ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​រិៈគន់​រដ្ឋាភិបាល​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​តម្កល់​រូប​សំណាក​លោក ​កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ


រូបឯកសារ៖ ប្រជាពលរដ្ឋ​រាប់​សែន​នាក់​បាន​ចូលរួម​ដង្ហែសពលោក កែម ឡី កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

អ្នក​វិភាគ​ និង​អ្នក​ចាត់​ចែងរៀង​ចំ​បុណ្យ​សព​លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​កម្ពុជា​ បាន​ហៅ​ការ​បដិសេធ​របស់​សាលារាជធានី​ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​តម្កល់​រូប​សំណាក​លោក​ កែម​ ឡី​ ថា​ជា​ការ​មិន​គាំទ្រ​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​។

អ្នក​តាម​ដាន​ឃាតកម្ម​លោក​ កែម​ ឡី​ និយាយ​ថា​ រដ្ឋាភិបាល​មិន​ផ្តល់​តម្លៃ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ជា​ធាតុ​សំខាន់​នៃ​ដំណើរការ​អនុវត្ត​លទិ្ធប្រជាធិបតេយ្យ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​ការ​តម្កល់​រូប​សំណាក​លោក​ កែម​ ឡី​ ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

ការ​ស្លាប់​របស់​លោក​កែម​ ឡី​ មិន​ត្រឹមតែ​ធ្វើ​ប្រជារាស្ត្រ​ខ្មែរ​មាន​ក្តី​តក់ស្លុត​នោះ​ទេ​ តែ​វា​ថែមទាំង​បាន​បង្ក​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​ដល់​សហគមន៍​អន្តរជាតិ​ ដែល​ជួយ​បញ្ចប់​ការ​វាយ​បង្ហូរ​ឈាម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​នា​ឆ្នាំ​១៩៩១។

អ្នក​វិភាគ​ និង​អ្នក​ចាត់​ចែងរៀង​ចំ​បុណ្យ​សព​លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​កម្ពុជា​ បាន​ហៅ​ការ​បដិសេធ​របស់​សាលារាជធានី​ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​តម្កល់​រូប​សំណាក​លោក​ កែម​ ឡី​ ថា​ជា​ការ​មិន​គាំទ្រ​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ហើយ​ថា​ រដ្ឋាភិបាល​នឹង​បាត់​បង់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​វ័យ​ក្មេង។

លោក​ កែម​ ឡី​ ដែល​និយាយ​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់កាលពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ក្នុង​ហាង​លក់​ទំនិញ​មួយ​ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​ ក្បែរ​ភ្លើង​ស្តុប​បូកគោ​ក្នុង​ខ័ណ្ឌ​ចំការមន។

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ ប្រាប់​ VOA​ ​នា​ថ្ងៃ​សុក្រនេះ​ថា​ រដ្ឋាភិបាល​មាន​សិទ្ធិ​មិន​ឲ្យ​តម្កល់​រូប​សំណាក​លោក​ កែម​ ឡី​ តែ​រដ្ឋាភិបាល​ក៏នឹង​ត្រូវ​មហាជន​ធ្វើ​ការ​ពិចារណា​អំពី​ការ​ផ្តល់​ការ​គាំទ្រ​របស់​ពួកគេ​ក្នុង​ការ​បោះ​ឆ្នោត​ផងដែរ។

លោក​និយាយថា​ បើ​ទោះ​បី​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ថា​ លោក​ កែម ឡី​ ជា​វីរៈបុរស​នៃ​ការ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ក្តី​ ក៏​ប្រជារាស្ត្រ​ខ្មែរ​រាប់​លាន​នាក់​នៅ​តែ​ចងចាំ​រូប​លោក​កែម ឡី​ ជានិច្ច​ចំពោះ​ពាក្យពេចន៍​រិះគន់​រដ្ឋាភិបាល​ ដែល​កំពុង​បង្ហាញ​ពី​អសមត្ថភាព​ក្នុង​ការ​រកឲ្យ​ឃើញ​អ្នក​យក​ជីវិតលោក​ កែម ឡី។

លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។
លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

«បើសិន​ជា​រដ្ឋាភិបាល​អះអាង​ថា​ លោក​ កែម​ ឡី​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​ថា​ ជា​វីរៈបុរស​ក៏ដោយ​ ក៏ប៉ុន្តែ​មនុស្ស​រាប់​លាន​នាក់​ដែល​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​លោក​ កែម​ ឡី​ អានេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ទូទៅ​ដែល​គេ​គិត​ថា​ អ្នក​ណា​ជា​វីរៈបុរស​សម្រាប់​ពួកគេ​ ហើយ​អ្នក​ណា​ទៀត​ដែល​ជា​អ្នក​រារាំង​ទៅលើ​ដំណើរការ​ហ្នឹង។ ហើយ​ខ្ញុំ​គិត​ថា​ រាល់​ការ​រារាំង​របស់​រដ្ឋាភិបាល​នឹង​អាច​មាន​ទទួល​ផល​ប៉ះពាល់​ទៅដល់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ពេល​ថ្ងៃ​ខាងមុខ»។

​យោង​តាម​លិខិត​របស់​សាលារាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​លោក​អ៊ូ ច័ន្ទរ័ត្ន​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំ​អាច​អនុញ្ញាត​ជូន​បាន​ឡើយ​ចំពោះ​ការ​ស្នើ​សុំ​តម្កល់​រូប​សំណាក​លោក​ កែម​ ឡី​ នៅ​ក្នុង​បរិវេណ​ទីលាន​ប្រជា​ធិបតេយ្យ​ ដោយ​លើក​ឡើង​ថា​ ទីលាន​ប្រជាធិបតេយ្យ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​សម្រាប់​ជា​កន្លែង​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

សាលា​រាជធានី​បាន​លើក​ឡើង​ពី​ការ​ជំទាស់​នៃ​ភាគី​កងទ័ព​ ដែល​មិន​គាំទ្រ​ឲ្យ​មាន​ការ​តម្កល់​រូប​សំណាក​ លោក​កែម ឡី​ ផងដែរ​ថា​ កន្លង​មក​មាន​ប្រជាពលរដ្ឋ ជាពិសេស​មន្ត្រី​រាជការ​ និង​យុទ្ធ​ជន​ជា​ច្រើន​ បាន​ពលិកម្ម​យ៉ាង​ធំធេង​ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​ មាតុភូមិ​ បូរណភាព​ដែន​ដី​ និង​អធិបតេយ្យ​ភាព​ជាតិ​ ហើយ​រដ្ឋាភិបាលបាន​លើក​តម្កើង​គុណ​បំណាច់​ និង​ស្នាដៃ​របស់​ពួក​គេ​ដោយ​គ្រាន់​តែ​បាន​កសាង​នូវ​ស្តូប​អនុស្សាវរីយ៍​រំឭក​គុណ​ជា​និមិត្ត​រូប​តែ​ប៉ុណ្ណោះ​ ដោយ​ពុំមាន​ការ​កសាង​រូប​សំណាក​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។

លោក​សៅ​ កុសល​ សមាជិក​ និង​ជា​អ្នក​នាំពាក្យ​គណៈ​កម្មការ​រៀប​ចំបុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​កែម​ ឡី បាន​សំដែង​ក្តី​សោកស្តាយ​ចំពោះ​ការ​បដិសេធ​របស់​សាលា​រាជធានី​លើការ​តម្កល់​រូប​សំណាក​លោក​កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​បង្កើត​ឡើង​សម្រាប់​ប្រជារាស្ត្រខ្មែរ​ដើម្បី​សំដែង​មតិ​ចំពោះ​ភាព​រំខាន​នានា​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ។

