គណបក្សសង្គ្រោះជាតិបានសម្រេចរក្សាទុកអនុប្រធានទាំងបីរបស់ខ្លួនឲ្យនៅដដែលក្រោយការប្រជុំផ្ទៃក្នុងរបស់ខ្លួនដែលបានធ្វើឡើងនៅទីស្នាក់កណ្តាលគណបក្សនៅថ្ងៃពុធនេះ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃមិនទាន់អាចបញ្ជាក់បានថា តើក្រសួងនឹងទទួលស្គាល់អនុប្រធានគណបក្សប្រឆាំងទាំងបីឬយ៉ាងណានោះទេ។
អនុប្រធានគណបក្សទាំងបីរូប រួមមាន អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។ ក្រសួងមហាផ្ទៃបានបដិសេធមិនទទួលស្គាល់អនុប្រធានទាំងបីនេះ ម្តងរួចមកហើយ ដោយហេតុការជ្រើសរើសអនុប្រធានទាំងបីដដែលនេះ ធ្វើឡើងខុសពីលក្ខន្តិកៈរបស់គណបក្សជំទាស់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធនេះថា គណៈកម្មការនាយករបស់គណបក្សបានសម្រេចផ្តល់ការទុកចិត្តឲ្យអ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និង លោក អេង ឆៃអ៊ាង នៅជាអនុប្រធានគណបក្សដដែល។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖
«អនុប្រធានទាំងបីរូបហ្នឹងបានទទួលការយល់ព្រមពីគណៈកម្មការនាយកជាឯកច្ឆន្ទ អញ្ចឹងយើងសុំប្រកាស ជាសាធារណៈ ជូនមតិជាតិនិងអន្តរជាតិឲ្យបានជ្រាបថា ចាប់តាំងពីថ្ងៃនេះទៅ ឯកឧត្តម ប៉ុល ហំម ឯកឧត្តម អេង ឆៃអ៊ាង ហើយនិងលោកជំទាវ មូរ សុខហួរ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ»។
ឆ្លើយទៅនឹងសំណួររបស់ VOA ដែលថា តើក្រសួងមហាផ្ទៃអាចនឹងបដិសេធអនុប្រធានទាំងបីនេះទៀតដែរឬទេ លោក យឹម សុវណ្ណ មានប្រសាសន៍ថា៖
«អត់ទេ ពីព្រោះយើងធ្វើស្របទៅតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃរួចហើយ។ គណបក្សសង្គ្រោះជាតិយល់ឃើញថា វាមិនមានបញ្ហាអីដែលជាឧបសគ្គ ទៅដល់ការទទួលស្គាល់អនុប្រធានទាំងបីរូបរបស់គណបក្សទេ»។
គណបក្សសង្គ្រោះជាតិធ្លាប់បានធ្វើសមាជវិសាមញ្ញជ្រើសរើសអនុប្រធានគណបក្សមួយលើកមកហើយ ប៉ុន្តែក្រសួងមហាផ្ទៃបានអះអាងថា ការជ្រើសរើសអនុប្រធានបក្សនៅគ្រានោះ ធ្វើឡើងផ្ទុយពីលក្ខន្តិកៈរបស់គណបក្សខ្លួនឯង។
ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យការជ្រើសរើសអនុប្រធានបក្សមានភាពស្របច្បាប់នោះ គណបក្សសង្គ្រោះជាតិ ក៏បានធ្វើសមាជវិសាមញ្ញម្តងទៀត ដើម្បីកែប្រែលក្ខន្តិកៈរបស់ខ្លួន។
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានទទួលស្គាល់ការធ្វើវិសោធនកម្មលក្ខន្តិកៈលើកចុងក្រោយរបស់គណបក្សជំទាស់ ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាននេះ។ លក្ខន្តិកៈថ្មីនេះពុំមានកំណត់រយៈពេល៣០ថ្ងៃសម្រាប់ការជ្រើសរើសអនុប្រធានដូចលក្ខន្តិកៈចាស់នោះទេ។ ការកំណត់រយៈពេល៣០ថ្ងៃនេះ ជាមូលហេតុដែលនាំឱ្យមានការបដិសេធពីក្រសួងនាពេលកន្លងមក។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា ក្រសួងមហាផ្ទៃមិនទាន់ទទួលបានលិខិតបញ្ជាក់ពីការរក្សាទុកអនុប្រធានទាំងបីរបស់គណបក្សសង្គ្រោះជាតិនោះនៅឡើយទេ។
លោក ខៀវ សុភ័គ ថ្លែងថា៖
«ក្រសួងមិនទាន់បានទទួលលិខិតជាផ្លូវការពីគណបក្សសង្គ្រោះជាតិ រហូតមកដល់ពេលហ្នឹង។ ប្រហែលជាដូចលើកមុនអញ្ចឹងពេលណាបានទទួល ក្រសួងយ៉ាងម៉េចយ៉ាងម៉ា ក្រសួងនឹងតបវិញ ជាលិខិតផ្លូវការវិញទៅបាទ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គណបក្សកាន់អំណាចមិនបារម្ភអំពីយុទ្ធសាស្ត្រនយោបាយរបស់អនុប្រធានគណបក្សសង្គ្រោះជាតិទាំងបីនាក់នេះ ក្នុងការប្រកួតយកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខនេះឡើយ។ លោកថា មានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ដែលអាចសម្រេចថា គណបក្សនយោបាយណា ដែលសក្តិសមក្នុងការដឹកនាំប្រទេស៖
«ក៏ប៉ុន្តែគឺការឈ្នះ ឬចាញ់ វាមិនមែនលើគាត់ថាទេ។ ហើយក៏មិនមែនទៅលើយុទ្ធសាស្ត្រ យុទ្ធវិធីណា ឲ្យវាហួសហេតុនោះដែរ ក៏យើងមិនអាចប៉ាន់ស្មានទេ គឺថា វាអាស្រ័យទៅលើការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត»។
ក្រុមអ្នកវិភាគថ្លែងថា គណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងសម្ពាធជាច្រើនពីរដ្ឋាភិបាលនៅគ្រាដែលការបោះឆ្នោតកំពុងតែខិតជិតចូលមកដល់។ ពួកគេថា គណបក្សប្រឆាំងនេះអាចនឹងពិបាករក្សាទឹកចិត្តនៃការគាំទ្ររបស់អ្នកបោះឆ្នោត ប្រសិនបើគណបក្សនេះ បន្តរងការវាយប្រហារពីគណបក្សកាន់អំណាចនោះ៕