ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សារព័ត៌មាន​ខ្មែរ​មួយ​ក្រុម នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​ធ្វើ​ទស្សនកិច្ច​​សិក្សា​នៅ​សហរដ្ឋ​អាមេរិក

  • សាយ មុន្នី

រូបឯកសារ៖ អ្នក​សារព័ត៌មាន​ព្យាយាម​សុំ​សម្ភាស​មេដឹកនាំ​សកម្មជន​សិទ្ធិមនុស្ស ក្នុង​អំឡុង​ពិធីហែរក្បួន​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​មេសា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​កាសែត​ខ្មែរ​នេះ គឺ​ជា​កម្មវិធី​តាម​បណ្ដាញ​អ៊ីនធឺណិត ជា​ភាសា​ខ្មែរ ដែល​នឹង​រួមបញ្ចូល​ការ​បង្រៀន​តាម​បណ្ដាញ​អ៊ីនធឺណិត​សម្រាប់​សិក្ខាកាម​ម្នាក់ៗ និង​ការ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ សម្រាប់​សិក្ខា​កាម​ចំនួន​១៥​នាក់ ​ដែល​នឹង​ត្រូវ​ជ្រើសរើស​ចេញ​ពី​អ្នក​ចូល​រួម​ទាំង​អស់។

មជ្ឈមណ្ឌល​អន្តរជាតិ សម្រាប់​អ្នក​សារព័ត៌មាន ឬ​ International Center for Journalists (ICFJ) នឹង​ជ្រើសរើស​អ្នក​សារព័ត៌មាន​ខ្មែរ​ចំនួន​២៥​នាក់ ដែល​កំពុង​បម្រើ​ការ​ងារ​នៅ​តាម​ស្ថាប័ន​សារព័ត៌មាន​ស្របច្បាប់​នានា​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មួយ​ ដែល​ផ្ដោត​ទៅ​លើ​ការ​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​សារព័ត៌មាន​ ICFJ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។

វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​កាសែត​ខ្មែរ​នេះ គឺ​ជា​កម្មវិធី​តាម​បណ្ដាញ​អ៊ីនធឺណិត ជា​ភាសា​ខ្មែរ ដែល​នឹង​រួមបញ្ចូល​ការ​បង្រៀន​តាម​បណ្ដាញ​អ៊ីនធឺណិត​សម្រាប់​សិក្ខាកាម​ម្នាក់ៗ និង​ការ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ សម្រាប់​សិក្ខា​កាម​ចំនួន​១៥​នាក់ ​ដែល​នឹង​ត្រូវ​ជ្រើសរើស​ចេញ​ពី​អ្នក​ចូល​រួម​ទាំង​អស់។

វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ផ្ដោត​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះឆ្នោត ដោយ​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការ​រាយការណ៍​អំពី​ដំណើរ​ការបោះឆ្នោត​ជ្រើស​រើ​ស​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ និង​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

កញ្ញា កាន់ វិច្ឆិកា អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​ VOD ​ដែល​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ ដើម្បី​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ​បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​VOA​នៅ​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​ឧសភា​នេះ​ថា នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កញ្ញា​ ក្នុង​ការ​ពង្រីក​ការ​យល់​ដឹង​របស់​ខ្លួន​បន្ថែម​ទៀត ​នៅ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​របស់​កញ្ញា។

«យើង​ដឹង​ហើយ​ថា សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ អញ្ចឹង​របៀប​នៃ​ការ​បោះឆ្នោត​អី​ផ្សេងៗ គឺ​ពិត​ជា​ខុសប្លែក​ពី​ប្រទេស​កម្ពុជា​ហើយ។ អញ្ចឹង​ ខ្ញុំ​គិត​ថា បើ​សិន​ជា​ខ្ញុំ​មាន​ឱកាស​ចុះ​ទៅ​សិក្សា​បន្ថែម​ទៀត ឬ​ទៅ​យក​ព័ត៌មាន​ក្នុង​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​តែ​ម្ដង។ អញ្ចឹង​ ខ្ញុំ​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ឬ​ក៏​ជួយ​ពង្រឹង​សមត្ថភាព​អ្នក​នៅ​កន្លែង​ធ្វើ​ការ​ជាមួយ​គ្នា​ផ្សេងៗ​ទៅលើ​ការ​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​ពេល​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ខាង​មុខ»។

កម្មវិធី​បណ្ដុះបណ្ដាលរយៈពេល​៦​សប្ដាហ៍​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា រហូតដល់​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​គាំទ្រ ​និង​ឧបត្ថម្ភ​ថវិកា​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។

រូបឯកសារ៖ លោក Jay Raman មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ទៅ​កាន់​លោក ប៉ូច រាសី នៃ VOA និង​អ្នក​កាសែត​ដទៃ​ទៀត​នៅ​ក្រោយ​ការ​ចាក​ចេញ​របស់​ លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក Jay Raman មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ទៅ​កាន់​លោក ប៉ូច រាសី នៃ VOA និង​អ្នក​កាសែត​ដទៃ​ទៀត​នៅ​ក្រោយ​ការ​ចាក​ចេញ​របស់​ លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

