ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ចិន​រីករាយ​និង​ប្រញាប់​រៀបចំ​ដំណើរ​ទៅ​បរទេស​ ​ក្រោយ​អាជ្ញាធរ​លុបចោល​ការ​តម្រូវ​ធ្វើ​ចត្តាឡីស័ក​ពេល​ចូល​ប្រទេស​វិញ


អ្នកធ្វើដំណើរដើរកាត់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ក្នុងអំឡុងការផ្ទុះរាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសចិន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។

ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​មាន​ប្រតិកម្ម​ប្រកប​ដោយ​ក្តីសប្បាយ​រីករាយ​ ហើយ​បាន​ស្ទុះ ស្ទា​ទៅកក់​សំបុត្រ​យន្តហោះ​សម្រាប់​ជើងហោះហើរ​បរទេស​នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយ​ថា​ ខ្លួន​នឹង​បោះបង់​ចោល​ការតម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ជំងឺ​កូវីដ​សម្រាប់​អ្នក​មក​ដល់​ពី​បរទេស​ ដែលនេះ​បាន​បញ្ចប់ការ​នៅ​ដាច់​ពី​គេ​របស់​ប្រទេស​ចិន​ ជិត ​៣ ឆ្នាំ​មក​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ក្នុង​ចំណាត់ការ​ភ្លាមៗ​មួយ​កាលពី​យប់​ថ្ងៃ​ចន្ទ ចិន​បាន​និយាយ​ថា ចាប់ពី​ថ្ងៃ​ទី ៨ ខែ​មករា​ខាង​មុខ​នេះ អ្នក​ធ្វើ​ដំណើរ​មកពី​ក្រៅ​ប្រទេស​នឹង​លែង​តម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​នៅ​ពេល​មក​ដល់ ​នៅ​ក្នុងការ​បន្ធូរបន្ថយ​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩​ ដ៏​តឹងរ៉ឹង​ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​និង​បណ្តាល​ឱ្យ​មាន​ការ​តវ៉ាប្រឆាំង​នៅ​ទូទាំង​ប្រទេស។

ករណី​ឆ្លង​បាន​កើនឡើង​ទូទាំង​ប្រទេស​នៅ​ពេល​ដែល​សរសរ​ស្តំ​ដ៏​សំខាន់​នៃ​គោលនយោបាយ​រាំងខ្ទប់​ជំងឺ​កូវីដ១៩​ បាន​ត្រូវ​ទម្លាក់​ចោល ដោយ​ពួក​អាជ្ញាធរ​បាន​ទទួល​ស្គាល់​ថា ការ​ផ្ទុះឡើង​ថ្មីនូវ​ជំងឺ​កូវីដ១៩ ​មិន​អាច​គេតាមដាន​បាន​ ហើយ​លែង​រាប់​បាន​ចំនួន​សរុប​ទាំង​អស់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពួក​អ្នក​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​ចិន​បាន​មាន​ប្រតិកម្ម​ប្រកប​ដោយ​ការសប្បាយ​រីករាយ​ដល់​ការបញ្ចប់​ការ​រឹតត្បិត​ដែល​បាន​បិទផ្នែក​ភាគច្រើន​នៅ​ក្នុងប្រទេស​ពី​ពិភព​ខាង​ក្រៅ​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ ២០២០ ​មក។

ការអត្ថាធិប្បាយដ៏​ប្រជាប្រិយ​មួយ​នៅ​លើ​បណ្តាញ​សង្គម Weibo បាន​និយាយថា៖ «ការបិទ​ខ្ទប់​បាន​ចប់​ហើយ រដូវ​ស្លឹក​ឈើ​លាស់​នឹង​មក​ដល់»។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀត​បាន​សរសេរ​ថា៖ «ខ្ញុំ​ប្រុងប្រៀប​សម្រាប់​ការធ្វើ​ដំណើរ​ទៅបរទេស»។

អ្នក​ទី ៣ ម្នាក់​ទៀត​សរសេរ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា តម្លៃ​សំបុត្រ​យន្តហោះ​មិន​ឡើង​ថ្លៃ​ទៀត​ទេ»។

ការស្វែងរក​ជើង​យន្តហោះ​ទៅ​បរទេស​តាម​អនឡាញ​បាន​កើនឡើង​ដោយសារ​ព័ត៌មាន​នេះ ដោយ​គេហទំព័រសម្រាប់​ការ​ធ្វើដំណើរ Tongcheng មានការ​ស្វែងរក​កើនឡើង​ចំនួន​ ៨៥០​ ភាគរយ​និង​ការកើនឡើង​ចំនួន​ ១០ ដង​នៅ​ក្នុង​ការស្វែងរក​ព័ត៌មាន​អំពី​ទិដ្ឋាការ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ៕

XS
SM
MD
LG