ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ថា​ សំណុំ​រឿង​លោក​កឹម សុខា​អាច​ពន្យារ​ពេល​ដល់​២០២៤​ ខណៈ​មេធាវី​ជំរុញ​ឲ្យ​ពន្លឿន​សវនាការ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ។

មេធាវី​របស់​លោក​កឹម សុខា​បាន​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ការ​កាត់​ទោស​ដើម្បី​ឲ្យ​កូនក្តី​របស់​លោក​អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​ ខណៈ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​លើក​ឡើង​ថា​ សំណុំ​រឿង​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អាច​ពន្យារ​ពេល​ដល់​ឆ្នាំ​២០២៤។​

កាសែត​ខ្មែរ​ថាមស៍​(Khmer Times)​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​ដក​ស្រង់​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្រ្តី​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថាសំណុំ​រឿង​របស់​លោក​កឹម សុខា​អាច​ពន្យារ​ពេល​រហូត​ដល់​៤​ឆ្នាំ។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​កាសែត​ខ្មែរថាមស៍​បាន​លើក​ឡើង​ទៀត​ថា​លោក​កឹម សុខា​បាន​ស្នើ​ឲ្យ​ពន្លឿន​ការ​កាត់​ក្តី​រូប​លោក​ក្នុង​ឱកាស​ដែល​លោក​បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ម្តាយ​ក្មេក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ប៉ុន្តែ​លោក ​ហ៊ុន សែន​ថា​វា​អាស្រ័យ​លើ​តុលាការ។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នោះ​ដែរ ​ប្រាប់ ​VOA ​នៅថ្ងៃ​អង្គារ​ថា ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ជា​ការ​ព្យាករណ៍​តែ​ប៉ុណ្ណោះ ​តាម​រយៈ​ការ​សាកសួរ​អ្នក​ច្បាប់ ហើយ​លោក​ថា​ មិន​មែន​ជា​ការ​បង្គាប់​បញ្ជា​ទៅ​តុលាការ​នោះ​ទេ។ ​លោក​ចាត់​ទុក​ករណី​លោក​កឹម សុខា ​«ស្មុគស្មាញ»​និង​«ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​រក​ភស្តុតាង»។​

លោក​ផៃ ស៊ីផាន​មាន​ប្រសាសន៍​ថា៖​ «ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​ហើយ​លោក​(នាយក​រដ្ឋមន្រ្តី)​សួរ​ទៅ​ខាង​តុលាការ​ សួរ​ អ្នក​ជំនាញ​ច្បាប់ ​ពី​ព្រោះ​ករណី​ឧក្រិដ្ឋ​កម្ម​អ៊ីចឹង​ វា​ត្រូវ​ការ​ប្រើ​ពេល​យូរ​ក្នុង​ការ​ស្វែង​រក​ផល​ប្រយោជន៍​ជូន​ជន​ជាប់​ចោទ​(លោក​កឹម សុខា)»។​

លោក​បន្ថែម​ថា៖​ «លោក​(ហ៊ុន សែន)​ គ្មាន​សិទ្ធិ​ណា​ទៅ​សម្រេច​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ទេ​ ពីព្រោះ​តុលាការ​ធ្វើ​ទៅ​តាម​អង្គ​ហេតុ​និង​អង្គ​ច្បាប់ ​ឈរ​ទៅ​លើ​ករណី​ជាក់​ស្តែង​រឿង​ភស្តុតាង»។ ​

នៅ​ពេល​សួរ​ថា​ មូល​ហេតុ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្រ្តី​លើក​ឡើង​ករណី​លោក​កឹម សុខា​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​ លោក​ផៃ ស៊ីផាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ដឹង​មូលហេតុ​នោះ​ទេ។​

លោក​ផេង ហេង ​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា​ ថ្លែង​ប្រាប់​VOA​ថា​ស្ថានភាព​ជំងឺ​កូវីដ១៩​បាន​ធូរ​ស្បើយ​ខ្លាំង​ហើយ​ ដូច្នេះ​មិន​គួរ​មាន​ការ​ពន្យារ​ពេល​សវនាការ​យូរ​នោះ​ទេ។ ​ លោក​បន្ថែម​ថា​ ក្រសួង​យុត្តិធម៌​ក៏​មាន​គោល​ការណ៍​ពន្លឿន​ដោះ​ស្រាយ​សំណុំ​រឿង​កុំ​ឲ្យ​កក​ស្ទះ ​ ហើយ​សំណុំ​រឿង​លោក​កឹម សុខា​ក៏​ជា​សំណុំ​រឿង​មួយ​ ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ខ្ញុំ​គិត​ថា​ សំណុំ​រឿង​គួរ​តែ​ចាប់​ផ្តើម​សវនាការ​ឡើង​វិញ​ដើម្បី​ឆាប់​បញ្ចប់ ព្រោះ​គោល​ការណ៍​យុត្តិធម៌ ​ការ​ទុក​ មិន​ធ្វើ​សវនាការ​ ក៏​មិន​បាន​ផ្តល់​យុត្តិធម៌​សម្រាប់​ភាគី​ដែរ»។​

