ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ កឹម សុខា ថា ការ​យក​រូប​ថត​កូន​ស្រី​របស់​លោក​ហូប​បាយ​ជាមួយ​បរទេស​មក​សួរ​លោក ​ជា​រឿង​ «អសីលធម៌»


លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករាឆ្នាំ២០២០។
លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករាឆ្នាំ២០២០។

នៅ​ថ្ងៃពុធ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​បើក​សវនាការ​ថ្ងៃ​ទី៧ នៃ​សប្តាហ៍​ទី​៤​ ដើម្បី​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។

ក្នុង​សវនាការ​ថ្ងៃ​ទី​៧ នៃ​ការ​ជំនុំជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ តំណាង​អយ្យការ​បានយក​រូប​ថត​បាន​មកពី​ទំព័រ​ហ្វេសប៊ុក «កូនខ្មែរ» ដែល​អះអាង​ថា​ជា​រូប​ថត​កូនស្រី​របស់​លោក កឹម សុខា​ ថត​ជាមួយ​អតីត​ប្រធាន​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI) ប្រចាំ​កម្ពុជា​សួរ​ទៅ​លោក​កឹម សុខា ខណៈ​មេធាវី​របស់​លោក កឹម សុខា បន្ថែម​ភស្តុតាង​ចំនួន​១៦។

នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជា​សប្តាហ៍​ទី​៤​នៃ​សវនាការ​ជំនុំ​ជម្រះ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។ ខណៈ​កំពុង​មាន​ការ​ជជែក​ដេញ​ដោល តំណាង​អយ្យការ​មួយ​រូប គឺ​លោក វង្ស ប៊ុនវិសុទ្ធ បាន​ចាប់​ផ្តើម​សួរ​លោក កឹម សុខា អំពី​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​និង​ទំនាក់​ទំនង​កូនស្រី​ទាំង​ពីរ​របស់​លោក កឹម សុខា ថាមាន​ពាក់ព័ន្ធ​នឹង​គណបក្ស​ទេ។ ​

លោក​ កឹម សុខា និយាយ​ថា នៅ​ពេល​នោះ កូនស្រី​របស់​លោក​ម្នាក់​ជាប់​រៀន​និង​ម្នាក់​ទៀត​កំពុង​ធ្វើ​ការ​មិន​បាន​ជួយ​លោក​ក្នុងការ​បង្កើត​គណបក្ស​ទេ។ លោក​ កឹម សុខា បន្ថែម​ថា លោក​សុំ​មិនធ្វើ​អត្ថាធិប្បាយ​ច្រើន​ពាក់ព័ន្ធនឹង​កូន ដោយ​គ្រាន់​តែ​បញ្ជាក់​ថា៖ «កូន​ខ្ញុំ​អត់​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ទេ»។

លោក វង្ស ប៊ុនវិសុទ្ធ​ បាន​បន្ថែម​ដោយ​លើក​យក​រូប​ថត​មួយ​សន្លឹកដោយ​អះអាង​ថា​ជា​រូប​ថត​បាន​ពី​ការ​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​ឈ្មោះ «កូនខ្មែរ» ដោយ​បញ្ជាក់​ថា ជា​រូប​របស់​កូន​ស្រី លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា​ ថត​ជាមួយ​លោក Jackson Cox អតីត​ប្រធាន​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI) ប្រចាំ​កម្ពុជា។ លោក​តំណាង​អយ្យការ​សួរ​លោក កឹម សុខា ​ថា តើ​មាន​ស្គាល់​លោក Jackson Cox ទេ?

រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA នៅ​មុខ​ស្ថាន​បេសកម្ម​អាមេរិក​ប្រចាំ​អង្គការ​សហ ប្រជាជាតិ ក្នុង​បុរី​ញូយ៉ក នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)
រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA នៅ​មុខ​ស្ថាន​បេសកម្ម​អាមេរិក​ប្រចាំ​អង្គការ​សហ ប្រជាជាតិ ក្នុង​បុរី​ញូយ៉ក នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

លោក វង្ស ប៊ុនវិសុទ្ធ សួរ​លោក កឹម សុខា បន្ថែម​ថា៖ «មើល​រូប​ថតហើយ តើ​ស្គាល់​នរណា​ខ្លះ?»។

​លោក​ កឹម​ សុខា បញ្ជាក់​ដោយ​ដំឡើង​សំឡេង​ថា៖ «អសីលធម៌​ណាស់ អគុណធម៌​ណាស់ យក​រូប​ថត​អង្គុយ​ហូប​បាយ​មក​សួរ»។ លោក​បន្ត​ថា៖ «សុំ​សួរ​ប្រភព បើ​ប្រភព​អនាមិក​មិនច្បាស់ សុំ​មិន​ឆ្លើយ»។

លោក វង្ស ប៊ុនវិសុទ្ធ បាន​បន្ថែម​ថា ក្នុង​ទំព័រ​ហ្វេសប៊ុក «កូនខ្មែរ» ដដែល បញ្ជាក់​ថា គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា ត្រូវ​បាន​ជួយ​ជ្រោម​ជ្រែង​ដោយ​លោក Jackson Cox ។

លោក​ កឹម សុខា មិន​ឆ្លើយ​សំណួរ​នេះ​ដោយ​ថា​ជា​ប្រភព​អនាមិក ហើយ​លោក​បាន​ស្នើ​ឲ្យ​ចៅក្រម​ស្វែង​រក​ប្រភព​បញ្ជាក់​ឲ្យ​ច្បាស់។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ចៅក្រម​បញ្ជាក់​ថា ភស្តុតាង​នេះ​មាន​ក្នុងសំណុំ​រឿង។

