ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​សភា​កម្ពុជា​ទម្លាក់​លោក​កឹម​ សុខា​ ពី​តំណែង

  • សុខ ខេមរា

រូប​ភាព​ឯកសារ ៖ លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដើរ​ចេញ​ពី​រដ្ឋ​សភា​​នាពេល​កន្លង​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។

រដ្ឋ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​ទម្លាក់​លោក​កឹម សុខា ​ពី​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​សុក្រ​នេះ។ ​​ការ​បោះឆ្នោត​នេះ ​កើត​ឡើង​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ បង្ហាញ​ការ​មិនសប្បាយ​ចិត្ត​ជាមួយ​លោក ​កឹម សុខា​រឿង​ការ​បញ្ចេញមតិ​ និង​សារ​នយោបាយ​របស់​លោក​ ដែល​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​សន្តិសុខជាតិ​ ក្រោយ​ពីមាន​កិច្ច​ព្រម​ព្រៀង។ ​

លោក ​កឹម សុខា​ ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​ ជា​ឯកច្ឆន្ទ​ទម្លាក់​ចេញ​ពី​មុខ​តំណែង​អនុប្រធាន​ស​ភាទី១ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែ​តុលា ឆ្នាំ​២០១៥​នេះ​។ ​គណបក្ស​គ្រប់គ្រង​ប្រទេស​អះអាង​ថា​ លោក​កឹម​ សុខា​ បាន​ធ្វើការ​បញ្ចេញ​មតិ​នាំ​ឲ្យ​ប៉ះពាល់​ដល់សន្តិ​សុខ​ជាតិ ​បំបែក​បំបាក់​គណបក្ស​ទាំងពីរ​ដែល​មាន​វប្បធម៌​សន្ទនា​ និង​ប៉ះពាល់​កិច្ច​ព្រម​ព្រៀង​រវាងគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​រដ្ឋ​សភា​ លោក ហេង សំរិន​ បាន​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រាប់​អង្គ សភា​ទាំង​មូល​ភ្លាមៗ​ដូច្នេះ​ថា​៖

«អនុលោម​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដក​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ពី​ឯកឧត្តម​កឹម សុខា​អម្បាញមិញ​នេះ​ ខ្ញុំ​សុំ​ប្រកាស​ជា​ឱឡារិក​ថា​ ឯកឧត្តម​ កឹម សុខា​ត្រូវ​បាន​អង្គ​សភា​បោះ​ឆ្នោត​ដក​តំណែង​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជា​ស្ថាពរ»។

ទស្សនាការរាយការណ៍ផ្ទាល់ពីរដ្ឋសភាដោយលោក សុខ ខេមរា

ការ​បោះឆ្នោត​ដក​តំណែង​លោក ​កឹម សុខា​ ដែល​មាន​ការចូលរួម​ពី​លោក​នាយក​រដ្ឋ​ មន្ត្រី ​ហ៊ុន សែន​ផង​នោះ​ លោក​ ហេង សំរិន​ត្រូវ​គេ​ដឹង​ថា​បាន​ប្រាប់​ឲ្យ​អ្នក​តំណាង​ រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បោះ​ឆ្នោត​យល់ព្រម​ទម្លាក់​និង​គូស​ឲ្យ​ចំ​ពាក្យ​យល់ព្រម ​ក្នុង​ពេល​ដែល​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ទាំង​៥៥​រូប​ ធ្វើ​ពិហិកា​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។

ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)
ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)

លោក ​ជាម យៀប ​ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃ​នៃ​រដ្ឋសភា​ដ៏​មាន​ឥទ្ធិពល​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​បាន​ប្រកាស​ថា​ លោក ​កឹម សុខា​ បាន​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នាំ​ឲ្យ​មាន​បញ្ហា​ចលាចល​សង្គម​ ប៉ះពាល់​សន្តិសុខ​ជាតិ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​កក្កដា ​ឆ្នាំ​២០១៤​ និង​យោង​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ដែល​បាន​ទាមទារ ​ឲ្យ​រដ្ឋ​សភា​ដក​តំណែង​និង​ចុះចេញ​ពី​តំណែង​ជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​។ ​ការណ៍​នេះ​ជា​ហេតុផល​មួយ​ចំនួន​ក្នុង​ចំណោម​ហេតុផល​ដែល​ត្រូវ​ដក​តំណែង​។

តែ​ឆ្លើយ​តប​នឹង​សមាជិក​សភា​ គណបក្ស​សង្គ្រោះជាតិ​បី​រូប​ គឺ​លោក​ អេង​ ឆៃ​អ៊ាង​ លោក​យ៉ែម បុញ្ញរិទ្ធ ​លោក ​ហូ វ៉ាន់ ​ដែល​បាន​ចូលរួម​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃរដ្ឋ​សភា​មុន​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ ​ដែល​ថា​ការដក​តំណែង​របស់​លោក​ កឹម សុខា​ វា​ខុស​ពី​រដ្ឋធម្មនុញ្ញ​នោះ។ ​

លោក​ ជាម យៀប ​បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​នោះ​ទាំង​ឯកឧត្តម​ អេង ឆៃអ៊ាង​ ឯកឧត្តម ​យ៉ែម បុញ្ញរិទ្ធ​បាន​លើក​ឡើង​ថា បើ​សិន​ជា​អង្គ​សភា​ធ្វើ​ដូច្នេះ​ វា​ខុស​នឹង​រដ្ឋធម្មនុញ។​ ខ្ញុំ​សូម​បញ្ជាក់​ជូន​សាធារណជន ឲ្យ​បាន​ជ្រាប​ថា​និយាយ​អំពី​គោលការណ៍​នៃ​ច្បាប់​ពិសេស​គឺ​ច្បាប់​រដ្ឋបាល​ដែល បាន​ចែង​អ្វី​ដែល​គ្មាន​ចែង​ក្នុង​ច្បាប់​ បើ​សិន​ជា​ពិនិត្យ​ឃើញ​នេះ​ជា​ការ​ចាំបាច់​និង​ជា​ការត្រឹមត្រូវ​ ធ្វើ​ក៏​បាន​ឬ មិន​ធ្វើក៏បាន»។

តែ​លោក​អេង ឆៃអ៊ាង​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃរដ្ឋ​សភា ​លោក​បាន​លើក​ឡើង​ថា​ សភា​មិន​គួរ​ដាក់​របៀបវារៈ​ការ​ដក​តំណែង​លោក ​កឹម សុខា​ ដែល​លោក​ថា​អធម្មនុញភាព​នោះទេ។ ​លោក​បន្ត​ថា​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សម្លេង​ច្រើន​ជាង​ក្នុង​ការ​សម្រេច​ដាក់ ​របៀបវារៈ​នេះ។

«នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង​ អត់​មាន​មាត្រា​ណា​ចែង​អំពី​នីតិវិធី​នៃ​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ រដ្ឋសភា​ទេ ​មាន​ចែង​ពី​ការ​ជ្រើស​តាំង​ តែ​ការ​ផ្លាស់​ប្តូរ​អត់​មាន​ទេ​ លើក​លែង​តែ​ករណី​ ថ្នាក់​ដឹក​នាំ​ជា​ប្រធាន​និង​អនុ​ប្រធាន​លាលែង ​ឬ​ទទួល​មរណៈភាព ​នោះ​ទើប​រដ្ឋធម្មនុញ ​បាន​អនុញាតិ​ឲ្យ​មាន​ការផ្លាស់​ប្តូរ។ ​ក្នុង​ករណី​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​ ប្រធាន​អនុ​ប្រធាន​នៅ​ច្រង៉ោរៗ ​អូ! ​មាន​ទោស​ត្រូវ​ផ្លាស់​ប្តូរ​ឬ​មាន​ញាតិ​ស្តី​បន្ទោស​អី អត់​មាន​ទេ»។

លោក​ អេង ឆៃអ៊ាង​បាន​បន្ថែម​ថា​ ដោយសារ​ហេតុផល​អធម្មនុញភាព​នេះ​ហើយ​ដែល​សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា។

កៅ​អី​របស់​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ជំទាស់​ទំនេរ​ ដោយ​សារ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​ពហិការ​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​។​ (ហ៊ាន សុជាតា​/ VOA)
កៅ​អី​របស់​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ជំទាស់​ទំនេរ​ ដោយ​សារ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​ពហិការ​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​។​ (ហ៊ាន សុជាតា​/ VOA)

