ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​នៃ​សព​លោក​បណ្ឌិត កែម ឡី ​នឹង​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ

  • សាយ មុន្នី

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពីពិធី​​បុណ្យខួបគម្រប់​១០០​ថ្ងៃ​​នៃសព​លោកបណ្ឌិត កែម ឡី។

​គណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ពិធី​បុណ្យ​សព​លោក កែម ឡី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​កម្មវិធី​បុណ្យ​១០០​ថ្ងៃ​នៃ​សព​លោក​ កែម ឡី ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ​នេះ ក៏​មាន​ការ​ដង្ហែ​រូប​សំណាក​របស់​លោក ទៅ​តម្កល់​នៅ​បូជនីយដ្ឋាន​ក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា​ផង​ដែរ បន្ទាប់​ពី​ការ​រៀបចំ​ពិធី​បុណ្យ​ថ្ងៃ​ទី​១៤​និង​១៥​នៅ​រាជធានី​ភ្នំពេញ។

ពិធីបុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​នៃ​សព​លោក​បណ្ឌិត កែម ឡី ​នឹង​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ ១៧ ខែ​តុលា​ ឆ្នាំ​២០១៦​នេះ នៅ​រាជធានី​ភ្នំពេញ​ផង និង​នៅ​ខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​លោក​ផង។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​បុណ្យ​ ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្មវិធី​បុណ្យ​នេះ នឹង​ធ្វើ​ឡើង​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​មាន​ការ​តាំង​ពិព័រណ៍​រូបថត​ និង​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​វិភាគ​បញ្ហា​សង្គម​ផ្សេងៗ ដែល​លោក​បណ្ឌិត​ កែម ឡី ធ្លាប់​បាន​ធ្វើ​នៅ​ពេល​ដែល​លោក​នៅ​មាន​ជីវិត​រស់នៅ។

អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​ចែស នៅ​ក្នុង​ហាង​ស្តារម៉ាត​មួយ​កន្លែង​ ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​កន្លង​ទៅ​នេះ។

វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​ដក​យក ​ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជូន​សាធារណជន​នៅ​ឡើយ​ទេ ដោយ​ក្រុមអ្នក​វិភាគ​ខ្លះ លើកឡើង​ថា អាជ្ញាធរ ទំនង​ជា​ចង់​បិទបាំងការពិត​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ហើយ​ទុក​ឲ្យ​រឿង​នេះ​ សាបរលាប​ម្តង​បន្តិចៗ​ទៅ​តាម​ពេលវេលា​ ដូច​ជា​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន​និង​សិទ្ធិ​កម្មករ​លើក​មុនៗ​ដែរ​ ដូចជា​លោក ឈុត វុទ្ធី​និង​លោក ជា វិជ្ជា​ ជាដើម។

ក្រោយ​ពី​ការ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ពីរ​សប្ដាហ៍​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពីលោក​ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​នោះ ក្រុម​គ្រួសារ​របស់​លោក ក៏​បាន​សម្រេច​ចិត្ត​ដង្ហែ​សព​ទៅ​កាន់​ភូមិ​កំណើត​របស់​លោក​នៅ​ក្នុង​ខេត្ត​តាកែវ ដោយ​មាន​ពលរដ្ឋ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជិត​២លាន​នាក់ បាន​ចូលរួម​ហែ​សព​របស់​លោក។

​គណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ពិធី​បុណ្យ​សព​លោក កែម ឡី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​កម្មវិធី​បុណ្យ​១០០​ថ្ងៃ​នៃ​សព​លោក​ កែម ឡី ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ​នេះ ក៏​មាន​ការ​ដង្ហែ​រូប​សំណាក​របស់​លោក ទៅ​តម្កល់​នៅ​បូជនីយដ្ឋាន​ក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា​ផង​ដែរ បន្ទាប់​ពី​ការ​រៀបចំ​ពិធី​បុណ្យ​ថ្ងៃ​ទី​១៤​និង​១៥​នៅ​រាជធានី​ភ្នំពេញ។

គណៈកម្មការ​រៀបចំ​បុណ្យ​គម្រប់​១០០​ថ្ងៃ​នេះ ក៏​បាន​អំពាវនាវ​ដល់​សាធារណ​ជន​ឲ្យ​ផ្ដល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិភាគ​នានា​របស់​លោក​បណ្ឌិត កែម ឡី​ជូន​គណៈកម្មការ​បុណ្យ ហើយ​ចូល​រួម​ផ្ដល់​ការ​គាំទ្រ​និង​ការ​សហការ ដើម្បី​អ្វី​មួយ ដែល​គណៈកម្មការ​នេះ​ហៅ​ថា ជា​«ការ​តបស្នង​សងគុណ​ចំពោះ​លោក​បណ្ឌិត កែម ឡី ដែល​បាន​លះបង់​អាយុ​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ»៕

XS
SM
MD
LG