ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​ទូក​ទេសចរណ៍​នៅ​ឃុំ​កំពង់​ភ្លុក​ ​រង់​ចាំ​ទទួល​ភ្ញៀវ​វិល​ត្រឡប់​ក្រោយ​វិបត្តិ​កូវីដ​១៩


លោក​ គន់ ថា​ អាយុ​៣៧ឆ្នាំ ម្ចាស់​ទូកទេសចរណ៍​ក្នុងឃុំ​កំពង់​ភ្លុក​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ ថ្ងៃ​ទី​២ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)
លោក​ គន់ ថា​ អាយុ​៣៧ឆ្នាំ ម្ចាស់​ទូកទេសចរណ៍​ក្នុងឃុំ​កំពង់​ភ្លុក​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ ថ្ងៃ​ទី​២ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)

ទូក​ទេសចរណ៍​ដេក​រណែល​តាម​ផ្លូវ​ដី​នៅ​ក្នុង​តំបន់​នេសាទ​មួយ​កន្លែង​ជាប់​បឹង​ទន្លេសាប។ កៅអី​ទូក​ខ្លះ​ ត្រូវ​គេ​យក​មក​ដាក់​ចោល​លើ​ផ្ទៃ​ដី​ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ភ្លុក​ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប។​ ម្ចាស់ទូក​ទាំង​នោះ​ គឺ​ជា​ពលរដ្ឋ​នៅ​ឃុំ​កំពង់​ភ្លុក​ ទី​ដែល​មាន​អ្នក​នេសាទ​ជាង​៩០០​គ្រួសារ​រស់​នៅ។​

ក្នុងចំណោម​ទូក​រាប់​សិប​គ្រឿង​ដែល​ចត​ចោល​នោះ​ គឺ​មានទូក​ប្រមាណ​២០%​ ត្រូវ​បាន​ជួសជុល​រង់​ចាំ​ដឹក​អ្នក​ទេសចរ​ ខណៈ​ទូក​ខ្លះ​ទៀត​បាន​ផ្តល់​សេវា​ដល់​អ្នក​ទេសចរ​បណ្តើរៗ​ហើយ។

កំពុង​ជួសជុល​ទូក​ទេសចរណ៍​មួយ​នៃ​ទូក​របស់​លោក​ចំនួន​៥​គ្រឿង​ លោក​ គន់ ថា​ អាយុ​៣៧​ឆ្នាំ​បាន​ប្រាប់​វីអូអេ​ថា ​នៅ​ដំណាក់​កាល​ដំបូង​នេះ​ភ្ញៀវ​ទេសចរ​ខ្មែរ​មក​លេង​ឃុំ​កំពង់​ភ្លុក​ច្រើន​ជាង​ភ្ញៀវ​បរទេស។

បុរស​ដែល​បាន​ប្រកប​មុខ​របរ​នេះ​៧​ឆ្នាំ​មក​ហើយ​នោះ​បាន​ឱ្យ​ដឹង​ថា​ លោក​បាន​ជួសជុល​ទូក​បាន​៣​គ្រឿង​ហើយ​ក្នុង​ចំណោម​ទូក​របស់​លោក​៥​គ្រឿង​ ដើម្បី​ត្រៀម​ជូន​ភ្ញៀវ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ធម្មជាតិ​ រួម​មាន​បឹង​ទន្លេសាប ​តំបន់​ព្រៃ​រនាម​ និង​ព្រៃគុប។ ​

លោក​ថ្លែង​ថា៖ ​«ពួក​ខ្ញុំ​អ្នក​កាណូត ភ្ញៀវ​គឺមាន​អារម្មណ៍​ថា​ នឹង​អាច​មាន​ភ្ញៀវ​វិល​មក​វិញ​ ទោះ​ជា​វាមិន​បាន​ដល់​ទៅ​៥០% ​ក៏តែ​៣០%​ឬ​៤០% ក៏​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ»។

