ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​នៅ​អាហ្វហ្គានីស្ថាន


យន្តហោះ​​កងទ័ព​អាកាស​អាមេរិក​មួយ​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​កងទ័ព​អាមេរិក​ចុង​ក្រោយ​បាន​ដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​ពីរ​ទសវត្សរ៍​ជា​ផ្លូវការ​នៅ​ទីនោះ។

លោក Biden បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​និយាយ​ជាពិសេស​អំពី​ការ​សម្រេចចិត្ត​របស់​លោក​នៅ​ក្នុង​ការ​មិន​ពន្យារ​ពេល​វត្តមាន​កងទ័ព​អាមេរិក​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ហួស​ថ្ងៃ​ទី ៣១ ខែ​សីហា ដែលជា​កាល​បរិច្ឆេទ​កំណត់​របស់​លោក។

អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ លោក Biden និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋបាល​របស់​លោក​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​បន្ត​វត្តមាន​កងទ័ព​នៅ​អាហ្វហ្គានីស្ថាន​យូរ​ជាង​នេះ និង​អំពី​ការ​វាយតម្លៃ​លើ​បញ្ហា​ប្រឈម​និង​ផល​ប្រយោជន៍​នៃ​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​ធៀប​នឹង​ការ​គំរាមកំហែង​សន្តិសុខ​ដែល​អាច​កើត​មាន។

ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក​នេះ យន្តហោះ​ប្រភេទ CH-47 Chinook ត្រូវ​បាន​ដឹក​ចូល​កន្ទុយ​យន្តហោះ​ធំ​យោធា​ប្រភេទ C-17 Globemaster របស់​កងទ័ព​អាកាស​អាមេរិក នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២១។
ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក​នេះ យន្តហោះ​ប្រភេទ CH-47 Chinook ត្រូវ​បាន​ដឹក​ចូល​កន្ទុយ​យន្តហោះ​ធំ​យោធា​ប្រភេទ C-17 Globemaster របស់​កងទ័ព​អាកាស​អាមេរិក នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២១។

លោក Biden បាន​និយាយ​ថា៖ «ក្រុម​នាយ​អគ្គសេនាធិការ​កងទ័ព​និង​មេបញ្ជាការ​ទាំងអស់​របស់​យើង​នៅ​ទីនោះ​បាន​ផ្តល់​អនុសាសន៍​ជា​ឯកច្ឆន្ទ​ឲ្យ​បញ្ចប់​បេសកកម្ម​ដឹក​ជញ្ជូន​របស់​យើង​តាម​ការ​គ្រោងទុក។ ទស្សនៈ​របស់​ពួកគេ​គឺ​ថា ការ​បញ្ចប់​បេសកកម្ម​យោធា​របស់​យើង​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​អាយុ​ជីវិត​កងទ័ព​របស់​យើង​និង​ធានា​បាន​នូវ​ការ​រំពឹងទុក​នៃ​ការ​ចាកចេញ​របស់​ជន​ស៊ីវិល ដែល​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​និង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ក្រុម​តាលីបង់​បាន​ធ្វើ​ការ​ប្តេជ្ញាចិត្ត​អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព ហើយ​ពិភពលោក​នឹង​ធ្វើ​ឲ្យ​ពួកគេ​ប្រកាន់​ខ្ជាប់​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន»។

ការ​សម្រេចចិត្ត​របស់​លោក Biden នៅក្នុង​ការ​ប្រកាន់​តាម​កាល​កំណត់​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ បាន​រង​ការ​រិះគន់​ពី​គូប្រជែង​នយោបាយ​និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន។

ការ​ចាកចេញ​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​កើតឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ខួប ២០ ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ភេរកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ លើ​សហរដ្ឋ​អាមេរិក ចូល​មក​ដល់។ ការ​វាយប្រហារ​ភេរវកម្ម​នេះ​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ជូន​កងទ័ព​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​អាល់កៃដា (al-Qaida) ដែល​បាន​រៀបចំ​ផែនការ​វាយ​ប្រហារ​នេះ និង​ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់​ដែល​ផ្តល់​ជម្រក​ឲ្យ​ពួកគេ៕

XS
SM
MD
LG