ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«គណបក្ស​កម្ពុជា​និយម»​ដែល​ទើប​បង្កើត​ថ្មី ប្រកាស​ចាប់ផ្តើម​សកម្មភាព​ជាមួយ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស


អគារ​របស់​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​កម្ពុជា​និយម នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
អគារ​របស់​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​កម្ពុជា​និយម នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

«គណបក្សកម្ពុជា​និយម»​ ដែល​ទើប​តែ​បង្កើត​ឡើង​ដោយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​ព្រៃវែង ​លោក​ យ៉ែម បុញ្ញឫទ្ធិ​ បាន​ផ្តើម​ឲ្យ​មាន​ការ​ជួបជុំ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ជាលើក​ដំបូង​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស ​ស្ថិត​នៅ​ជាយ​ក្រុង​រាជធានី​ភ្នំពេញ​ ក្រោម​ពាក្យ​ស្លោក​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ ដើម្បី​អនាគត​កម្ពុជា។​

ក្រសួង​មហា​ផ្ទៃ​ បាន​ផ្តល់​សុពល​ភាព​ដល់​គណបក្ស​របស់​លោក ​យ៉ែម បុញ្ញឫទ្ធិ​ កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ហើយ​ការ​ជួបជុំ​អ្នក​គាំទ្រ​ជាង​១៥០​នាក់ ​កាលពី​ព្រឹក​ថ្ងៃសុក្រ​នេះ​ ធ្វើ​ឡើង​នៅ​ចំពេល​ដែល​កម្ពុជា ​ប្រារព្ធ​ខួប​៧៣​ឆ្នាំ​នៃ​ការ​បង្កើត​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​១០​ធ្នូ។​

លោក ​យ៉ែម បុញ្ញឫទ្ធិ​ ដែល​បាន​និរទេស​ខ្លួន​ឯង​ទៅ​រស់​នៅ​ប្រទេស​បារំាង​មួយ​រយៈ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​ បាន​ប្រាប់​សមាជិក ​សមាជិកា​បក្ស​ និង​តំណាង​យុវជន​ក៏ដូច​ជា​តំណាង​ស្ត្រី​របស់​គណបក្ស​ថា ​សិទ្ធិ​មនុស្ស​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​ ពល​រដ្ឋ​ខ្មែរ​ និង​គ្រប់​មនុស្ស​ជាតិ​ដើម្បី​បាន​រស់​នៅ​ជាមួយ​គ្នា​ក្នុង​សេចក្តី​ថ្លៃ​ថ្នូរ។​

លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​សុន្ទរកថា នៅក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​របស់​លោក​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​សុន្ទរកថា នៅក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​របស់​លោក​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​ «ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា​ យើង​ត្រូវ​តែ​ខិត​ខំ​ ....​ខិតខំ​ព្យាយាម​ ដើម្បី​ទាម​ទារ​ ដើម្បី​អនុវត្ត ​ទាមទារ​សិទ្ធិ​របស់​យើងក្នុង​នាម​សិទ្ធិ​ជា​ពលរដ្ឋ ​សិទ្ធិ​របស់​យើង​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ សិទ្ធិ​របស់​យើង​ដែល​មាន​ចែង​ជា​សាកល​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។​ ដូច្នេះ​ការ​ទទួល​បាន​សិទ្ធិ​សេរីភាព​ ក្នុង​ការ​បំពេញ​ការងារ​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​ សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​តែ​បន្ត​ការ​ងារ​របស់​យើង ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​កម្ពុជា​និយម​ ចុះ​ថ្ងៃ​ទី​១០​ ធ្នូ​ ឆ្នាំ​២០២១គណបក្ស​យល់​ឃើញ​ថា​ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គឺ​ជា​គន្លឹះ​នៃ​ការ​បំពេញ​បន្ថែម​ព័ត៌មាន​ទៅ​វិញ​ទៅមក​ ដើម្បី​ជាមូលដ្ឋាន​នៃ​ដំណោះ​ស្រាយប្រកប​ដោយ​យុត្តិធម៌។​

ក្នុង​ការ​ជួប​ជាមួយ​អ្នក​គាំទ្រ​ដែល​មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ ក្នុង​នោះ​មាន​ខេត្ត​ព្រៃវែង ​កំពង់ឆ្នាំង​ខេត្ត​កណ្តាល​ កំពត​ និង​រាជធានី​ភ្នំពេញលោក ​យ៉ែម បុញ្ញឫទ្ធិ​ថ្លែង​ថា៖​ «យុត្តិធម៌​សង្គម»​ ក៏​ជា​គ្រឹះ​នៃ​គោល​នយោបាយ​របស់​គណបក្ស​លោក​ ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ឆ្នាំ​២០២២​ បើ​ទោះ​ជា​មិន​មាន​ការ​គាំទ្រ​ពី​អតីត​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម សុខា​ និង​លោក ​សម រង្ស៊ី​ ក៏​ដោយ។​

ការជួបប្រជុំ​នយោបាយ​លើក​ដំបូង​របស់​គណក្ស​កម្ពុជា​និយម ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
ការជួបប្រជុំ​នយោបាយ​លើក​ដំបូង​របស់​គណក្ស​កម្ពុជា​និយម ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)


