ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រារព្ធ​ទិវា​លទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ចូលរួម​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ចូលរួម​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ក្រៅ​ពី​ការ​ពិភាក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​ផ្ដល់​ការ​អង្កេត​លើ​ស្ថាន​ភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំងប្រមាណ៥០នាក់ ដែល​រស់នៅតំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្ដី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែ​កញ្ញា​កន្លង​ទៅ ស្រប​ពេល​ដែល​សភា​អាមេរិក​ទើប​តែ​បាន​អនុម័ត​សេចក្ដី​សម្រេច​លេខ៧២៨ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ ព្រមទាំង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នយោបាយ​លើ​ក្រុម​ប្រឆាំង។

លោក ទន់ សុវណ្ណ ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​ប្រចាំ​ទីក្រុង Silver Springs រដ្ឋ​ម៉ារីឡែន បាន​ប្រាប់ VOA ខេមរភាសា​ថា ការ​ជួបជុំ​គ្នា​នៅ​វត្ត​ពុទ្ធិការាម​ឆ្នាំនេះ ធ្វើ​ឡើង​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជួប​ពិភាក្សា​គ្នា​ពី​ប្រធាន​បទ​នានា​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ ដោយ​ប្រកាន់​គោល​ជំហរ​ឯករាជ្យ មិន​លម្អៀង​ទៅ​រក​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក នាថ​បណ្ឌិត រិទ្ធិពល ប្រធាន​អង្គការ​សង្គហ​ប្រយោជន៍​ជាតិ​យើង ហៅ​កាត់​ថា OMNI International ផ្តល់​បទសម្ភាសន៍​ឲ្យ VOA អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
លោក នាថ​បណ្ឌិត រិទ្ធិពល ប្រធាន​អង្គការ​សង្គហ​ប្រយោជន៍​ជាតិ​យើង ហៅ​កាត់​ថា OMNI International ផ្តល់​បទសម្ភាសន៍​ឲ្យ VOA អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

នៅ​ក្នុង​ឱកាស​នេះ លោក នាថ​បណ្ឌិត រិទ្ធិពល ប្រធាន​អង្គការ​សង្គហ​ប្រយោជន៍​ជាតិ​យើង ហៅ​កាត់​ថា OMNI International បាន​រំឭក​ថា ​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀត​គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។

«ពាក្យ​សង្ខេប​របស់​លោក​ប្រធានាធិបតី Abraham Lincoln ​បាន​ថ្លែង​បញ្ជាក់​សង្ខេប​ពី​លក្ខណៈ​ប្រជាធិបតេយ្យ​ស្រុក​អាមេរិក​គឺ​ថា​ ត្រូវ​តែ​មាន​រដ្ឋាភិបាល មួយ​ជា​របស់​ប្រជាជន​របស់​មហាជន កើត​ចេញ​ពី​ប្រជាជន ជា​រដ្ឋាភិបាល​សម្រាប់​មហាជន»។

ក្រៅ​ពី​ការ​ពិភាក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​ផ្ដល់​ការ​អង្កេត​លើ​ស្ថាន​ភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថា៖

« អាត្មា​គិត​ថា យើង​បាន​ប្រើប្រាស់​ពេលវេលា​ជាង​៣០ឆ្នាំ ដើម្បី​ដាំ​ពូជ​ប្រជាធិបតេយ្យ ប៉ុន្តែ​គ្រាប់​ពូជ​រីក​ធំ​បាន​ច្រើន​មែន​ទែន​ ហើយ​យើង​អាច​ដាំ​បាន ស្ទើរ​តែ​គ្រប់​សម័យ​កាល​នៃ​ការ​បោះឆ្នោត។​ ហើយ​មិន​ត្រឹម​តែ​ដាំ​ពូជ​ប្រជាធិបតេយ្យ​ក្នុង​សម័យ​បោះ​ឆ្នោត​ទេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ក្រោក​ទទួល​ខុស​ត្រូវ និង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ធំ​មែន​ទែន។ ប៉ុន្តែ​អ្វី​ដែល​អាត្មា​មើល គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ អ្នក​ដែល​ត្រូវ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ជា​អ្នក​ដើរ​ថយ​ក្រោយ គឺ​អ្នក​ដែល​គ្រប់គ្រង​រដ្ឋ​តែ​ម្ដង»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្តេញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​សង្ឃ​ដីកា​ជុំវិញ​ស្ថានភាព​នៃ​ការ​ថយចុះ​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្តេញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​សង្ឃ​ដីកា​ជុំវិញ​ស្ថានភាព​នៃ​ការ​ថយចុះ​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

​ព្រះ​តេជ​គុណ​មាន​សង្ឃ​ដីកា​បន្ត​ថា៖ ការ​បង្កើត​ច្បាប់​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិ​ជួប​ជុំ​គ្នា​ ដោយ​រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​កត្តា​រារាំង​ដល់​ការ​រីក​លូត​លាស់​នៃ​គ្រាប់​ពូជ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