ទូកទេសចរណ៍ជាច្រើនគ្រឿង​ដេក​រណែល​នៅជាប់អូរក្នុងឃុំ​កំពង់​ភ្លុក​ ដែល​នៅជាប់​បឹង​ទន្លេសាប​ ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)​
ទូកទេសចរណ៍ជាច្រើនគ្រឿង​ដេក​រណែល​នៅជាប់អូរក្នុងឃុំ​កំពង់​ភ្លុក​ ដែល​នៅជាប់​បឹង​ទន្លេសាប​ ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)​

លោក​រំឭក​ថា ​សម្រាប់​លោក​ជា​អ្នក​នេសាទ​ផងនោះ ផល​ប៉ះពាល់​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩​មក​លើគួ្រសារ​របស់​លោក​គឺ​មាន​កម្រិត​តិច​ជាង​អ្នក​រស់​នៅ​ទីក្រុង ​និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំជន។ ​ប៉ុន្តែ​សង្គ្រាម​ប្រទេស​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កំពុង​ធ្វើ​ឱ្យ​សាំង​ឡើង​ថ្លៃ​ និង​បង្ក​ការ​លំបាក​ដល់​អ្នក​រត់​ទូក​ទេសចរណ៍​ ខណៈ​ចំនួន​ទេសចរ​មិន​ទាន់​កើន​ឡើង​ច្រើន​នៅ​ឡើយ។

លោក​និយាយ​ថា៖​ «ម៉្លោះ​ហើយ​ខ្ញុំ ​អ្នក​ទន្លេ ​ទោះ​ជា​ថា​ ខ្ញុំ​យ៉ាប់ ក៏​វា​ដូច​មិន​យ៉ាប់​ប៉ុន្មាន។ ​ទី​មួយ​ពេល​ដែល​ខ្ញុំ​អត់​មាន​ភ្ញៀវ​ទេសចរ​អ៊ីចេះ​ ពួក​ខ្ញុំ​អាច​ទៅ​រក​ត្រី​បាន។​ ក៏​គិត​ទៅ​វា​មិន​យ៉ាប់​ប្រហែល​នឹង​ពេល​ប្រេង​កំពុង​ឡើង​ថ្លៃ​ដូច​ឥឡូវ​ដែរ»។

កំពុង​ជួយ​លោក​ គន់ ថា​ ជួស​ជុល​ទូក​ទេសចរណ៍​នោះ​ លោក​ ហែម មុំ ​អាយុ​៤៧​ឆ្នាំ​និយាយ​ថា ​ប៉ុន្មាន​ខែ​នេះ​ ​ខណៈ​ម្ចាស់​ទូក​ទេសចរណ៍​ និង​ទូក​នេសាទ​កំពុង​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរណ៍ ​ក្រោយ​ជំងឺ​កូវីដ​១៩​នោះ​ លោក​រវល់​គ្មាន​ថ្ងៃ​សម្រាក​ទេ។

លោក​ថ្លែង​ថា៖ ​«អូ បើ​និយាយ​ពី​រឿង​ការ​ងារ​ជួស​ជុល​ទូក​នេះ​វា​មិន​ចេះ​អត់​ទេ។ ​និយាយ​រួម​ថា​ ឱ្យ​តែ​មាន​កម្លាំង​ធ្វើ​ មាន​ប្រចាំ​ថ្ងៃ​អ៊ីចឹង​ឯង»។

កម្មករ​រក​ស៊ី​ជួសជុល​ទូក​ទេសចរណ៍ ​មាន​កូន​៦​នាក់​នេះ ​ប្រាប់​វីអូអេ​បន្ថែម​ថាលោក​ទទួល​បាន​ប្រាក់​ឈ្នួល១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការងារ​៨​ម៉ោង​ ប៉ុន្តែ​បើ​មាន​ម្ចាស់​ទូក​ពីរ​នាក់​ជួល​លោក​នោះ​ នោះ​លោក​អាច​រក​ប្រាក់​បាន​បន្ថែម​ទៅ​តាម​បរិមាណ​ការងារ។

បញ្ហា​សាំង​ឡើង​ថ្លៃ​នេះ​មាន​ផល​ប៉ះពាល់​មិន​រើស​មុខ​បន្ត​គ្នា​ពី​អ្នក​ផលិត អ្នក​លក់​រហូត​ដល់​អតិថិជន​ ហើយ​វា​ក៏​ប៉ះពាល់​ពី​ម្ចាស់​អាជីវ​កម្ម​រហូត​ដល់​កម្មករ។