តែ​ទោះជា​យ៉ាងណា​ លោក​ថា​ យុទ្ធនាការ​តស៊ូមតិ​ទាមទារ​ឲ្យ​មាន​តម្កល់​រូប​សំណាក​លោក​កែម ឡី​ នេះ​នឹង​ចាប់​ផ្តើម​ ក្រោយ​ពិធី​បុណ្យ​សពគម្រប់​ខួប​១០០​ថ្ងៃ​របស់​លោក​ កែម​ ឡី​ ដែល​នឹង​រៀបចំ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។​

«យើង​នឹង​ពិចារណា​ប៉ុន្តែ​ឥឡូវ​ ក្នុងនាម​ជា​គណកម្មការ​បុណ្យ​ យើង​មាន​តួនាទី​ក្នុង​ការ​ រៀបចំ​បុណ្យនេះ​សិន​ ហើយ​បន្ទាប់​យើង​នឹង​រៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​ ដើម្បី​សុំ​ដាក់​រូបសំណាក​របស់​លោក​បណ្ឌិត​ មិន​ត្រឹម​តែ​ទីលាន​ប្រជាធិបតេយ្យ​ទេ​ ប្រហែល​គណកម្មការ​នឹង​ប្រឹង​ប្រែង​សុំដាក់​នៅ​កន្លែង​ដែល​គេ​ធ្វើ​ឃាត​របស់​លោក​បណ្ឌិត​ទៀត​បាទ»។

លោក​ប្រាប់​ VOA បន្ថែម​ថា​ ​ដំណើរ​ការ​ទាម​ទារ​ការ​តម្កល់​រូបសំណាក​លោក​ កែម​ ឡី​ អាច​ជា​ដំណើរ​មួយ​ស្មុគ្រស្មាញ​ដែលត្រូវ​ការ​ពេល​វេលា​ច្រើន​ ដូច​ការ​ទាមទារ​ឲ្យ​មាន​ការ​តម្កល់​រូប​សំណាក​ លោក​ជា​ វិជ្ជា​ មេសហជីព​ដល់​មាន​ប្រជាប្រិយ៍ភាព​ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​នាព្រឹក​ថ្ងៃទី២២​ ខែមករា​ ឆ្នាំ​២០០៤​ គឺ​នៅពេល​លោក​កំពុង​អាន​កាសែត​នៅ​តូបលក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

រូបថត​លោក កែម ឡី ត្រូវបាន​ដាក់​តាំង​ក្នុង​អំឡុង​ពេល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
រូបថត​លោក កែម ឡី ត្រូវបាន​ដាក់​តាំង​ក្នុង​អំឡុង​ពេល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​ មាន​ ចាន់យ៉ាដា​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

​លោក​ អ៊ូ ច័ន្ទ​រ័ត្ន​ អ្នក​តំណាង​រាស្ត្រ​បក្សប្រឆាំង​មណ្ឌល​ខេត្តតាកែវ​ ប្រាប់ VOA ​នាល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​មាន​ការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ច្រានចោល​សំណើ​របស់​លោក​ក្នុងការ​តម្កល់រូប​សំណាក​លោក​កែម​ ឡី​ ដើម្បី​ទុក​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​ស្វែងយល់​ពី​បុព្វហេតុ​នៃ​ការ​ប្រើ​ប្រាស់​សិទ្ធិ​រិះគន់​រដ្ឋាភិបាល​របស់​លោក​កែម ឡី។ លោក​ថា​ ប្រជារាស្ត្រ​ខ្មែរ​រាប់​លាន​នាក់​ទៀត​ក៏​នឹង​មាន​ការ​ខកចិត្ត​ផងដែរ​ ហើយ​ថារដ្ឋាភិបាល​ទំនង​ជា​បារម្ភ​ពី​ការ​ខាត​បង់​ផល​ប្រយោជន៍​នយោបាយ។