«មិន​ត្រឹម​តែ​មិន​ប្រឹង​រក្សា​ពូជ​ប្រជាធិបតេយ្យ​ទេ ថែម​ទាំង​ចង់​កម្ទេច​ពូជ​ប្រជាធិបតេយ្យ​ចោល តាមរយៈ​ការ​គំរាម​កំហែង តាមរយៈ​ការ​រឹតត្បិត តាម​រយៈ​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ។ ដូច្នេះ មើល​ពី​ទិដ្ឋភាព​រដ្ឋាភិបាល​វិញ ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ»។

លោក ព្រំ សៅណូរ៉ា ប្រធាន​ក្រុម​ប្រឹក្សា​នាយក​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​បាន​និយាយ​ថា ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ហើយ​មាន​តែ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទេ​ទើប​អាច​កែ​ប្រែ​ស្ថាន​ការណ៍​នេះ​បាន។​

លោក ព្រំ សៅណូរ៉ា ប្រធាន​ក្រុម​ប្រឹក្សា​នាយក​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ផ្តល់​បទសម្ភាសន៍​ឲ្យ VOA អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ជុំវិញ​ស្ថានភាព​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
លោក ព្រំ សៅណូរ៉ា ប្រធាន​ក្រុម​ប្រឹក្សា​នាយក​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ផ្តល់​បទសម្ភាសន៍​ឲ្យ VOA អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ជុំវិញ​ស្ថានភាព​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

«ឫស​គល់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​ ធ្លាក់​ចុះ​រហូត​មក​ដល់​កន្លែង​មួយ​ដែល​យើង​មិន​អាច​កែ​បាន លុះ​ត្រា​តែ​ការ​បោះឆ្នោត​នឹង​វា​សេរី​និង​យុត្តិធម៌​ បាន​កែ​លទ្ធិ​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​បាន»។

ពល​រដ្ឋ​អាមេរិកាំង​ម្នាក់ អ្នកនាង ​Julia Fischer Mackey បេក្ខជន​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​អន្តរ​ជាតិ​មក​ពី​ American University ​ដែលបាន​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្ដី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ជាមួយ​ពលរដ្ឋ​កម្ពុជា​នោះ បាន​លើក​ឡើង​ពី​ចំណាត់​ការ និង​ឯករាជ្យ​ភាព​របស់​តុលាការ និង​ប្រតិកម្ម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក ទាក់ទង​នឹង​ការ​រឹត​ត្បិត និង​រំលោភ​សិទ្ធិ​មនុស្ស។

អ្នកនាង ​Julia បាន​ថ្លែង​ថា៖
«ខ្ញុំ​គិត​ថា ប្រសិន​បើ​មាន​រឿង​ដូច្នេះ​កើត​ឡើង​នៅ​ទី​នេះ ច្បាស់​ជា​មាន​ប្រតិកម្ម​ផុលផុស​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ហើយ​ចំពោះ​រឿង​ច្បាប់ ឬ​ប្រព័ន្ធ​ច្បាប់ ខ្ញុំ​គិត​ថា យើង​ជា​មូលដ្ឋាន​គឺ​មាន​ការ​ជឿជាក់​ទៅ​លើ​ប្រព័ន្ធ​តុលាការ។យើង​ជឿ​ជាក់​ថា តុលាការ​នឹង​ផ្ដល់​ការ​កាត់ក្ដី​ដោយ​យុត្តិធម៌ ដូច្នេះ​បើ​ខ្ញុំ​ស្រមៃ​មើល​ទៅ ប្រជាជន​កម្ពុជា​ក៏​ប្រាកដ​ជា​ចង់​បាន​[តុលាការ​យុត្តិធម៌] អញ្ចឹង​ដែរ»។

មិន​ថា​ពលរដ្ឋ​ខ្មែរ អាមេរិក​ដែល​ទើប​តែ​មក​រស់​នៅ​អាមេរិក ឬ​នៅ​អាមេរិក​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ ពួក​គេ​សុទ្ធ​តែ​ខ្វាយ​ខ្វល់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​បាន​សុខ​សន្តិភាព​ក្នុង​សង្គម​ដែល​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ​ដូច​គ្នា។

រូបថត​លោក កែម ឡី ត្រូវបាន​ដាក់​តាំង​ក្នុង​អំឡុង​ពេល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
រូបថត​លោក កែម ឡី ត្រូវបាន​ដាក់​តាំង​ក្នុង​អំឡុង​ពេល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក ចាន់ សុខផៃ ជា​យុវជន​ម្នាក់​ដែល​មាន​ទឹក​ចិត្ត​ស្រឡាញ់​វប្បធម៌ ​អរិយធម៌ និង​របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាល​ពី​អតីតកាល និង​ទើប​តែ​មក​រស់​នៅ​សហរដ្ឋអាមេរិក​បាន​ប្រាំ​មួយ​ខែ​បាន​និយាយ​ថា៖

