ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបញ្ចប់ទស្សនកិច្ចរយៈពេលជាងពីរសប្តាហ៍នៅសហរដ្ឋអាមេរិកជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានគណបក្សប្រឆាំង។ ទស្សនកិច្ចនេះធ្វើឡើងដើម្បីស្វែងយល់អំពីទស្សនៈសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ចំពោះគោលនយោបាយរបស់គណបក្សប្រឆាំងក្នុងការដឹកនាំប្រទេស។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនិយាយថា គណបក្សប្រឆាំងគ្មានឱកាសដឹកនាំប្រទេសនោះឡើយ។
មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានមកដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ ជាមួយសារនយោបាយតិចតួច ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន។ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រូបនេះបានធ្វើទស្សនកិច្ចរយៈពេល១៧ថ្ងៃ នៅសហរដ្ឋអាមេរិក ដើម្បីជួបអ្នកគាំទ្រ របស់គណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងក្រុមមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។
អមជាមួយក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរាប់សិបនាក់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក កឹម សុខា បានប្រាប់ VOA ថា លោកបានជួបជាមួយសហគមន៍ខ្មែរចំនួន១៣រដ្ឋនៅសហរដ្ឋអាមេរិក និងជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មន្ត្រីសភា និងក្រុមអង្គការក្រៅរដ្ឋាភិបាលផងដែរ។
ប្រធានគណបក្សជំទាស់រូបនេះក៏បាន អះអាងថា សហគមន៍ខ្មែរដែលមានមនសិការស្នេហាជាតិ បានផ្តល់ការគាំទ្រកាន់តែច្រើនមកលើគណបក្សសង្គ្រោះជាតិ ហើយពួកគេបានបង្ហាញការយកចិត្តទុកដាក់ចំពោះការបោះឆ្នោតនាពេលខាងមុខ។ លោកនិយាយថា ពួកគេក៏ចង់ដឹងអំពីទស្សនៈនៃការដឹកនាំប្រទេសរបស់គណបក្សសង្គ្រោះជាតិផងដែរ។
លោក កឹម សុខា ប្រធានថ្មីរបស់គណបក្សជំទាស់ថ្លែងថា៖
«គេមានការយកចិត្តទុកដាក់ ហើយគេចង់ដឹងចង់ឮច្រើន ជាពិសេសរហូតដល់គេចង់ដឹងទស្សនៈរបស់គណបក្សសង្គ្រោះជាតិ នៅពេលដែលដឹកនាំប្រទេសទៅពេលខាងមុខទៀត»។
លោកមិនបានថ្លែងបកស្រាយលម្អិតអំពីទស្សនៈដឹកនាំប្រទេសរបស់គណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែលោកបានបញ្ជាក់ប្រាប់ VOA បន្ថែមថា ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងនៅសហរដ្ឋអាមេរិកបានផ្តាំផ្ញើញាតិមិត្តរបស់ខ្លួន ឲ្យបោះឆ្នោតដល់គណបក្សប្រឆាំង ទោះបីជាមានសារគំរាមនយោបាយពីភាគីរដ្ឋាភិបាលយ៉ាងណាក្តី៖
«ទីមួយគាត់បារម្ភរឿងការគំរាមកំហែង គំរាមកំហែងហើយ ប៉ុន្តែគាត់ដឹងច្បាស់ថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសគាត់មានបងប្អូនគាត់ក្នុងប្រទេស គាត់ទាក់ទងមក ប្រាប់បងប្អូនគាត់ បានសម្រេចចិត្តហើយ ហើយត្រៀមចាំតែបោះឆ្នោតឲ្យ គណបក្សសង្គ្រោះជាតិ ដល់ថ្ងៃបោះឆ្នោតទេ ភាគច្រើនបាទ»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។ ហើយការបោះឆ្នោតជាតិ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ២០១៨។ សហគមន៍អន្តរជាតិដែលជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ កំពុងតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការរៀបចំការបោះឆ្នោតដ៏សំខាន់របស់កម្ពុជានាពេលខាងមុខ។
