គណបក្សនយោបាយថ្មីមួយទៀត គឺ«គណបក្សកម្ពុជានិយម» ឬ Kampucheaniyum Party(KP) ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីសប្តាហ៍មុន ដែលគណបក្សនេះនឹងដឹកនាំដោយអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិម្នាក់ ដែលស្និទ្ធនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលវីអូអេទទួលបាន និងតំណាងគណបក្សថ្មីនេះ។
សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកក្កដា ឲ្យដឹងថា គណបក្សមួយនេះត្រូវបានបង្កើតឡើងដោយស្ថាបនិក មានឈ្មោះ អូក អ៊ី ដែលគេស្គាល់ថាជាយុវជនគណបក្សប្រឆាំងមួយរូប។
លោក យី សីហា តំណាងយុវជនដែលបានចូលរួមបង្កើតគណបក្សនេះ បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាគណបក្សនេះមិនទាន់បានរៀបចំរចនាសម្ព័ន្ធរបស់គណបក្សជាផ្លូវការនៅឡើយទេ ប៉ុន្តែលោកបញ្ជាក់ថាលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងធ្វើជាប្រធានគណបក្សមួយនេះ។
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាមន្រ្តីម្នាក់ដែលស្និទ្ធនឹងលោក កឹម សុខា គឺលោក យ៉ែម បុញ្ញឫទ្ធិ បានទទួលសិទ្ធិធ្វើនយោបាយកាលពីថ្ងៃទី១៧ ខែមេសា តាមការស្នើសុំរបស់លោក។
វីអូអេ មិនទាន់អាចទាក់ទងលោក យ៉ែម បុញ្ញឫទ្ធិ ដើម្បីបញ្ជាក់អំពីរឿងនេះបាននៅឡើយទេត្រឹមល្ងាចថ្ងៃច័ន្ទនេះ។
នៅពេលសួរថាតើគណបក្សមួយនេះមានទំនាក់ទំនងជាមួយ លោក កឹម សុខា ឬយ៉ាងណា លោក យី សីហា បញ្ជាក់ថាលោកមិនមានព័ត៌មាននេះទេ ហើយក៏មិនដឹងថាតើលោក កឹម សុខា ដែលកំពុងជាប់បណ្តឹងនៅតុលាការក្នុងសំណុំរឿងក្បត់ជាតិ នឹងមកដឹកនាំគណបក្សមួយនេះ ឬយ៉ាងណា នៅពេលខាងមុខ។
លោកបន្ថែមថាលោក មុត ចន្ថា ដែលជាជំនួយការរបស់លោក កឹម សុខា និងទទួលបានសិទ្ធិធ្វើនយោបាយកាលពីខែមេសាដែរ មិនបានចូលរួមជាមួយគណបក្សកម្ពុជានិយមនេះទេ បើទោះលោកធ្លាប់ចូលរួមកិច្ចប្រជុំរបស់គណបក្ស កាលពីកន្លងទៅក៏ដោយ។
បើតាមលោក យី សីហា មានថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត នឹងចូលរួមជាមួយគណបក្ស ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានទេនៅពេលនេះ។
ឆ្លើយតបនឹងសំណួររបស់វីអូអេនៅថ្ងៃច័ន្ទនេះ លោក មុត ចន្ថា អត្ថាធិប្បាយថា៖«គណបក្សតូចៗនេះ អាចឈ្នះសម្រាប់ខ្លួនឯងតិចតួច ប៉ុន្តែមិនអាចឈ្នះដើម្បីជាតិទាំងមូលឡើយ»។
បើតាមហ្វេសប៊ុករបស់គណបក្ស «គណបក្សកម្ពុជានិយម» សហការគ្នា រួមគ្នាថែរក្សា ការពារអត្តសញ្ញាណជាតិ និងរៀបចំសង្គមស៊ីវិល័យជឿនលឿនថ្លៃថ្នូរ គោរពសិទ្ធិមនុស្ស តាមគោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយប្រឆាំងនឹងអំណាចប្រមូលផ្ដុំផ្ដាច់ការ៕