ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា បដិសេធ​សំណួរ​របស់​ចៅក្រម​អំ​ពី​«រចនា​សម្ព័ន្ធ​សម្ងាត់»នៅCCHR


លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

លោក​ កឹម សុខា ​និយាយ​ក្នុង​សវនាការ​នោះ​ថា៖ ​«សូម​ចៅក្រម​កោះ​ហៅ​សហរដ្ឋ​អាមេរិក​ ហើយ​សួរ​ពួកគេ​ឱ្យ​ឆ្លើយ​សំណួរ​ទាំង​នេះ​ទៅ​»។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ សហ​ចៅក្រម​នៃអង្គ​ជំនុំ​ជម្រះសវនាការ​សំណុំ​រឿង​របស់មេដឹកនាំបក្ស​ប្រឆាំង​ពីបទ​ «ក្បត់​ជាតិ» បាន​សួរ​ទៅ​កាន់​លោក កឹម​ សុខា ថា​មាន​បាន​ចាត់​តាំង «​រចនា​សម្ព័ន្ធ​សម្ងាត់»​ ដែល​ជា​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សាខា​តាម​បណ្តា​ខេត្ត​ ឬ​ទេ​ ប៉ុន្តែ​លោក កឹម សុខា បាន​ច្រាន​ចោល​។

សវនាការ​សំណុំ​រឿង​របស់​លោក ​កឹម​ សុខា ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បន្ត​ ដោយ​ចៅក្រម​មួយ​រូប​ក្នុង​ចំណោម​បី​រូប បាន​សួរ​លោក ​កឹម សុខា​ ពី​ការងារ​របស់​លោក​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)។ លោក​ចៅ​ក្រម​ សេង ​លាង ​បាន​សួរ​ទៅ​លោក​ កឹម សុខា ​អំពី​អតីត​បុគ្គលិក​នៅ​ទីនោះ សួរ​ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​ផ្ទៃក្នុង​ និងលក្ខន្តិកៈ​នៃ​ការ​ជ្រើសរើស​បុគ្គលិក​ ថវិកា​ដែល​ទទួល​បាន​ និង​បានសួរ​អំពី​សាខា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​ និង​បុគ្គលិក​នៅ​តាមបណ្តា​ខេត្ត។​

​លោក​ចៅក្រម​ សេង ​លាង ​បាន​លើក​ឡើង​អំពី​ចម្លើយ​សារភាព​របស់​លោក​ ឈឹម​ ផលវរុណ ​ដែល​ជា​អតីត​បុគ្គលិក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​ បច្ចុប្បន្ន​លោក​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​លើកឡើង​ថា​លោក ​កឹម សុខា ​និង​លោក​ ប៉ា ងួនទៀង ​ដែល​ជា​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែរ​នោះ​ បាន​ចាត់​តាំង​ «​រចនា​សម្ព័ន្ធ​សម្ងាត់»​ ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​សាខា​តាម​បណ្តា​ខេត្ត។

លោក​ចៅក្រម​ សេង​ លាង ​បាន​និយាយ​ដោយ​លើក​ពី​ចម្លើយ​របស់​លោក​ ឈឹម ផល​វរុណ​ ថា៖ «លោក ​កឹម សុខា ​បាន​ចាត់​តាំង​ភ្នាក់ងារ​លាក់​លៀម»។ ​ ចៅក្រម​សួរ​លោក ​កឹម សុខា ថា​ តើ​នរណា​ជា​អ្នក​រៀបចំ​រចនា​សម្ព័ន្ធ​នេះ ​ហើយ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​អ្វី?

ភ្លាមៗ ​លោក​ កឹម សុខា ​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ»។

កាល​ពី​ក្នុង​សវនាការសប្តាហ៍​មុនៗ ​លោក​ កឹម សុខា​ បាន​ប្រាប់​ទៅ​អង្គ​សវនាការ​ថា ​លោក​មិន​ឆ្លើយ​នូវ​សំណួរ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ចម្លើយ​របស់​លោក ​ឈឹម​ ផលវរុណ​ នោះ​ទេ។ ដោយ​លោក​បញ្ជាក់​ថា​លោក ​ឈឹម ផលវរុណ ​ជា​មន្រ្តី​រដ្ឋាភិបាល ​និង​ថា​ចម្លើយ​របស់​លោក​ ឈឹម ផលវរុណ ​គឺ​ជា «ទំនាស់​ផល​ប្រយោជន៍»។​

លោក​ចៅក្រម​ម្នាក់ និង​តំណាង​អយ្យការ​ម្នាក់​ បាន​សួរ​លោក​ កឹម សុខា ពី​បុគ្គលិក​ដែល​ធ្វើ​ការ​នៅមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០២​ ដល់​២០០៧​ ដោយ​មាន​លើក​ឈ្មោះ​បុគ្គលិក​ចំនួន​១៥​នាក់​ ប៉ុន្តែ​ភាគ​ច្រើន​ លោក ​កឹម​ សុខា ​ឆ្លើយ​ថា​មិន​ចាំ​។