«ទោះបី​ជា​យើង​មក​ដល់​អាមេរិក​ក៏​ដោយ ប៉ុន្តែ​គំនិត​យើង​គឺ​នៅ​ដិត​ដាម ខ្ញុំ​មិន​ដែល​បំភ្លេច​ចោល​ស្រុក​ខ្មែរ​ដែល​យើង​ធ្លាប់​មាន​វប្បធម៌​ផូរផង់ ធ្លាប់​មាន​អរិយធម៌​មួយ​ដែល​ល្អ សាមគ្គី​គ្នា ស្រឡាញ់​គ្នា»។

ក្រៅ​ពី​លោក សុខ​ផៃ អ្នក​ស្រី ណាឡែន ស្មីត ដែល​សព្វ​ថ្ងៃ​ប្រកប​របរ​ជា​អ្នក​បក​ប្រែ ចង់​ឃើញ​ប្រទេស​កម្ពុជា​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ បើ​ទោះ​បី​ជា​អ្នក​ស្រី​បាន​មក​រស់នៅ​ និង​បាន​ទទួល​សញ្ជាតិ​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ​។

«ខ្ញុំ​យល់​ថា ខ្ញុំ​ជា​ខ្មែរ​ម្នាក់​ដែរ ហើយ​ខ្ញុំ​អត់​ចង់​ឃើញ​ប្រទេស​ខ្ញុំ គឺ​ថា​មាន​ការ​ជិះ​ជាន់ ធ្វើ​បាប​មនុស្ស​អញ្ចឹង។ ជា​ប្រទេស​ដែល​គ្មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ដូចជា​ក្លែង​ក្លាយ។ ដូច្នេះ​ខ្ញុំ​អត់​ចូល​ចិត្ត។ ខ្ញុំ​ចង់​ឲ្យ​ប្រទេស​យើង​សុខ​សប្បាយ​ និង​មាន​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ»។

អ្នកស្រី​ ណាឡែន ស្មីត ក៏​បាន​លើ​ឡើង​ថា​ទោះ​បី​ជា​មាន​ជំនួយ និង​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ក៏​ពិតមែន​ ពលរដ្ឋ​កម្ពុជា​គួរ​តែ​ខំ​ប្រឹង​ជួយ​ខ្លួន​ឯង​ជា​មុន​សិន ព្រោះ​ថា​ពេល​ខ្លះ​សហគមន៍​អន្តរជាតិ​មិន​អាច​លូក​ដៃ​ចូល​ទៅ​ជួយ​ត្រង់ៗ​បាន​ទេ។

លោក យ័ប គឹមទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ឲ្យ VOA អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ជុំវិញ​ស្ថានភាព​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
លោក យ័ប គឹមទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ឲ្យ VOA អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ជុំវិញ​ស្ថានភាព​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក យ័ប គឹមទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ទាំង​អស់​ជួយ​គិត​គូរ​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សំណូម​ពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

«ខ្ញុំ​សូម​អំពាវ​នាវ ដល់​ខ្មែរ-អាមេរិកាំង ឲ្យ​ជួយ​ខ្នះ​ខ្នែង​ពី​រឿង​ស្រុក​ខ្មែរ​យើង ជា​ពិសេស​ឲ្យ​ពង្រឹង​របប​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស ឲ្យ​បាន​ល្អ ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​ក្មេង​ជំនាន់​ក្រោយ ដើម្បី​យើង​មាន​សេចក្ដី​សុខ​សប្បាយ ហើយ​នៅ​ក្នុង​ស្រុក​ខ្មែរ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រជាជន​ខ្មែរ​យើង​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​ណា​ដែល​ថា មិន​ប្រើ​ទាហាន​ប៉ូលិស ទៅ​គាប​សង្កត់​ដល់​ប្រជាជន»។

នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ គេ​សង្កេត​ឃើញ​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចុះ​អន់​ថយ​យ៉ាង​ខ្លាំង។ តួយ៉ាង កាល​ពី​ថ្ងៃទី១២ ខែ​កញ្ញា​កន្លង​ទៅ​ សភា​អាមេរិក​បាន​ចេញ​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច (H Res) លេខ​ ៧២៨ ​ថ្កោល​ទោស​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​នយោបាយ​ និង​បាន​បញ្ជូន​សារ​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ឲ្យ​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ​គោរព​សិទ្ធិ​សេរីភាព សិទ្ធិ​បញ្ចេញ​មតិ ​សិទ្ធិ​បាតុកម្ម ​និង​សិទ្ធិ​ជួប​ប្រជុំ។

សេចក្ដី​សម្រេច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​ដំណើរ​ការ​បោះឆ្នោត​ឲ្យ​ដំណើរការ​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧ ​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ៕

XS
SM
MD
LG