ក្រុម​មេធាវី​របស់​លោក​ កឹម សុខា អះអាង​ថា ភស្តុតាង​ដែលមាន​ជារូប​ថត​បង្ហាញ​ដោយ​លោក វង្ស ប៊ុន​វិសុទ្ធ​ នេះ ​ពួកគេ​មិន​បាន​ទទួល​នោះ​ទេ។ យ៉ាង​ណា​ក្តីចៅក្រម​លោក កូយ សៅ សុំ​មិន​បន្ត​វែក​ញែក​ច្រើន ដោយ​បញ្ជាក់​ថា នឹង​ថត​ចម្លង​ជូន​មេធាវី​ការពារ​ក្តី​លោក កឹម​ សុខា នៅ​ថ្ងៃ​សវនាការ​បន្ទាប់។​

ក្នុង​សវនាការ​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ តំណាង​អយ្យការ​មួយ​រូប​ទៀត គឺ​លោក ប្លង់​ សុផល ថា​លោក មុត ចន្ថា ជំនួយ​ការ​របស់​លោក កឹម​ សុខា ធ្វើ​ខុស​ច្បាប់ ដោយសារ​លោក​បាន​ហុច​ក្រដាស​ទៅ​មក​ជាមួយ​មេធាវី​របស់​លោក កឹម សុខា។ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បញ្ជាក់​ថា លោក មុត ចន្ថា ជា​ជំនួយការ​ផ្នែក​ច្បាប់​របស់​ពួកគេ ដូច្នេះ​ពួកគេ​អាច​ទទួលបាន​ការ​ប្រាប់​ពី​មាត្រា​ច្បាប់​ពី​លោក មុត ចន្ថា។

យ៉ាង​ណាក្តី លោក​ចៅក្រម​ កូយ សៅ បាន​សម្រេច​ឲ្យ​លោក មុត ចន្ថា ប្តូរ​ពីការ​អង្គុយ​កៅអី​ជាមួយសាធារណជន ​ទៅ​អង្គុយ​នៅ​ខាង​ក្រោយ​មេធាវី​វិញ។​

ក្នុង​សវនាការ​នា​រសៀល​នេះ ចៅក្រម​បាន​សម្រេច​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ពន្យល់​ពី​ភស្តុតាង​ថ្មី​ចំនួន​១៦ ដែល​ពួកគេ​ទើប​ដាក់​កាល​ពី​ថ្ងៃ​អង្គារ​នេះ។ ភស្តុតាង​នេះជាការ​ដាក់​បន្ថែម​លើ​ភស្តុតាង​ចំនួន​៣៥​ទៀត ដែល​ក្រុម​មេធាវី​បាន​ដាក់​កាល​ពី​សប្តាហ៍​មុន។

អ្នកស្រី​ ម៉េង សុភារី មេធាវី​ការពារ​លោក​ កឹម សុខា មួយ​រូប​បញ្ជាក់​ក្នុង​សវនាការ​នោះ​ថា ភស្តុតាងថ្មី​ចំនួន​៨ គឺ​ជា​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ពី​ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ពេល​លោក​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។ អ្នកស្រី​ថា ​វា​ជា​ការ​បង្ហាញ​ពី​ការ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា ដោយ​អហិង្សា ឆ្ពោះ​ទៅ​រក​ការបោះ​ឆ្នោត​និងមិន​មាន​ពាក់ព័ន្ធ​នឹង​បរទេស​ណា​ក្នុង​ការ​បង្កើត​គណបក្ស។

អ្នកស្រី ម៉េង សុភារី​ បន្ថែម​ថា ភស្តុតាង​ចំនួន​៨​ផ្សេង​ទៀត​គឺ​ជា​រូប​ថត​ដែល​បង្ហាញ​ពី​ជំនួប​រវាង​លោក កឹម សុខា និង​លោក John Cavanaugh ដែល​ជា​អតីត​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ (NDI) រូប​ថត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភាជួប​ជា​មួយ​លោក John Cavanaugh ដែរ ព្រមទាំង​រូប​ថត​នៃ​ការ​ធ្វើ​សិក្ខា​សាលា​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត ដែល​រៀប​ចំ​ដោយ​អង្គការ IRI និង​NDI។

ក្រោយ​ការ​ពន្យល់​រៀប​រាប់​របស់​មេធាវី​លោក កឹម សុខា ពី​ការ​ដាក់​បន្ថែម​ភស្តុតាង តំណាង​អយ្យការ​និង​មេធាវី​តំណាងរដ្ឋាភិបាល​បញ្ជាក់​ថា ពួកគេ​មិន​ទាន់មាន​ពេល​ដើម្បី​ពិនិត្យ​ ដូច្នេះ​សុំ​មិន​ទាន់​បញ្ចេញ​យោបល់​បែប​ណា​នៅ​ឡើយ។​

ក្រោយ​ការ​ជជែក​ដេញ​ដោលទៅ​វិញ​ទៅមក​រវាង​ភាគី​ពាក់ព័ន្ធ លោក​ចៅក្រម កូយ សៅ បាន​ប្រកាស​បិទ​សវនាការ​នៅ​ម៉ោង​ប្រមាណ​ជា​៥​រសៀល៕

XS
SM
MD
LG