លោក​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ថា៖ ​«ខ្ញុំ​បញ្ជាក់​គោល​នយោបាយ​របស់​កម្ពុជា​និយម។​ យុត្តិធម៌​ គឺ​ជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ គឺ​ជា​គ្រឹះ​ដែល​នាំ​ឲ្យ​មាន​ស្ថិរភាព​ នាំ​ឲ្យ​មាន​សន្តិភាព​ ប្រកប​ដោយ​ចីរកាល​ និង​និរន្តរកាល។ បើ​គ្មាន​យុត្តិធម៌​សង្គម​ទេ​ ​វាតែង​តែ​មាន​ទំនាស់​ ហើយ​តែង​តែ​មាន​បញ្ហា។ ​ដំណោះ​ស្រាយ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច?​ ពេល​ដែល​មាន​បញ្ហា​ នៅ​ពេល​ដែល​មាន​ រឿង​អយុត្តិធម៌​សង្គម​ ទាល់​តែ​អនុញ្ញាត​ បើក​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ប្រជា​ពលរដ្ឋ​លោក​មាន​សិទ្ធិ​បញ្ចេញ​មតិ​ អ្នក​សារព័ត៌មាន​លោក​មាន​វិជ្ជាជីវៈ​ អាច​សរសេរ​បញ្ចេញ​មតិ​ ដោយ​ឈរ​លើ​គោល​ការណ៍​ពិត​នៃ​បញ្ហា។ ​យើង​ជា​អាជ្ញាធរ​ គួរ​តែ​យក​ប្រមូល​ផ្តុំ​គំនិត​ទាំង​អស់ ​បញ្ហា​ទាំង​អស់​នោះ​ យក​មក​ដាក់​លើ​តុ​ ហើយ​ដោះស្រាយ»។​

លោក​បន្ថែម​ថា៖​ «មិនមែន​ឲ្យ​តែ​សរសេរ​ សុទ្ធ​តែ​មក​ពី​នេះ​ សុទ្ធ​តែ​មក​ពីនោះ​ ....​មិន​ទទួល​យក​ការ​....​មិន​ទទួល​យក​ ការ​....​មិន​ទទួល​ស្គាល់​បញ្ហា​ គឺ​ជា​បុព្វហេតុ​ដែល​នាំ​ឲ្យ​កើត​រឿង​អយុត្តិធម៌។ ​អយុត្តិធម៌​កាន់​តែ​ធំ​ នាំ​ឲ្យ​មាន​បញ្ហា​សង្គម​កាន់​តែ​ខ្លាំង។​ដូច្នេះ​គោល​ការណ៍​របស់​កម្ពុជា​និយម​ គឺ​យុត្តិធម៌​ជា​មូលដ្ឋាន​គ្រឹះ»។​

លោក យ៉ែម បុញ្ញឫទ្ធិ ឈរ​នៅ​កណ្តាល​ជាមួយ​សមាជិក សមាជិកា​បក្ស​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​របស់​លោក​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
លោក យ៉ែម បុញ្ញឫទ្ធិ ឈរ​នៅ​កណ្តាល​ជាមួយ​សមាជិក សមាជិកា​បក្ស​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​របស់​លោក​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

ការ​ចាប់​ផ្តើម​ដំណើរការ​គណបក្ស​កម្ពុជា​និយម​ កើត​មាន​ឡើង​នៅចំ​ពេល​មាន​សញ្ញា​នៃ​ការ​ប្រេះឆា​កាន់​តែ​ខ្លាំង​របស់​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា​ ដែល​កំពុងជាប់​បម្រាម​ធ្វើ​នយោបាយ​ និង​លោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ ​មេ​ដឹកនាំ​ទាំង​ពីរ​របស់​អតីត​គណបក្ស​ជំទាស់ ​ក៏​កំពុង​មាន​ក្តីក្តាំ​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ ជាពិសេស​បទក្បត់​ជាតិនៅ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

ក៏​ប៉ុន្តែ​លោក ​យ៉ែម បុញ្ញឫទ្ធិ​ ចាត់​ទុក​ថា​ ការ​ចេញ​សារ​នយោបាយ​បង្ហាញ​ពី​ការ​មិន​ត្រូវ​គ្នា​របស់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នោះ​ ទំនង​ជា​ពាក់​ព័ន្ធ​នឹង​បញ្ហា​ច្បាប់​ ជាជាងការ​ខ្វែង​គំនិត​គ្នា។​

ដោយ​ឡែក​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ ក៏​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​ នា​ថ្ងៃ​សុក្រ​នេះ​ផង​ដែរ ​ក្រោម​ប្រធាន​បទ​«រួមគ្នា​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស»។​


ស្រប​ពេល​មាន​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​ សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ​បាន​បន្ត​ជាប់ឃុំ​ក្នុង​សំណុំ​រឿង​ញុះញង់​ និង​រួម​គំនិត​ក្បត់​ ចំពោះ​ការ​និយាយ​ស្តី​របស់​ពួកគេ​មួយ​ចំនួន​តាម​បណ្តាញ​សង្គម ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​នយោបាយ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ស្ថាន​ភាព​សេដ្ឋកិច្ច​ និង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ឬ​ការ​ជេរ​ប្រមាថ​មេ​ដឹកនាំ​ប្រទេស។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត​ យល់​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ ឬ​ល្អក់​កករ​នោះ​ អាស្រ័យ​លើ​ការ​ស្រុះ​ស្រួល​របស់​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស។ ​ លោក​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​បាន​គឺ​តោង​ឲ្យ​អ្នក​នយោបាយ​ឈរ​លើ​គោល​ការណ៍​ចរចា​ និង​ជជែក​គ្នា​ ដោយ​ឈរ​លើ​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ៕​

XS
SM
MD
LG