«​ដូចខ្ញុំ​ជំរាប​អញ្ចឹង​អាច​ជា​ការ​យល់​ច្រឡំ​ថា​ វា​ជា​ហេតុផល​នយោបាយ​ ដោយសារ​មតិ​ជាតិ​ មតិ​អន្តរជាតិ​ យល់​ថា ​ការ​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី នេះ​ពាក់​ព័ន្ធ​រឿង​នយោបាយ។​ ម្ល៉ោះហើយ​ អាច​យល់​ច្រឡំ​ថា​ វា​ជា​ការ​កេង​ចំណេញ​នយោបាយ​សម្រាប់​បក្ស​ប្រឆាំង។ ហើយ​ខ្ញុំ​បាន​ប្រកាស​ច្រើន​ដង​ថា​ ខ្ញុំ​អត់​មាន​ពាក់​ព័ន្ធ​នឹង​រឿង​ ដើម្បី​កេង​ចំណេញ​សម្រាប់​គណបក្ស​ប្រឆាំង​ទេ​ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​ចូលរួម​ក្នុង​ការ​សាង​សង់​ហ្នឹង​ផង​ តែ​ខ្ញុំ​ម្នាក់​ឯង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ទៅ​តាម​យោបល់​មតិ​របស់​បងប្អូន​ ជាពិសេស​យុវជន​មួយ​ចំនួន​ធំ​ដែល​លោក​ចង់​ឃើញ​រូប​សំណាក​ហ្នឹង​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នោះ»។

លោក​បន្ថែម​ថា​ ក្រោយ​ពី​សាលារាជធានី​ភ្នំពេញ​ច្រាន​ចោល​សំណើ​របស់​លោក​នេះ​ លោក​មិន​ទាន់​មាន​ផែនការ​ថា នឹង​ត្រូវ​ធ្វើ​អ្វីបន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​ការ​អនុញ្ញាត​ដល់​ការ​តម្កល់​រូប​សំណាក​លោក​កែម ឡី​ ដោយ​លោក​នៅ​មានក្តី​បារម្ភ​ពី​វិបត្តិ​នយោបាយ​ ដែល​លោក​ជឿ​ថា​ នៅ​បន្ត​កើត​មាននោះ។

រូបឯកសារ៖ ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

រយៈពេល​ជាង​២​ខែ​ក្រោយ​ការ​បាញ់​សម្លាប់​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ពី​តម្រុយ​អ្វី​ថ្មី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​នៅឡើយ​ទេ ក្រៅ​ពី​ភស្តុតាង​ដាក់​បន្ទុក​បុរស​ម្នាក់​ ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​ ​ហើយ​ជា​ឃាតករ​នោះ។

ចំណែកឯ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​អាជ្ញាធរ​បាន​ដក​យក​ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជូន​សាធារណជន​នៅ​ឡើយ​ទេ ដោយ​ក្រុម​អ្នក​វិភាគ​ខ្លះ លើក​ឡើង​ថា អាជ្ញាធរ​ទំនង​ជា​ចង់​បិទ​បាំង​ការ​ពិត​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ហើយ​ទុក​ឲ្យ​រឿង​នេះ សាប​រលាប​ម្តង​បន្តិចៗ​ទៅ​តាម​ពេល​វេលា​ ដូច​ជា​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន​និង​សិទ្ធិ​កម្មករ​លើក​មុនៗ​ដែរ​ ដូច​ជា​លោក ឈុត វុទ្ធី​ និង​លោក ជា​ វិជ្ជា​ ជា​ដើម។

​ក្រុម​អ្នក​តាម​ដាន​ឃាតកម្ម លោក​កែម ឡី​ និយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ រក​ឲ្យ​ឃើញ​ការ​ពិត​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​ដែល​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ការ​និយាយ​រិះគន់​រដ្ឋា​ភិបាល។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Ban Ki-moon បាន​សំដែង​ក្តី​ក្រៀម​ក្រំ​ចំពោះ​ការស្លាប់​លោក​កែម​ ឡី​ ហើយ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ស៊ើប​អង្កេត​ឯករាជ្យ​ដើម្បី​រក​មូល​ហេតុ​ពិតប្រាកដ​នៃ​ការ​បាញ់​សម្លាប់​នេះ៕

XS
SM
MD
LG