ក្រសួងការងារសហរដ្ឋអាមេរិកបានចេញផ្សាយស្ថិតិទូទាំងប្រទេសកាលពីថ្ងៃសុក្រស្តីពីការជួលមនុស្សធ្វើការងារនិងការគ្មានការងារធ្វើសម្រាប់ខែកក្កដា ប្រាប់ឲ្យដឹងពីការកើនឡើង ទោះជាមិនបានល្អនៅពេលធ្វើការប្រៀបធៀបទៅនឹងការរំពឹងទុករបស់សេដ្ឋវិទូក៏ដោយ។
យោងតាមរបាយការណ៍នោះប្រាប់ឲ្យដឹងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានបន្ថែមការងារ១សែន៥ម៉ឺន៧ពាន់ការងារនៅខែកក្កដា តិចជាងការរំពឹងទុកចំនួន១ សែន៩ម៉ឺនការងារដែលពួកសេដ្ឋវិទូបានព្យាករណ៍។បន្ថែមពីនេះ អត្រាគ្មានការងារធ្វើទូទាំងប្រទេសបានធ្លាក់ចុះពី៤ភាគរយមក៣,៩ភាគរយ ដែលជិត៣,៨ភាគរយកាលពីខែឧសភាដែលជាចំនួនទាបបំផុតក្នុងរយៈពេល១៨ឆ្នាំ។
ពួកសេដ្ឋវិទូមានការភ័យខ្លាចថា ការពាក់ព័ន្ធសង្គ្រាមពាណិជ្ជកម្មកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយការយកពន្ធគយលើទំនិញបរទេស នឹងបំផ្លាញការងារផលិតកម្មសហរដ្ឋអាមេរិក។ ទោះជាយ៉ាងនោះក៏ដោយ របាយការណ៍កាលពីខែកក្កដា បានបង្ហាញថា ឧស្សាហ៍កម្មផលិតកម្មបានបន្ថែមការងារ៣ម៉ឺន៧ពាន់ការងារដែលជាចំនួនខ្ពស់ក្នុងរយៈពេល៧ខែ។
លោក Scott Anderson ប្រធានសេដ្ឋវិទូនៅធនាគារ Bank of the West ដែលមានទីតាំងក្នុងក្រុង San Francisco បានប្រាប់កាសែត The New York Times ថា៖ «យើងមិនឃើញមានផលប៉ះពាល់មកពីការតានតឹងខាងពាណិជ្ជកម្មនោះ ការណ៍នេះហាក់ដូចជាឆាប់ពេកដើម្បីនិយាយពីផលប៉ះពាល់នេះ»។
តាមសមាគមឧស្សាហកម្មបច្ចេកវិទ្យា CompTIA បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេក វិទ្យាក៏បានឃើញការកើនឡើងនូវចំនួនការងារតិចតួចដោយមានការងារចំនួន៧ម៉ឺន ៥ពាន់បានត្រូវបន្ថែមនៅខែកក្កដា ដែលផ្ទុយពីការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