ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

CCIM៖ ​អ្នកសារព័ត៌មាន​នៅ​តែ​ជួប​ឧបសគ្គ​ក្នុង​ការទទួល​ព័ត៌មាន​ពី​ទង្វើ​អសកម្ម

  • ហ៊ាន សុជាតា

សន្និសីទ​ប្រព័ន្ធ​ផ្សព្ធផ្សាយ​ឯករាជ្យ​ប្រចាំ​ឆ្នាំ​ស្តីពី «កត្តា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ» រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIMក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

កង្វះ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ ​ឬ​ស្ថាប័ន​សាធារណៈ​ នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​អ្នក​សារព័ត៌មាន​​នៅ​កម្ពុជា។

កង្វះ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ ​ឬ​ស្ថាប័ន​សាធារណៈ​ នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​អ្នក​សារព័ត៌មាននៅ​កម្ពុជា។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា ​CCIM នាព្រឹក​ថ្ងៃ​ពុធ​នេះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា​«ឧបសគ្គ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ»​ ឲ្យ​ដឹង​ថា ​ជា​ទូទៅ​អ្នក​សារព័ត៌មាន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ខុស​ច្បាប់​ អំពើ​ពុក​រលួយ​ ការ​រំលោភដី​ធ្លី ​ការប្រើប្រាស់​ថវិកា​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​ ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​សាធារណៈ ​ សេចក្តី​សម្រេច​ឬ​ឯកសាររបស់​តុលាការ​ កំណត់​ហេតុ​ប្រជុំ​របស់​រដ្ឋសភា ​និង​សេចក្តី​ព្រាង​ច្បាប់​ចម្រូង​ចម្រាស់​នានា។

លោក សូ សោទ្ធី មន្ត្រី​សម្រប​សម្រួល​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​CCIM ធ្វើ​បទ​បង្ហាញ​របាយការណ៍​ស្តីពី​ «កត្តា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វផ្សាយ» ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក សូ សោទ្ធី មន្ត្រី​សម្រប​សម្រួល​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​CCIM ធ្វើ​បទ​បង្ហាញ​របាយការណ៍​ស្តីពី​ «កត្តា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វផ្សាយ» ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

លោក​ សូ សោទ្ធី​ គឺ​ជា​មន្ត្រី​សម្រប​សម្រួល​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​ CCIM ​និង​ជា​អ្នក​ស្រាវជ្រាវ​របាយ​ការណ៍​នេះ​បាន​បញ្ជាក់​ថា​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សំដៅ​ដល់សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ទៅកាន់​ប្រជាពលរដ្ឋ។

«កង្វះ​ព័ត៌មាន​សម្រាប់​អ្នក​សារព័ត៌មាន​ ធ្វើឲ្យ​កង្វះ​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ។ ហើយ ​កង្វះ​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ​ធ្វើ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ខុស។ សេដ្ឋកិច្ច​ នយោបាយ យើង​និយាយ​ដោយ​ផ្ទាល់​ទៅ​លើ​ការ​បោះ​ឆ្នោត​ ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​តាម​រយៈ​ការបោះឆ្នោត​ទាម​ទារ​ឲ្យ​មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ។ ប្រទេស​ណា​ក៏ដោយ​ពឹង​ផ្អែក​លើ​ស្ថាប័ន​ព័ត៌មាន​ ហើយ​ស្ថាប័ន​ព័ត៌មាន​ពឹង​ផ្អែក​សំខាន់​ទៅ​លើ​ស្ថាប័ន​រដ្ឋ​ដែល​ជា​អ្នកផ្តល់​ព័ត៌មាន​សាធារណៈ»។

លោក ​ប៉ែន បូណា ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ​ពន្យល់​ប្រាប់​ VOA​ ថា​ស្ថាន​ភាព​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មានភាព​ទូលំ​ទូលាយ​ជាង​មុន។ ​ក៏ប៉ុន្តែ​ លោក​អះអាង​ថា​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ នៅ​មិន​ទាន់​ពេញ​លេញ​នោះ​ទេ ដែល​តម្រូវ​ឲ្យ​វត្តមាន​នៃ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ ជា​រឿង​សំខាន់​ មិន​អាចខ្វះបាន។

«ច្បាប់​ហ្នឹង​ វា​មាន​លក្ខណៈ​ចរិត​ចាប់​បង្ខំ​ មាន​ន័យ​ថា​មន្ត្រី​សាធារណៈ​ហ្នឹង​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ ផ្តល់​ឯកសារ​ទាំង​ឡាយ​ណា​ដែល​សាធារណជន​ ឬ​អ្នក​សារព័ត៌មាន​ចង់​បាន។ រហូត​មក​ទល់​ពេល​នេះ​យើង​អត់​មាន​ច្បាប់​ មាន​ន័យ​ថា​យើង​ចង់សុំ​ឯកសារ​អ្វី​ គេ​អត់​ឲ្យ​ស្រេច​តែ​លើ​គេ។​ ប៉ុន្តែ​ច្បាប់​ហ្នឹង​វា​កំណត់​ថា​មន្ត្រី​សាធារណៈ​ត្រូវ​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យអ្នក​សារព័ត៌មាន​ទៅ​តាម​សំណូមពរ​របស់​គេ​ លើក​លែង​តែ​ព័ត៌មាន​មួយ​ចំនួន​ដែល​គេ​ចែង​ថា​ជា​ព័ត៌មាន​សម្ងាត់​»​។