លោក Jay Raman គឺ​ជា​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។

«យើង​មាន​ការ​បោះឆ្នោត​របស់​យើង​ផ្ទាល់​នៅ​អាមេរិក​ គឺ​ការ​បោះឆ្នោត​ជា​សកល​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​នេះ។ ដូច្នេះ តើ​មាន​ពេល​ណា​ល្អ​ជាង​នេះ​ទៀត​ ក្នុង​ការ​បញ្ជូន​អ្នក​សារព័ត៌មាន​ខ្មែរ​មួយ​ក្រុម ឲ្យ​ទៅ​ឃើញ​របៀប​ដែល​យើង​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​នយោបាយ​របស់​យើង​ ហើយ​សង្ឃឹម​ថា អ្នក​សារព័ត៌មាន​ខ្មែរ​ទាំង​នេះ នឹង​ទទួល​បាន​គំនិត​ខ្លះ និង​មេរៀន​ខ្លះៗ ដើម្បី​ឲ្យ​ពួក​គេ អាច​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ការងារ​ផ្ទាល់​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា​នេះ​វិញ»។

ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

អ្នក​ចូលរួម​ចំនួន​១៥​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​សិក្ខាកាម​ទាំង​២៥​នាក់​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា​រយៈពេល​១៥​ថ្ងៃ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦ ដើម្បី​អង្កេត​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ និង​អនុវត្ត​ជំនាញ​ដែល​ខ្លួន​បាន​រៀន​ក្នុង​វគ្គនេះ។

លោក យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​ និង​ឃ្លាំ​មើល​ការបោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​ឧសភា​នេះ​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ពិត​ជា​មាន​សារៈសំខាន់​ និង​ជា​ឱកាស​ដ៏​ល្អ​ សម្រាប់​អ្នក​សារព័ត៌មាន​ខ្មែរ ក្នុង​ការ​សិក្សា​ពី​របៀប​ថ្មីៗ​នៃ​ការ​យក​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ពួក​គេ​ អាច​រាយការណ៍​បានកាន់តែ​ល្អ​ប្រសើរ​ជាង​មុន​អំពី​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«អ្នក​កាសែត​កម្ពុជា នៅ​កម្ពុជា​យើង គាត់​ក៏​នៅ​មាន​ចំណេះ​ដឹង នៅ​មាន​កម្រិត​ដែរ ពាក់ព័ន្ធ​នឹង​ការ​សរសេរ​ អំពី​ការ​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះឆ្នោត អញ្ចឹង​នេះ​ជា​ឱកាស​ល្អ​មែន​ទែន ដែល​អ្នក​កាសែត​កម្ពុជា អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​បោះឆ្នោត​ខាងមុខ»។

លោក តាំង វីដា អ្នក​កាសែត​ម្នាក់​ ដែល​កំពុង​បម្រើ​ការងារឲ្យ​កាសែត ​The Khmer Times​ ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា លោក​កំពុង​រៀបចំ​ដាក់​ពាក្យ​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ ដើម្បី​ទទួល​បាន​ឱកាស​ពង្រឹង​សមត្ថភាព​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ជូន​ដល់​សាធារណៈជន​ អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។

«កម្មវិធី​នេះ​ គឺ​ជា​ឱកាស​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ពង្រឹង​នូវ​ការ​យល់​ដឹង​ក្នុង​ការ​យក​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​ហ្នឹង ក៏​ដូច​ជា​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ផ្ទាល់​ដើម្បី​ចែក​រំលែក​មក​កាន់​ប្រទេស​កម្ពុជា​យើង ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ដែល​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​ភាព​យុត្តិធម៌​ក៏​ដូច​ជា​មាន​តម្លាភាព​ជាដើម»។

​អ្នក​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ខ្មែរ​ តាម​បណ្ដាញ​អ៊ីនធឺណិត​នេះ​ លើក​ឡើង​ថា អ្នក​កាសែត​ដែល​ត្រូវ​ជ្រើសរើស​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ចំពោះ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ចាប់អារម្មណ៍​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ការ​បោះឆ្នោត។

អង្គការ​សារព័ត៌មាន​ ICFJ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ទោះបី​ជា​ប្រព័ន្ធ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ខុស​គ្នា​នឹង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ក៏​ដោយ ក៏​ពួកគេ​ជឿជាក់​ថា អ្នក​កាសែត​ខ្មែរ នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ពី​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​វគ្គ​នេះ​ដែរ។

លោក Babar Taimoor គឺ​ជា​នាយក​កម្មវិធី​នៃ​ ICFJ ​ដែល​ជា​អ្នក​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ។

«អ្នក​សារព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក​នេះ ក៏​រៀន​សូត្រ​ពី​អ្នក​សារព័ត៌មាន​បរទេស​ដែរ ប៉ុន្តែ អ្វី​ដែល​អ្នក​កាសែត​កម្ពុជា អាច​ទទួល​បាននោះ គឺ​របៀប​ដែល​ពួកគេ​អាច​យក​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ បាន​អង្កេត​និង​បាន​រៀន​សូត្រ​ ទៅ​អនុវត្ត​ក្នុង​សង្គម​របស់​ពួក​គេ​ផ្ទាល់​ ដោយ​ការ​ច្នៃ​វា​ទៅតាម​តម្រូវ​ការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ប្រព័ន្ធ​បោះឆ្នោត​របស់​ពួកគេ»។

កាល​បរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៦​ខែ​ឧសភា ក្នុង​សប្ដាហ៍​នេះ៕

ព័ត៌មាន​បន្ថែម​ស្តីពី​វគ្គបណ្តុះ​បណ្តាល​នេះ៖ http://goo.gl/x5wRT7

ព័ត៌មាន​បន្ថែម​ស្តី​ពី​ការ​ដាក់​ពាក្យ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​នេះ៖ https://goo.gl/cCNBGx

XS
SM
MD
LG