លោក ហែម មុំ​ កំពុងជួសជុល​ទូក​ទេសចរណ៍​ក្នុង​ឃុំ​កំពង់​ភ្លុក​ ស្រុក​ប្រាសាទ​បាគង​ ខេត្តសៀមរាប ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)
លោក ហែម មុំ​ កំពុងជួសជុល​ទូក​ទេសចរណ៍​ក្នុង​ឃុំ​កំពង់​ភ្លុក​ ស្រុក​ប្រាសាទ​បាគង​ ខេត្តសៀមរាប ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)

កម្មករ​ម្នាក់​ទៀត​ដែល​ស៊ី​ឈ្នួល​ជួសជុល និង​បើក​ទូក​ទេសចរណ៍ ​បាន​ឱ្យ​ដឹង​ថា ​លោក​បាន​ប្រាក់​ខែ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ។ ​លោក​ចង់​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​នេះ​ ប៉ុន្តែ​លោក​ដឹង​ពី​ការ​លំបាក​របស់​ម្ចាស់​ទូក​ពេល​សាំង​ឡើង​ថ្លៃ។

​លោក​ប្រាប់​វីអូអេ​ថា៖ ​«ចង់​បាន​ប៉ុន្តែ​ថៅ​កែ គាត់រត់​អត់​រួច​ដែរ។ ​ប្រេង​វា​ថ្លៃ​ផងឆ្នាំ​ណេះ»។

កម្មករ​ដែល​មាន​កូន​៤​នាក់​នេះ​បាន​ឱ្យ​ដឹង​ថា​ចំណូល​របស់​លោក​ភាគ​ច្រើន​បាន​ពី​លុយ​ដែល​ភ្ញៀវ​ឱ្យ។​ លោក​កំពុង​រង់​ចាំ​ប្រភព​ចំណូល​របស់​លោក​គឺ​ភ្ញៀវ​ទេសចរ។​

លោក​និយាយ​ថា៖​ «បាន​រស់​ជា​មួយ​ភ្ញៀវ ។ ​ភ្ញៀវ​ខ្លះ គេចេញ​មួយ​ជើង​ចឹងទៅ​ បាន​១​ម៉ឺន​ ២​ម៉ឺន​អី​ណា៎!​បាន​ភ្ញៀវ​ធីបឱ្យ។ ​ បើ​រំពឹង​លុយខែ​ចិញ្ចឹម[​ខ្លួន]​មិន​រស់​ទេ។ ​មួយ​ខែ​៥០​ដុល្លារ​ គ្មាន​អ្នក​ណា​គេ​បើក​ទេ»។​

ដូច​ទូក​ទេសចរណ៍​នៅ​កំពង់​ភ្លុក​ដែរ​ ទូក​ទេសចរណ៍​នៅ​តំបន់​ទេសចរណ៍​ជាប់​បឹង​ទន្លេសាប​ផ្សេង​ទៀត​ បាន​ដេក​រណែលតាម​មាត់​អូរ​ ដោយ​សារ​ការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។​

ជំងឺ​កូវីដ​១៩​បាន​សម្លាប់​ប្រជាជន​កម្ពុជា​ជាង​៣.០០០​នាក់​ ហើយ​រដ្ឋាភិបាល​បាន​បិទ​ប្រទេស​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​កាល​ពី​ឆ្នាំ​២០២១​ និង​មាន​ការ​រឹត​បន្តឹង​ជា​បន្ត​បន្ទាប់​មក​ទៀត​ ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​អាជីវកម្ម​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ និង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​ទី​សាធារណៈ​ និង​ឯកជន។

ក៏​ប៉ុន្តែ​ ដោយ​សារ​តែ​ករណី​ឆ្លង​ថ្មី​ បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក្រោយ​ពលរដ្ឋ​ទទួល​បាន​វ៉ាក់សាំង​នោះ​ រដ្ឋាភិបាល​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ដដែល​នោះ៕

XS
SM
MD
LG