លោក​មេធាវី​បន្ត​ថា ​ការ​ថ្លែង​របស់​អ្នក​នយោបាយ​ដែល​មាន​ឥទ្ធិពល​អាច​ប៉ះពាល់​ដល់​ការ​សម្រេច​របស់​តុលាការ​ផង​ដែរ។ ​លោក​បញ្ជាក់​ថា៖ ​«ការ​ប៉ះពាល់​វា​ចេះ​តែ​មាន​ហើយ​ប្រសិន​បើ​អ្នក​នយោបាយ​ដែល​មាន​ឥទ្ធិពល​ថ្លែង​សារ​ណា​មួយ ​ធ្វើ​ឲ្យ​ផ្នែក​តុលាការ​ហ្នឹង ​គាត់​ធ្វើ​ការ​ពិចារណា​ធ្វើ​ឲ្យ​ឆន្ទានុសិទ្ធ​របស់​ចៅ​ក្រម​ក្តី​អាច​នឹង​មាន​ការ​ប៉ះពាល់​ចៀស​មិន​ផុត​ទេ»។​

កាល​ពីខែ​មិថុនា ​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​សវនាការ​លើ​សំណុំ​រឿង​នេះ​ដោយ​សារ​មើល​ឃើញ​ថាស្ថានភាព​ជំងឺ​កូវីដ១៩​ហាក់​បាន​ធូរស្រាល​ឡើង​វិញ។​ប៉ុន្តែ​ចៅ​ក្រម​ លោក ​កូយ​ សៅ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​បាន​លើក​ឡើង​ថា​ គប្បី​បន្ត​ផ្អាក​តទៅ​ទៀត​ ដោយ​សារ​ស្ថាន​ភាព​កូវីដ១៩។​

ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​តាំង ស៊ុនឡាយ​ ប្រាប់​VOA​ថា ​សវនាការ​លើ​សំណុំ​រឿង​លោក​កឹម សុខា​មិន​ទាន់​កំណត់​ពេល​នោះ​ទេ ​ហើយ​លោក​ថា​ រង់​ចាំ​ចប់​ជំងឺ​កូវីដ១៩​សិន។​ នៅ​ពេល​សួរ​បន្ត​ទៀត​ លោក​ស្នើ​ឲ្យ​សួរ​ទៅ​អ្នក​នាំពាក្យ​របស់​តុលាការ ​ដោយ​អះអាង​ថា​ ជាប់​រវល់​ប្រជុំ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អូ!​អាហ្នឹង​ចាំ​ធូរ​ស្បើយ​រឿង​ហ្នឹង​(ជំងឺ​កូវីដ១៩)​សិន​ទៅ។ ​ អ៊ីចឹង​ខ្ញុំ​នៅ​ប្រជុំ ទាក់ទង​ទៅ​អ្នក​នាំពាក្យ​ចុះ ​ព្រោះ​ខ្ញុំ​ប្រគល់​ការងារ​ហ្នឹង​ជូន​គាត់​អស់​ហើយ»។​លោក​បញ្ជាក់​បន្ថែម​ថា៖ ​«ខ្ញុំ​អត់​ទាន់​ដឹង​ទេ ​ចាំ​មើល​ជែក​ជាមួយ​ក្រុម​ប្រឹក្សា​ព្រោះ​ ក្រុម​ប្រឹក្សាអ្នក​សម្រេច​ទេ ​កម្ម​វិធី​អស់​ហ្នឹង​នោះ»។​

លោក​គុជ គឹមឡុង​ អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​យក​ព័ត៌មាន​VOA​នោះ​ទេ។​

ករណី​របស់​លោក​កឹម សុខា​ត្រូវ​បាន​លោក​មាស នី​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ លើក​ឡើង​ថា​ ជា​រឿង​នយោបាយ​ ដូច្នេះ​អ្វីៗ​អាស្រ័យ​លើ​ស្ថាន​ការណ៍​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សម្រាប់​ខ្ញុំ ​ខ្ញុំ​នៅ​តែ​អះអាង​ថា ​វា​ជា​ទោស​នយោបាយ ។ ​ទោស​នយោបាយ​គឺ​គេ​ទុក​ឲ្យ​ទៅ​តាម​ការ​វិវត្ត​នៃ​នយោបាយ។​ពេល​ណា​ដែល​គេ​ត្រូវ​បំបិទ​មាត់​មិន​ឲ្យ​អ្នក​ហ្នឹង​និយាយ​អី​ច្រើន គឺ​គេ​ទុក ​យក​ទៅ​ទុក​ចោល​អ៊ីចឹង​ទៅ។ ​ ហើយ​ពេល​ណា ​គេ​នឹក​ឃើញ​ឃើញ​ពេល​វេលា​សម​ស្រប​អាច​ត្រូវ​ដោះ​ស្រាយ ​គេ​ដោះ​ភ្លាម​អ៊ីចឹង​ទៅ ​ស្ទើរ​តែ​២៤​ម៉ោង។​ បើ​ចាប់​ចាប់​២៤​ម៉ោង​បើ​លែង​ក៏​លែង​២៤​ម៉ោង​ដែរ»។​

លោក​លើក​ឡើង​ទៀត​ថា​ ​ករណី​កឹម សុខា​«នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច» ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាំ​មើល​ពី​ស្ថានភាព​នៃ​គណបក្ស​ប្រឆាំង​ថា ​តើ​មាន​ឥទ្ធិពល​ឬ​យ៉ាង​ណា។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​តាំង​ពី​ដើម​មក​ប្រសិន​បើ​ស្ថានភាព​នៅ​បែប​នេះ នៅ​មាន​ការ​តវ៉ា​រពើតៗ​ដូច​ឥឡូវ​នេះ​គឺ​ករណី​លោក​កឹម សុខា​អាច​ពន្យារ​ពេល​ដល់​២០២៣​សម្រាប់​ការ​បោះ​ឆ្នោត ​ហើយ​ដំណោះ​ស្រាយ​ទាំង​ឡាយណា​ដែល​គណបក្ស​កាន់​អំណាច​មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បំផ្លាញ​រចនា​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ទេ ​ករណី​លោក​កឹម សុខា​នៅ​តែ​អណ្តែត​បន្ត​ទៅ​ទៀត»។​

លោក​ មាស នី​ មិន​សង្ឃឹម​ច្រើន​នោះ​ទេ​លើ​សម្ពាធ​អន្តរជាតិ​ ដូច​ជា​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ឬ​ EBA ​របស់​សហភាព​អឺរ៉ុប​ជា​ដើម។ លោក​បន្ថែម​ថា​ កាលៈទេសៈ​នេះ ​ពិបាក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រឡប់​ក្រោយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ។​

កាល​ពី​ដើម​ខែ​កញ្ញា​ លោក ​កឹម សុខា​បាន​អំពាវនាវ​សាជា​ថ្មី​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។ លោក​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ថា៖ ​«រហូត​មក​ដល់​ថ្ងៃ​នេះ​ អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយ ​ដែល​ខ្ញុំ​បាត់​បង់​នូវ​សិទ្ធិ​សេរីភាព ​ពិសេស​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ​ដើម្បី​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ»។​

លោក ​កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន​ នា​ពេល​យប់​ថ្ងៃ​ទី​២ ​ឈាន​ចូល​ថ្ងៃ​ទី៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧។​មក​ទល់​ពេល​នេះ​ លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅឃុំ​ តែ​សវនាការ​លើ​សំណុំ​រឿង​ របស់​លោក​ពី​បទ​«សន្ទិដ្ឋិភាព​ជា​មួយ​បរទេស»​នៅ​តែ​បន្ត​អូស​បន្លាយ។​

សវនាការ​លើ​សំណុំ​រឿង​លោក ​កឹម សុខា​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​២០២០​ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ចាប់​តាំង​ពី​ចុង​ខែ​មីនា ​ដោយ​ក្រុមមន្ត្រី​លើក​ឡើង​ថា​ជា​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។​

លោក​ កឹម សុខា ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង ​និង​លើក​លែង​ការ​ឃុំ​នៅ​ផ្ទះ​នោះ ​ត្រូវ​បាន​គេ​ឃើញ​ថា​ ​បាន​ចេញ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​តាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​និង​បណ្ដា​ខេត្ត​ផ្សេង​ទៀត ​ដូចជា​ខេត្ត​កំពង់ចាម​ និង​ត្បូងឃ្មុំ​ជា​ដើម ​ទោះបី​លោក​ត្រូវ​តុលាការ​ព្រមាន​ដាស់​តឿន​ក្រើន​រំឭក​ពី​លក្ខខណ្ឌ​តម្រូវ​នៃ​នីតិវិធី​ឃ្លាំ​មើល​របស់​តុលាការ​យ៉ាង​ណា​ក្តី៕​

XS
SM
MD
LG