ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីការពារក្តីលោក កឹម សុខា ជំរុញឱ្យសាលាឧទ្ធរណ៍ពន្លឿនសវនាការប្តឹងទាស់របស់កូនក្តី


រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។

មេធាវី​ការពារ​ក្តី​ឱ្យអតីត​មេ​ដឹក​នាំ​គណ​បក្ស​ជំទាស់​ លោក កឹម សុខា ជំរុញ​ឱ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​ការ​បើក​សវនាការ​លើ​បណ្តឹង​មិន​សុខចិត្ត​នឹង​ការ​សម្រេច​របស់សាលា​ដំបូង​ ដែល​បាន​កាត់​ទោស​ឱ្យ​លោកជាប់​ឃុំរយៈ​ពេល​២៧​ឆ្នាំ ពី​បទ​ក្បត់ជាតិ​។

អ្នកស្រី ម៉េង សុភាវី មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ប្រាប់​វីអូអេ​នៅ​ថ្ងៃទី​ ១០ ខែសីហានេះថា តុលាការគួរ​បើក​សវនាការ​មួយ​ដែល​ត្រឹម​ត្រូវ និង​យុត្តិធម៌ជូន​កូន​ក្តីរបស់​អ្នកស្រី​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ។

អ្នក​ស្រី​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា៖ «ខ្ញុំ​យល់​ថា ​ឯកឧត្តម​ កឹម សុខា មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទេ​ ហើយ​គាត់​គួរ​តែ​រួច​ខ្លួន​ពី​បទ​ចោទ​តាម​រយៈ​សវនាការ​មួយ​ដែល​ប្រព្រឹត្ត​ក្នុង​ពេល​វេលា​ដែល​ឆាប់​រហ័ស»។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញកាលពី​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២៣ បាន​ផ្តន្ទាទោស​លោក កឹម សុខា ​ដាក់​ឱ្យ​ជាប់​ឃុំរយៈ​ពេល​ ២៧​ ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ឃុប​ឃិត​ត្រូវ​រ៉ូវគ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​ ២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោ​បាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ ​និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជនបរទេស លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

បើ​តាម​អ្នកស្រី​ ម៉េង សុភាវី មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម សុខា បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្តឹង​ទាស់​សាលក្រម​សាលា​ដំបូង​តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​មីនា ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ការ​បើក​សវនាការ​លើ​បណ្តឹង​នេះ​ឡើយ។

លោក ឃុន លាងម៉េង អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់វីអូអេ​យ៉ាង​ខ្លី​តាម​ទូរស័ព្ទ​ថា៖ «ចាំ​ស្អែក​បាន​ខ្ញុំ​បញ្ជាក់​គាត់​បាន​ អត់​ដឹង​គាត់ [មេធាវី​លោក កឹម សុខា]​ ដាក់​តាំង​ពី​ពេល​ណា​»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា តាម​នីតិវិធី​តុលាការ​ ការ​ពន្យា​ពេល​បើក​សវនាការ​របស់​ជន​ជាប់​ចោទ​តែង​តែ​ជះ​ផល​ប៉ះ​ពាល់​ដល់​ភាព​សិទ្ធិ និង​សេរីភាព​របស់​ពួក​គេ​។ លោក​ថា បើ​តាម​បទ​ដ្ឋាន​អន្តរជាតិ​ ជន​ជាប់​ចោទ​គួរ​តែ​ទទួល​បាន​ជំនុំ​ជម្រះ​មួយ​ដោយ​យុតិ្តធម៌ និង​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់។

លោក​ថ្លែង​ថា៖ «ក្នុង​ន័យ​ហ្នឹង​គឺ​គេ​ចង់​ធ្វើ​ម៉េច​ដំណើរ​ការ​នីតិវិធី​ឱ្យ​បាន​លឿន​ដើម្បី​កុំ​ឱ្យ​ជា​ការ​ប៉ះ​ពាល់​សិទ្ធិ​នៃ​ជន​ជាប់​ចោទ​ លុះ​ត្រា​ប្រសិន​ជា​គាត់​រក​ឃើញ​គាត់​មិន​មាន​កំហុស​ ហើយ​គាត់​ត្រូវ​បាន​លើក​លែង​ចោទ​ប្រកាន់​ អ៊ីចឹង​ប្រសិន​បើ​ការ​ឃុំ​ខ្លួន​គាត់​យូរ​ ឬ​ក៏​ដំណើរ​ការ​ភាគី​ហ្នឹង​យូរ វា​ប៉ះ​ពាល់​ទៅ​ដល់​សេរីភាព​ ក៏​ដូច​ជា​សិទ្ធិ​របស់​ជន​ជាប់​ចោទ»។

​ក្រោយលោក កឹម សុខា​ ​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃទី​ ៣ ខែមីនា​ ឆ្នាំ​ ២០២៣​ បណ្តា​ប្រទេសប្រជាធិបតេយ្យ​ធំៗ​ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​ចំនួន​ បានថ្កោលទោស​ការផ្តន្ទា​ទោស​នោះ​ ថាមាន​ចេតនា​រុញ​អ្នក​នយោ​បាយ​ជំទាស់​ចាស់​វស្សា​រូបនេះ​ឱ្យ​នៅ​ឆ្ងាយ​ពី​ឆាក​នយោបាយ​កម្ពុជា​ ហើយថា ​ការ​ផ្តន្ទាទោស​ដ៏ធ្ងន់​នេះ ក៏​បាន​បង្ហាញ​តម្រុយ​នៃ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​នៃ​ដំណើរ​ការរៀបចំការ​បោះ​ឆ្នោត​ជាតិ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា នេះ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG