ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​ ចុះ​ជួប​អ្នក​បោះឆ្នោត​តាម​ខេត្ត​​ ​ក្រោយពី​សម្ងំ​ក្នុង​ស្នាក់ការ​គណបក្ស​ជាង​កន្លះឆ្នាំ


រូបឯកសារ៖ លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។ ​(​ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។ ​(​ឡេង ឡែន/VOA)

តាម​​កម្មវិធី​របស់​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា​ នឹង​ជួប​សកម្មជន​គណបក្ស​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង ក៏​ប៉ុន្តែ​ការ​ជួប​ប្រជុំ​នេះ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​ទេ​ គឺ​ភាគ​ច្រើន​ធ្វើ​ឡើង​លក្ខណៈ​បិទ​ទ្វារ។​

អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​បន្ទាប់​ពី​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ង្គ្រោះជាតិ​បាន​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​ដោយ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព និង​ក្រោយ​ពី​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​ស្រ្តី​ម្នាក់​ដែល​សង្ស័យ​ថា​ ជា​ស្ត្រី​កំណាន់​ចិត្ត​របស់​លោក​រួច​មក លោក​ កឹម សុខា​ បាន​ចាប់​ផ្តើម​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​នៅ​តាម​បណ្តា​ខេត្ត​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​សកម្មជន​គណបក្ស​មុន​ការ​បោះ​ឆ្នោត។

តាមកម្មវិធី​របស់​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា​ នឹង​ជួប​សកម្មជន​គណបក្ស​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង ក៏​ប៉ុន្តែ​ការ​ជួប​ប្រជុំ​នេះ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​ទេ​ គឺ​ភាគ​ច្រើន​ធ្វើ​ឡើង​លក្ខណៈ​បិទ​ទ្វារ។​

ខេត្ត​ដែល​លោក​ កឹម សុខា​ បាន​ចាប់​ផ្តើម​ជួប​សកម្មជន​មុន​គេ​កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​ខេត្ត​ព្រះសីហនុ​ ខេត្ត​កែប​ និង​ខេត្ត​កំពត ​ហើយ​ក្រោយៗ​មក​ទៀត​លោក​នឹង​បន្ត​ជួប​សកម្មជន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​ ដំណើរ​ចុះ​តាម​មូលដ្ឋាន​របស់​លោក​ កឹម សុខា​ គឺ​ដើម្បី​ពិនិត្យ​មើល​ការ​វិវត្ត​នៅ​មុន​ការ​បោះ​ឆ្នោត។​

លោក​ យឹម សុវណ្ណ​ បាន​បញ្ជាក់​ថា៖

«គោល​បំណង​គឺ​គាត់​ (កឹម សុខា) ទៅ​សួរសុខ​ទុក្ខ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​ លើក​ទឹក​ចិត្ត​ និង​ពិនិត្យ​មើល​កិច្ចការ​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​បេក្ខជន​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នាពេល​ខាង​មុខ»។​

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​សម្ងំលាក់​ខ្លួន​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​រឿង​ស្នេហា​លួច​លាក់​ជាមួយ​នាង ខុម ចាន់តារ៉ាទី​ ហៅ​ «ស្រីមុំ»។​

មាន​មនុស្ស​ចំនួន​៦​នាក់​យ៉ាងតិច​ត្រូវ​បាន​ចាប់​ឃុំឃាំង​ នៅ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​នោះ។ ​លោក​ស៊ាង ចែត​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យមាន​សេរីភាព​វិញ​ បន្ទាប់​ពី​មាន​ព្រះ​រាជ​ក្រឹត​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ។​

ចំណែក​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ចំនួន​៤​នាក់ និង​លោក​នី ចរិយា​ អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កំពុង​សិ្ថត​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ ​ដើម្បី​រង់ចាំ​ជំនុំជម្រះទោស​ពី​បទ ​«សូកប៉ាន់​សាក្សី ​និង​ផ្សំ​គំនិត​សូកប៉ាន់​សាក្សី»។​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ថា​ សកម្មភាព​របស់​លោក​កឹម សុខា​ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ជួប​សកម្មជន​នៅ​តាម​បណ្តា​ខេត្ត​ មិន​បាន​បង្ក​ឲ្យ​គណបក្ស​គ្រប់​គ្រង​អំណាច​មាន​ការ​ព្រួយ​បារម្ភ​អំពី​ប្រជាប្រិយភាព​របស់​លោក​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នោះ​ទេ។​

លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និយាយ​ថា៖​

«យើង​មិន​ព្រួយ​បារម្ភ​ទេ​ ពី​ព្រោះ​យើង​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​នាំ​ជា​ច្រើន​អាណត្តិ​មក​ហើយ។ ​យើង​ទៅ​ខ្លាច​ព្រួយ​ចំពោះ​ការ​ប្រកួត​ប្រជែង​ពី​គណបក្ស​ដទៃ​ អាហ្នឹង​គឺ​ថា​ ​មិន​អាច​ទៅ​រួច​ទេ»។​

មិន​មែន​មាន​តែ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​ទេ​ដែល​បាន​ចុះ​ជួប​សកម្ម​ជន​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​នោះ គណបក្ស​តូចៗ​ដែល​មិន​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ក៏​មាន​ផែន​ការ​របស់​ខ្លួន​ផង​ដែរ។​

លោក​ញ៉ឹក ប៊ុនឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ បាន​បញ្ជាក់​ប្រាប់​ VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ គណបក្ស​របស់​លោក​បាន​ដាក់​កម្មវិធី​ដើម្បី​ពង្រឹង​សកម្មភាព​របស់​គណបក្ស​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​គ្រោង​នឹង​ប្រព្រឹត្តឡើង​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ៕

XS
SM
MD
LG