ទោះ​យ៉ាងណា​ចៅក្រម​ និងអយ្យការ​មិន​បាន​បញ្ជាក់​ពី​ការ​ជាប់​ទាក់ទង​នៃ​ការ​សួរ​នេះ​នឹង​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម ​សុខា ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ជាមួយ​បរទេស​យ៉ាងណា​នោះ​ទេ។

នៅ​ចំណុច​មួយ​តំណាង​អយ្យការ​ ប្លង់ សុផល ​លើក​ឡើង​ថា​ ការចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ជាមួយ​បរទេស ​មាត្រា ​៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ ​បាន​ផ្តោត​លើ​បុគ្គលជា​ជនជាតិ​ខ្មែរ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ជាមួយ​បរទេស ​តែ​មិន​ផ្តោត​លើ​បរទេស​ដែល​ពាក់ព័ន្ធ​នោះទេ។

លោក​តំណាង​អយ្យការ ​ប្លង់ សុផល​ បាន​បន្ត​សាកសួរ​អំពី​ខ្លឹមសារ ​និង​ចេតនា​នៅ​ពី​ក្រោយ​វេទិកា​សាធារណៈ​របស់​លោក​ កឹម ​សុខា ​តាម​បណ្តា​ខេត្ត​នានា​។​ លោក ​កឹម សុខា ​បដិសេធ​មិន​ឆ្លើយ​សំណួរ​ដោយ​ថា​ជា​សំណួរ​ដដែលៗ ​ប៉ុន្តែ​លោក​បញ្ជាក់ថា ​លោក​គ្រាន់តែ​ថ្លែង​ពី​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ។

ជាថ្មី​ម្តង​ទៀត​ នៅ​ពេល​សួរអំពី​ថវិកា​ដែល​សហរដ្ឋ​អាមេរិក​ជំនួយ​ដល់មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ការ​ថ្លែង​របស់​លោក​ កឹម​ សុខា ​ដែល​និយាយក្នុង​វីដេអូ​នៅ​ប្រទេស​អូស្រ្តាលី ​កាល​ពី​ឆ្នាំ ២០១៣​ ពី​ពាក្យ​ថា​ «គេ»​ ដែល​តំណាង​អយ្យការ​ និងមេធាវី​តំណាង​រដ្ឋាភិបាលថា​ជា​ការ​សំដៅ​លើ​ «រដ្ឋាភិបាល​អាមេរិក» ​លោក​ កឹម​ សុខា ​បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​ហៅ​មន្រ្តី​សហរដ្ឋ​អាមេរិក​មក​ឆ្លើយសំណួរ​ទាំង​នេះ។​

លោក​ កឹម សុខា ​និយាយ​ក្នុង​សវនាការ​នោះ​ថា៖ ​«សូម​ចៅក្រម​កោះ​ហៅ​សហរដ្ឋ​អាមេរិក​ ហើយ​សួរ​ពួកគេ​ឱ្យ​ឆ្លើយ​សំណួរ​ទាំង​នេះ​ទៅ​»។

ពាក្យ​ថា «គេ» នៅ​ក្នុង​វីដេអូ​ជាង​មួយ​ម៉ោង​ដែល​លោក​ កឹម ​សុខា ​ថ្លែងក្នុង​ឆ្នាំ​២០១៣​ និងត្រូវ​ប្រើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​ដោយ​តំណាង​អយ្យការ​ពី​បទ​ក្បត់​ជាតិ ត្រូវ​បាន​តំណាង​អយ្យការ​នៅ​ថ្ងៃ​ពុធ​នេះ​សង្កត់​ធ្ងន់​ថា លោក ​កឹម សុខា ​ព្យាយាម​និយាយពង្វាងអត្ថន័យនៃ​ពាក្យ​ «គេ» ​នោះ​ជាច្រើន​ដង។

លោក​ កឹម​ សុខា ​ប្រើ​ពាក្យ ​«គេ» ​ក្នុង​វីដេអូ​ជាង​មួយ​ម៉ោង​នោះ​ជា​ច្រើន​ដង​ ពិសេស​នៅ​ពេល​និយាយ​អំពី​ការ​ស្នើ​សុំ​ឲ្យ​ចាក​ចេញ​ពី​នយោបាយ​ដើម្បី​ចាប់ផ្តើម​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​នៅ​ពេល​លោក​និយាយ​អំពី​ការ​ផ្តល់​យោបល់​ឲ្យ​លោក​ទទួល​យក​ «គំរូ​យូ​ហ្គោ​ស្លាវី»​ ដើម្បី​ផ្លាស់​ប្តូរ​មេដឹកនាំ​នៅ​ប្រទេស​កម្ពុជា។