ស្របពេលនឹងការត្រៀមរៀបចំបោះឆ្នោតនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានព្រមានជាបន្តបន្ទាប់ថា ប្រសិនបើគណបក្សនយោបាយរបស់លោកមិនត្រូវបានជ្រើសរើសឲ្យដឹកនាំប្រទេសបន្តទៀតទេ នោះនឹងអាចសង្គ្រាមនឹងកើតមាន។ សារច្រំដែលៗរបស់លោកនាយករដ្ឋមន្ត្រីអំពីការផ្ទុះឡើងនៃសង្គ្រាមនេះ ត្រូវបានប្រើតាំងពីមុនការបោះឆ្នោតជាតិដែលបានធ្វើឡើងកាលពីឆ្នាំ២០១៣។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មានប្រសាសន៍ប្រាប់ VOA ថា ទោះជាមេដឹកនាំបក្សប្រឆាំងលើកឡើងអំពីទស្សនៈនៃការដឹកនាំប្រទេសក្តី គណបក្សប្រឆាំងមួយនេះ នឹងពុំមានលទ្ធភាពឈ្នះការបោះឆ្នោតនាពេលខាងមុខនោះទេ។ លោកថា កម្លាំងប្រជាធិបតេយ្យដែលគាំទ្រគណបក្សនេះ ក្នុងនោះមានកម្លាំងលោក ម៉ម សូណង់ដូ បានសម្រេចដើរចេញទៅបង្កើតគណបក្សផ្ទាល់ខ្លួន។
លោក សុខ ឥសាន ថ្លែងបន្តថា សមាជិកគណបក្សប្រឆាំងជាច្រើន ក៏បានចាកចេញពីគណបក្សនេះជាបន្តបន្ទាប់ ដូច្នេះគ្មានហេតុផលណា ដែលថាគណបក្សនេះ អាចឈ្នះការបោះឆ្នោតបានឡើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«ឥឡូវរាល់ថ្ងៃនេះ គឺថា ទឹកពីក្នុងពាង CNRP កំពុងតែហូរចេញបន្តបន្ទាប់ថា តើមូលហេតុអី បានជា CNRP អាចឈ្នះឆ្នោតដើម្បីដឹកនាំប្រទេសបាន មិនអាចទៅរួចទេ អានេះគេហៅថា មិនអាចទៅរួច»។
អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម លោក មាស នី យល់ថា គណបក្សធំៗពីរដែលមានអាសនៈនៅរដ្ឋសភានេះ មិនទាន់អាចបង្ហាញពីសក្ដានុពលនៃការឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីបានទេ ដោយសារបក្សទាំងពីរនេះ មានហានិភ័យរៀងៗខ្លួន សម្រាប់ការគៀងគម្ចាស់ឆ្នោត។
លោក មាស នីពន្យល់ប្រាប់ VOA ថា៖
«បើយើងមើលគណបក្សប្រជាជនវិញហានិភ័យរបស់គណបក្សប្រជាជន នេះ គឺត្រង់ គណបក្សប្រជាជនអត់មានអីថ្មីសម្រាប់ការឃោសនា ហើយទន្ទឹមហ្នឹងទៀត យើងឃើញមានការគំរាមផ្ទួនៗនេះ ក៏ធ្វើឲ្យខ្ញុំមើលទៅធ្វើឲ្យប្រជាប្រិយគណបក្សប្រជាជនខាតបង់»។
ចំណែកគណបក្សសង្គ្រោះជាតិវិញ លោក មាស នី មើលឃើញថា គណបក្សនេះ កំពុងរងការកេងចំណេញខាងនយោបាយពីគណបក្សតូចៗ ដែលបានវាយប្រហារលើរដ្ឋាភិបាលដោយសេរី ក្នុងពេលគណបក្សប្រឆាំងរងគំនាបដោយបញ្ហាប្រឈមនានា ដូចជាការរៀបចំរចនាសម័្ពន្ធដឹកនាំគណបក្សជាដើម។
លោក មាស នី អ្នកវិភាគសង្គម៖
«នៅក្នុងពេលដែលដំណើរការរបស់គណបក្សមានការរអាក់រអួលនេះ យើងឃើញមានគណបក្ស យើងឃើញមានគណបក្សតូចៗ ហាក់ដូចជាមានសេរីភាពច្រើនក្នុងការនិយាយឬក៏វាយប្រហារទៅលើគណបក្សប្រឆាំង ហើយពាក្យខ្លះដែលគណបក្សប្រឆាំងមិនអាចនិយាយបាន កាលណានិយាយនឹងទទួលរងការចោទប្រកាន់ពីការញុះញង់ ក៏ប៉ុន្តែដល់គណបក្សតូចៗគេអាចនិយាយបានដោយសេរី»។
គណបក្សប្រជាជនកម្ពុជាបានធ្លាក់សំឡេងឆ្នោតពី៩០អាសនៈមកត្រឹម៦៨អាសនៈកាលពីការបោះឆ្នោតជាសាកលឆ្នាំ២០១៣ ហើយគណបក្សជំទាស់របស់លោក សម រង្ស៉ី និងលោក កឹម សុខា ដែលបានរួបរួមគ្នាជាគណបក្សសង្គ្រោះជាតិ ឈ្នះបាន៥៥អាសនៈ ដែលគេចាត់ទុកថា ជាកម្លាំងខ្លាំងមួយដែលគំរាមអំណាចរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
ការធ្លាក់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាត្រូវអ្នកសង្កេតការណ៍យល់ថា បណ្តាលមកពីបញ្ហាអវិជ្ជមានជាច្រើនដែលបានកើតមានក្នុងសង្គមកម្ពុជា។ បញ្ហាទាំងនោះរួមមាន ការបណ្តេញចេញពីផ្ទះសម្បែង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ និងប្រព័ន្ធដឹកនាំរដ្ឋដែលមិនទាន់មានលក្ខណៈប្រជាធិបតេយ្យពេញលេញ។
ការកើនប្រជាប្រិយភាពរបស់គណបក្សប្រឆាំង បានមកពីគោលនយោបាយ ដែលផ្តោតលើការដំឡើងប្រាក់ឈ្នួល និងប្រាក់ខែដល់កម្មករ និងមន្ត្រីរាជការ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជា ការបង្កើតការងារ និងបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