ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​កឹម សុខា​​ថា​លក្ខខណ្ឌ​មិន​ត្រូវ​រ៉ូវ​គ្នា​ច្រើន​នាំ​ឲ្យ​គ្មាន​កិច្ច​ព្រមព្រៀង​រួម​ទេ


លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ស្ថិត​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ​ សហរដ្ឋ​អាមេរិក។ (រូបថត​ផ្តល់​ដោយ កឹម សុខា)
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​កឹម សុខា ​បាន​ថ្លែង​ថា​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ចំពោះ​មុខ​ព្រះភក្តិ​ព្រះ​មហាក្សត្រ​មិន​អាច​ទៅ​រួច​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​ទី១១​ខែ​មេសា​នេះ​ នៅ​ពេល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​ជាក់លាក់។​

លោក​កឹម សុខា​ក៏​អះអាង​ដែរ​ថា ​គម្រោង​ការ​ទិញ​សំបុត្រ​យន្តហោះ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ពី​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៧​ខែមេសា​នោះ ក៏​ត្រូវ​បាន​លុប​ចោល​វិញ​ដែរ​ ដោយសារ​ថា​គ្មាន​ការ​ព្រម​ព្រៀង​គ្នា​អ្វី​ច្បាស់​លាស់​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ចំណុច​អត់​ទាន់​មាន​ការ​ឯកភាព​គ្នា​មាន​ច្រើន​ មិនមែន​តិច​ទេ​ ដូច​ជា​ចំណុច​រៀបចំ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ​គណបក្ស​ប្រជាជន​អត់​ព្រម​ទេ។​ ទី​២​កំណត់​កាល​បរិច្ឆេត​ការ​បោះ​ឆ្នោត​ រឿង​ហ្នឹង​សំខាន់​ណាស់​ កាល​បរិច្ឆេត​ឡើង​វិញ​ហ្នឹង​ក៏​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត។ ​គណបក្ស​ប្រជាជន​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៦។​ អញ្ចឹង​ដោយសារ​ការ​ជជែក​គ្នា​នៅ​ឆ្ងាយ​ពី​គ្នា ​ការ​ប្រជុំ​នេះ​មិន​ទាន់​ទេ»។

ថ្លែង​ប្រាប់​វីអូអេ​ពី​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​ រដ្ឋ​កាលីហ្វ័រញ៉ា​ សរអា​ ប៉ុន្មាន​នាទី​មុននេះ​ លោក​កឹម សុខា​បាន​បន្ថែម​ថា ​បញ្ហា​គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ចង់​ដាក់​ស្ថាប័ន​បោះឆ្នោត​ថា​ជា​ស្ថាប័ន​ធម្មនុញ្ញ​ តែ​ចង់​ដាក់​ត្រឹមតែ​ព្រម​ព្រៀង គ្នារ​វាង​គណបក្ស​ទាំងពីរ​ជាពិសេស​លើ​ការ​ជ្រើស​រើស​សមាជិក។​

បញ្ហា​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​ ទូរទូស្សន៍​សម្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក ​កឹម សុខា​បាន​អះអាង​ថា​ក៏​មិន​ទាន់​ព្រមព្រៀង​គ្នា​លើ​ខ្លឹមសារ​ដែរ។

«បើ​សិន​ណា​យើង​ព្រម​ព្រៀង​ដូច​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពង្រាង​ មក​នេះ​ គឺ​មាន​ន័យ​ថា​អត់​មាន​អ្វី​ច្បាស់លាស់​ទាំងអស់។​ អញ្ចឹង​ប្រជាពលរដ្ឋ​ ដែល​ខំ​ធ្វើ​បាតុកម្ម​យ៉ាង​គគ្រឹក​គគ្រេង​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​ អត់​ន័យ​អ្វី ​បាតុកម្ម​ ហើយ​អត់​បាន​អី​ទាំងអស់។​ ហើយ​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ខំ​ជួយ​លុយ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ដើម្បី​ជួយ​ធ្វើ​បាតុកម្ម​ហើយ​អត់បាន​អី្វ​ទាំង​អស់​ហើយ យើង​ទៅ​ចូល​ទទេៗ​ គឺ​យើង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។​ ខ្ញុំ​សុំ​បញ្ជាក់​ថា ​ជា​ជំហរ​របស់​ខ្ញុំៗ​ចង់​ដោះស្រាយ​បញ្ហា ​តែ​ការ​ដោះស្រាយ​បញ្ហា​ណា​មួយ​រំលោភ​លើ​ឆន្ទៈ​ ប្រជាពលរដ្ឋ ​ក្បត់​ឆន្ទៈ​ប្រជា​ពលរដ្ឋ ​គឺ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៉ី​ ដែល​បាន​ជួប​ចរចា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​រយៈពេល​៤៥នាទី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​វិញ​ក៏​ពុំ​បាន​យល់ព្រម​ជា​ផ្លូវការ​ណា​មួយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​អះអាង​ថា​ លោក​ត្រូវការ​ការ​សម្រេច​រួម​គ្នា​ជាមួយ​លោក ​កឹម សុខា​ជា​អនុប្រធាន។​ លោក​សម រង្ស៉ី​គ្រាន់តែ​បាន​អះអាង​ថា ​ការ​ចរចា​មាន​ការ​រីក​ចម្រើន​និង​មាន​ភាព​វិជ្ជមាន។

គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​ប្រជុំ​សភា​ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​ដល់​គណបក្ស​គ្រប់គ្រង​ប្រទេស​នៅ​ឡើយ​ទេ​ក្រោយ​ពី​សុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ឬ​ស៊ើប​អង្កេត​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ មាន​ការ​គៃ​បន្លំ​ដ៏​ធ្ងន់ធ្ងរ​នោះ។​ គណបក្ស​ទាំង​ពីរ​មាន​ការ​ចរចា​គ្នា​ ជា​ច្រើន​លើក​ ហើយ​ដើម្បី​សម្របសម្រួល​នយោបាយ​បញ្ចប់​ការ​រិះគន់​ថា ​សភា​ និង​រដ្ឋាភិបាល​ឯកបក្ស​ ដែល​បណ្តា​ប្រទេស ​លោក​ខាង​លិច​ទទូច​ឲ្យ​មាន​ការ​ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​និង​តាម​ឆន្ទៈ​អ្នក​បោះឆ្នោត។

លោក ​កឹម សុខា​ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាមេរិក​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ តាម​បណ្តា​រដ្ឋ​នីមួយៗ​ ជា​ពិសេស​មន្ត្រី​អាមេរិកាំង​ផង​ដែរ ​ដើម្បី​ជម្រាប​ជូន​អំពី ស្ថានការណ៍​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា។​ ថ្លែង​ប្រាប់​វីអូអេ​ក្រោយ​ពី​បាន​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​គឺ​លោក​ស្រី​ ដាយអាន់ ហ្វែនស្តែន​ (Senator ​Dianne ​Feinstein)​ ប្រធាន​គណៈកម្មាការ​កិច្ចការ​ព័ត៌មាន​ សម្ងាត់​នោះ​ លោក ​កឹម សុខា​បាន​ថ្លែង​ថា ​លោក​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជា​ការ​ឆ្លើយ​តប​លោក​កឹម សុខា បាន​អះអាង​ថា៖

«ក្រោយ​ពី​ជំនួប​មក ​លោកស្រី​សមាជិក​ព្រឹទ្ធសភា ​តាមរយៈ​បុគ្គលិក​របស់​គាត់ ហ្នឹង ​គឺ​គាត់ថា ​គាត់​នឹង​ជួប​លម្អិត​ជាមួយ​នឹង​អ្នក​តំណាង​ខ្ញុំ​មក​តទៅ​ទៀត​ដើម្បី យក​ឯកសារ​លម្អិត​ពី​រឿង​បញ្ហា​ដូច​ជា​ការ​បាញ់​កម្មករ​ពេល​បាតុកម្ម ​ដូច​ជា​ការ​ រំលោភ​លើ​សេរីភាព​ក្នុង​ការ​រួមប្រជុំ​ សេរីភាព​ក្នុង​ការ​ធ្វើ​បាតុកម្ម​ជាដើម​ ហើយ​ គាត់​នឹង​សុំ​ប្រមូល​ឯកសា​អំពី​រឿង​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​អំពី​រឿង​បោះឆ្នោត​ ហ្នឹង​តទៅ​ទៀត ​ជូន​គាត់​ ហើយ​តំណាង​ខ្ញុំ​នឹង​មក​ជួបគាត់​ក្រោយ​ទៀត​ដើម្បី​យក​ លម្អិត​ឲ្យ​គាត់​ដើម្បី​គាត់​ធ្វើ​ការ​វាយ​តម្លៃ​នឹង​និយាយ​ជាមួយ​រដ្ឋាភិបាល​សរអា»។​

សូម​លោក​អ្នក​រង់ចាំ​ស្តាប់​កិច្ច​សម្ភាសន៍​ជាមួយ​លោក​កឹម សុខា​បន្ថែម​ទៀត​ក្នុង​ កម្មវិធី​ផ្សាយ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ៕
XS
SM
MD
LG