លោក ​កឹម ​សុខា ​បាន​លើក​ឡើង​ថា​ ពេល​ខ្លះ​លោក​សំដៅ​លើ​រដ្ឋាភិបាល​អាមេរិក ​និង​ពេល​ខ្លះ​លោក​សំដៅ​លើ​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក។ សម្រាប់​ចំណុច​ថា​មាន​អ្នកស្នើ​ឲ្យ​លោក​យក​គំរូ​តាម​យូហ្គោ​ស្លាវី ​លោក​ កឹម សុខា​ ថ្លែង​ថា ​«គេ» ​នោះ ​គឺ​សំដៅ​លើ​ជនជាតិ​ខ្មែរ​អាមេរិកាំង​ប៉ុណ្ណោះ។​

តំណាង​អយ្យការ ​លោក ​ប្លង់ ​សុផល ​បាន​ស្នើ​ឱ្យ​ចៅក្រមកោះ​ហៅ​អ្នក​ជំនាញ​អក្សរសាស្រ្ត​ ភាសាខ្មែរ​មក​បញ្ជាក់​ ឬ​វិនិច្ឆ័យ​ពាក្យ​ថា «គេ» ​នេះ។​ ប៉ុន្តែ​ទាំង​លោក​ កឹម ​សុខា ​និងមេធាវី​ការពារ​ក្តី​ឲ្យ​លោកបាន​បដិសេធ​សំណើ​សុំ​មាន​អ្នក​ជំនាញ​នេះ​ និង​ថា ​លោក ​កឹម ​សុខា ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​កំណត់​ថា ពាក្យ​ថា​ «គេ» ​នេះ។

លោក ​កឹម សុខា ​និយាយ​ថា៖ «ពាក្យ​នេះ​ជា​ពាក្យ​របស់​ខ្ញុំ ជា​ចេតនា​របស់​ខ្ញុំ ជា​ឆន្ទៈ​របស់​ខ្ញុំ ដូច្នេះ សូម​កុំ​បំភ្លៃ»។​

បន្ទាប់ពី​ការ​ថយ​ទៅ​ពិភាក្សា​ខ្លី​មួយ ​លោក​ចៅក្រម ​កូយ សៅ​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​បាន​សម្រេច​ថា តុលាការ​មិន​ត្រូវការ​អ្នក​ជំនាញ​ដើម្បី​បញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ទេ។

ចៅក្រម ​កូយ ​សៅ ​ប្រកាស​ថា៖ «ក្រុម​ប្រឹក្សាមាន​លទ្ធភាព​ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​សម្រេច​លើ​ពាក្យ​សម្តី​ ដើម្បី​ទទួល​យក​ជា​ភស្តុតាង។​ អ្វី​ដែល​អយ្យការ​ស្នើ ​ក្រុម​ប្រឹក្សា​បដិសេធចោល ​មិន​ស្វែង​រក​អ្នក​ឯកទេស​ភាសាខ្មែរ​ទេ»។​

ក្នុង​សវនាការ​ថ្ងៃ​ពុធ​ដែល​ជា​ថ្ងៃ​ទី​ប្រាំ នៃ​សប្តាហ៍​ទី​បី​នោះ ​គេ​ឃើញ​ លោក​ កឹម សុខា​ ដែល​កំពុង​ឈរ​ក្នុង​រង្វង់​ក្រចក​សេះបាន​ពាក់​ម៉ាស​ ព្រម​ជាមួយ​មនុស្ស​មួយ​ចំនួន​ទៀត​ក្នុង​សវនាការ​ក៏​ពាក់​ម៉ាស​ផង​ដែរ។

​ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ ​តុលាការ​បាន​បន្ត​សវនាការ​លើ​ លោក ​កឹម​ សុខា នា​ពេល​រសៀល​ ដោយ​សួរ​ដេញ​ដោល​ចាប់​ពី​ឆ្នាំ ​២០០៧ ​ដល់​ឆ្នាំ២០១២ ​ក្នុង​អំឡុង​ពេល​ដែល​លោក​ កឹម សុខា​ បាន​ចាក​ចេញ​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនិង​បង្កើត​គណបក្ស​សិទ្ធិមនុស្ស។

ក្នុង​សវនាការ​នា​ពេល​រសៀល​រយៈពេល​ពីរ​ម៉ោង ​តំណាង​អយ្យការ​បាន​សួរ​លោក​ កឹម សុខា ​ពី​មូលហេតុ​នៃ​ការ​ចាក​ចេញ​ពី​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​មូលហេតុ​ដែល​លោក​ កឹម សុខា បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស។ ​លោក​ កឹម សុខា ​ឆ្លើយ​ថា ​ដោយ​សារ​លោក​មាន​បំណង​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​តាម​គោល​ការណ៍ «​សេរី ពហុបក្ស»៕

XS
SM
MD
LG