ​ត្រឹម​ឆ្នាំ​២០៥០ ​ដោយសារ​តែ​ការ​កើនឡើង​ចំនួន​ប្រជាជន​និង​កំណើន​ខ្ពស់​នៃ​កម្រិត​ការ​ប្រើប្រាស់​ស្បៀង​ ផលិកម្ម​ស្បៀង​ពិភពលោក​នឹង​ត្រូវ​បង្កើន​ឲ្យ​ដល់​ទៅ​៧០​ភាគរយ។ ប៉ុន្តែ​បន្ទុក​ត្រូវ​ធ្លាក់​ទៅ​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​តម្រូវ​ឲ្យ​សម្រេច​បាន​កំណើន​ផលិតកម្ម​ស្បៀង​ដល់​ទៅ​១០០​ភាគរយ។

អនុសាសន៍​រួមមាន ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ធនធាន​ដី​និង​ទឹក​ តាមរយៈ​ការ​កែ​លម្អ​ប្រព័ន្ធ​ស្រោចស្រព​និង​ការ​រកឃើញ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ ការ​បង្កើន​ការ​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ដី​ដែល​មាន​ស្រាប់​ និង​ការ​ធានា​ថា ​គោល​នយោបាយ​ជាតិ ​ដោះស្រាយ​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ដី​និង​ទឹក។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា«ស្ថានភាព​ធនធាន​ដី​និង​ទឹក​សម្រាប់​កសិកម្ម​និង​ស្បៀង​អាហារ​ក្នុង​ពិភពលោក»​ (State of the World's Land and Water Resources for Food and Agriculture) បាន​និយាយ​ទៀត​ថា ​គ្មាន​តំបន់​ណាមួយ​ដែល​នឹង​រួច​ផុត​ពី​ការ​ប៉ះពាល់​នោះទេ។ របាយការណ៍​នេះ​និយាយ​ថា ប្រសិន​មិន​មាន​ការ​ចាត់​វិធានការ​ទប់ទល់​ពេល​នេះ​ទេ ទាំង​ភាពក្រីក្រ​និង​ភាពអត់ឃ្លាន​នឹង​កើន​ឡើង៕

ប្រែ​សម្រួល​ដោយ គឹង ភិរុណ

XS
SM
MD
LG