លោក​ប៉ែន បូណា ​យល់​ថា មាន​មូលហេតុ​២​ដែល​ទំនង​ជា​ធ្វើ​ឲ្យ​មន្ត្រី​សាធារណៈ​គេច​វេស​ពី​ការ​ឆ្លើយ​តប​របស់​អ្នក​សារព័ត៌មាន។ មួយ​ គឺ​ទម្លាប់​របស់​មន្ត្រី​សាធារណៈ​ដែល​មិននិយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ ដោយសារ​តែ​ពួកគេ​គិត​ថា​អ្នក​សារ​ព័ត៌មាន​តែង​គាស់​កកាយរឿង​អវិជ្ជមាន​របស់​ស្ថាប័ន​ ឬ​មន្ត្រី​សាធារណៈ​ដើម្បី​ផ្សព្វផ្សាយ។ និង​ទី២​ គឺ​ដោយសារ​តែ​អ្នក​សារព័ត៌​មាន​ខ្លួន​ឯង​មួយ​ចំនួន​ក៏​មិន​ទាន់​បាន​គោរព​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដែល​ធ្វើ​ឲ្យ​មន្ត្រី​សាធារណៈ​បាត់​ទំនុក​ចិត្ត​លើ​អ្នក​សារព័ត៌មាន​។

លោក ​អ៊ុក គឹមសេង​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ឲ្យ​ដឹង​ថា «ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន»​ ដែល​រដ្ឋាភិបាល​កម្ពុជាកំពុងតាក់​តែង​នេះ​ គឺ​ជាច្រក​ចេញ​ចូល​ព័ត៌មាន​សម្រាប់​ អ្នក​សារព័ត៌មាននិង​សាធារណជន។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ រដ្ឋាភិបាល​ក៏​បាន​កំណត់​ឲ្យ​ស្ថាប័ន​រដ្ឋ​នីមួយៗ​ ចាត់តាំង​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ។​

«មែន​ទែន​មក​ដល់​ថ្ងៃ​នេះ​ មាន​ពេលខ្លះ​យើង​ពិបាក​រក​ដែរ​ព័ត៌មាន​ មាន​ពេលខ្លះ​ក៏​ស្រណុក​ងាយរក។ ​ការ​លំបាក​នេះ​យើង​មិន​អាច​បដិសេធ​បាន​ទេ​។ ខ្ញុំ​គិត​ថា​មាន​ច្បាប់​នេះ​ទៀត​រិត​តែ​ប្រសើរ ​យើង​នឹង​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​ប្រជា​ពលរដ្ឋ និង​សារព័ត៌មាន​ដើម្បី​ទទួល​បាន​ព័ត៌មាន​ដែល​គេ​ចង់​ដឹង។ ការរៀបចំ​នេះ ​បាន​ចាប់​បង្ខំ​សមត្ថកិច្ច ​ ស្ថាប័ន​សាធារណៈ ​ត្រូវ​តែ​អនុវត្ត​ ហើយ​មាន​ការ​ដាក់​ពិន័យ​ហូរហែរ​ បើសិន​ជា​មិន​អនុវត្ត​តាម​ច្បាប់»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មិន​ទាន់​មាន​ឯករាជ្យភាពពេញលេញ​នៅ​ឡើយ​នោះ​ទេ​ ដោយ​ហេតុ​ថា​អ្នក​សារព័ត៌មាន​មិន​ទាន់​មាន​សិទ្ធិ​អំណាច​ពេញលេញក្នុង​ការ​រាយការណ៍​គ្រប់​ព័ត៌មាន​នៅឡើយ​ ពោល​គឺ​ស្ថាប័ន​ ឬ​អ្នកសារព័ត៌មាន​កម្ពុជា​ភាគ​ច្រើន​ស្ថិត​នៅ​ក្រោម​ ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ ទទួល​រងឥទ្ធិពល​នយោបាយ​ ​ ទទួល​សម្ពាធ​ពី​អំពើ​ហិង្សា​លើរាង​កាយ​ក្នុង​ពេល​បំពេញ​ការងារ និង​ទទួល​បានការ​គំរាម​កំហែង​ពី​ផ្លូវ​ច្បាប់​ជាដើម។

នៅក្នុង​របាយការណ៍​ដដែល​ ​ចេញ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM ដែល​ជា​ស្ថាប័ន​តែមួយ​ជាមួយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​VOD ​បង្ហាញ​ថា​ទៀតថា​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​VOD គឺ​ជា​ស្ថាប័ន​ព័ត៌មាន​ដែល​ឯករាជ្យ​ជាង​គេ​នៅ​កម្ពុជា។ ចំណាត់​ថ្នាក់​បន្ទាប់​ គឺ​សារព័ត៌មាន​The Cambodia Daily​ និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍៕

XS
SM
MD
LG