លោក ​សឺន ស៊ូប៊ែរ៍ ​អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​ មនុស្ស​បាន​ថ្លែង​ថា​តាម​គោលការណ៍​ប្រជាធិបតេយ្យ​គេ​មិន​អាច​ធ្វើការ​ដក​តំណែង​ លោក​ កឹម សុខា​របៀប​នេះ​បាន​ទេ។

«តាម​យោបល់​ខ្ញុំដែល​ធ្លាប់​នៅ​រដ្ឋសភា​ពី​មុន​ហ្នឹង​ កាល​ណា​គេ​បោះ​ឆ្នោត​តែងតាំង​ ហើយ​គេ​អត់​អាច​ទម្លាក់​បាន​ទេ​ លុះ​ត្រា​តែ​មាន​ធ្វើ​កំហុស​ណា​មួយ​ដូចជា​ឧក្រិដ្ឋកម្ម។ ហើយ​ឯក​ឧត្តម​ កឹម សុខា​មិន​ទាន់​បាន​ធ្វើ​អី​ខុស​បទ​បញ្ជា​ផ្ទៃ​ក្នុង​ផង ​និង​ខុស​រដ្ឋ ធម្មនុញ​ផង​ ហើយ​ខ្ញុំ​យល់​ថា​ការប្រព្រឹត្ត​របៀប​នេះ​គឺ​ទាក់ទង​នឹង​របប​ផ្តាច់ការ»។

លោក​សឺន ស៊ូប៊ែរ៍​បាន​ថ្លែង​ថា​សភា​នេះ​មាន​គណបក្ស​ពីរ​ដែល​ត្រូវ​និយាយ​គ្នា​មិនមែន​មែន​ជា​សភា​គណបក្ស​ប្រជាជន​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​ជា​គូ​ប្រជែង​នយោបាយ​ដ៏​សំខាន់​សម្រាប់​គណបក្ស​កាន់ អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ជា ពិសេស​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្គាត់​នៅ​ឆ្នាំ​២០១៧ ​និង​ ការបោះ​ឆ្នោត​ជា​សាកល​នៅ​ឆ្នាំ​២០១៨។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រួម​ទាំង​លោក ​សម រង្ស៊ី​ រង​នួវ​ការ​គំរាម​ពី​លោក​ នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ថ្មីៗ​នេះ​ថា​អាច​ត្រូវ​ជាប់​គុក​រឿង​បង្ហោះ​ឯកសារ​ព្រំដែន​លើ​ទំព័រ​ហ្វេសប៊ុក។​ ហើយ​សមាជិក​សភា​ពីរ​រូប​គឺ​ លោក​ ញ៉យ ចំរើន​ និង ​លោក​គង់ សភា​ រង​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម​ខាង​ក្រៅ​បរិវេន​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​លោក ​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដក​ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋ​សភា ​ដែល​គណបក្ស​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​បែង​ចែក​ក្នុង​ប្រព័ន្ធ​ ផ្ទៀងផ្ទាត់​អំណាច​នេះ​ដោយ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ក្នុង​ការ​បញ្ចប់​ការ​ជាប់​គាំង​ដំណើរ​នយោបាយ​រយៈពេល​១​ឆ្នាំ​ ក្រោយ​ការបោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៣​នោះ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​ ឈាង វុន ​សមាជិក​សភា​និង​ជា​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ការ​ដក​តំណែង ​លោក ​កឹម សុខា​ គឺ​មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​នោះ​ទេ។

លោក​ ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ធ្វើសន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥។​ (ហ៊ាន សុជាតា​/ VOA)
លោក​ ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ធ្វើសន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥។​ (ហ៊ាន សុជាតា​/ VOA)

តែ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ថ្ងៃ​នេះ​វិញ​បាន​ចោទ​ប្រកាន់​ថា​ ការ​ដក​តំណែង​លោក​ កឹម សុខា ​ជា​ការរំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ទី​៨៧ ​និង​រំលោភ​លើ​កិច្ចព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

នៅ​ក្នុង​កិច្ចព្រម​ព្រៀងរវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ បញ្ជាក់​ថា​ គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​ក្នុង​ការរក​ដំណោះ​ស្រាយ​នយោបាយ​ដោយ​ធ្វើ​ការ​រួម​គ្នា​ក្នុង​សភា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​៕

XS
SM
MD
LG