បន្ទាប់ពីមានការគំរាមកំហែងអាយុជីវិត រហូតដល់ចេញដីកាតាមចាប់ខ្លួន ឥឡូវនេះលោក Aung Marm Oo កំពុងពួនសម្ងំលាក់ខ្លួន។ លោកបានគេចខ្លួនតាមបន្ទប់អាផាតមីនរបស់បងប្រុសលោកប៉ុន្មានម៉ោងមុននឹងត្រូវបានឡោមព័ទ្ធដោយក្រុមប៉ូលិសពិសេសមកពីអង្គភាពប៉ូលិសស៊ើបការសម្ងាត់របស់ប្រទេសមីយ៉ាន់ម៉ា។
គ្រោះថ្នាក់បែបនេះគឺជារឿងធម្មតារបស់អ្នកកាសែតដែលហ៊ានរាយការណ៍ប្រឆាំងនឹងក្រុមអាជ្ញាធរនៅក្នុងរដ្ឋ Rakhine ដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើប្រល័យពូជសាសន៍ទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាលពីពេលថ្មីៗនេះ និងជាទីដែលក្រុមឧទ្ទាម Rakhineកំពុងប្រយុទ្ធជាមួយនឹងក្រុមយោធាទាមទារស្វ័យភាពបន្ថែមទៀត។
លោក Aung Marm Oo គឺជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (Development Media Group) ហៅកាត់ថាDMG គឺភ្នាក់ងារសាព័ត៌មានថ្មីមួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Sittwe ដែលធ្លាប់បានរាយការណ៍ពីការរំលោភសិទ្ធិមនុស្សអំឡុងការប៉ះទង្គិចថ្មីៗនេះរវាងកងទ័ពឧទ្ទាម Arakan Army (AA) និងក្រុមយោធាមីយ៉ាន់ម៉ា។
លោកគឺជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែត៥២នាក់ទៀតដែលត្រូវប្រឈមមុខនឹងការកាត់ទោសក្រោមច្បាប់គាបសង្កត់ជាច្រើនតាំងពីរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាឡើងកាន់ដំណែងបន្ទាប់ពីមានការបោះឆ្នោតបែបប្រជាធិបតេយ្យជាលើកដំបូងកាលពីឆ្នាំ២០១៦ ។
ករណីរបស់លោកគឺជាការក្រើនរំលឹកមួយដែលបង្ហាញថាមានការផ្លាស់ប្តូរតិចតួចសម្រាប់អ្នកសាព័ត៌មាននៅក្នុងប្រទេសនេះ ទោះបីជាអ្នកសាព័ត៌មានReuters ពីរនាក់គឺលោក Wa Lone និលោក Kyaw Soe Oo ត្រូវបានដោះលែងកាលពីខែមុនក៏ដោយ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយសារពួកគេបានបកអាក្រាតអំពីការសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម១០នាក់។
ការរិះគន់លើអ្នកស្រី អង់សាន ស៊ូជី មេដឹកនាំប្រទេស និងជាអតីតអ្នកតំណាងសិទ្ធិមនុស្ស ដែលបរាជ័យក្នុងការលុបបំបាត់ច្បាប់ដែលត្រូវបានប្រើដើម្បីគាបសង្កត់អ្នកសាព័ត៌មានឯករាជ្យ។
តាមរយៈសារអេឡិចត្រូនិកផ្ញើរឲ្យ VOA លោក Aung Marm Oo បាននិយាយថាលោក «កំពុងលាក់ខ្លួននៅក្នុងទីតាំងសុវត្ថិភាពនិងលាក់កំបាំងមួយ» ហើយលោកមិនមានចេតនានឹងប្រគល់ខ្លួនឲ្យប៉ូលិសក្នុងពេលណាមួយឆាប់ៗនោះទេ។ លោកបាននិយាយថា៖ «ខ្ញុំមិនហ៊ានសូម្បីតែគិត ថាតើជីវិតខ្ញុំនឹងទៅជាយ៉ាងណា ប្រសិនខ្ញុំត្រូវធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងសាខាពិសេស និងកងទ័ពនោះ»។
លោកបានគេចពីប៉ូលិសតាំងពីដើមខែឧសភានៅពេលដែលអាជ្ញាធរបានចោទប្រកាន់លោកក្រោមច្បាប់មួយដែលត្រូវបានគេរិះគន់ជាច្រើន។ ច្បាប់នោះគឺដាក់ទោសព្រហ្មទណ្ឌចំពោះបុគ្គលណាដែលមានទំនាក់ទំនងជាមួយក្រុមដែលរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់។ កងទ័ពឧទ្ទាម Arakan Army (AA) ស្ថិតក្នុងចំណោមក្រុមដែលរដ្ឋាភិបាលចាត់ទុកថាជាក្រុមខុសច្បាប់ ប៉ុន្តែដើម្បីទទួលបានព័ត៌មានត្រឹមត្រូវនោះ ក្រុមអ្នកសាព័ត៌មានជារឿយៗគ្មានជម្រើសច្រើនក្រៅពីទាក់ទងទៅសមាជិកនៃក្រុមនេះដើម្បីទទួលបានព័ត៌មាននិងអត្ថាធិប្បាយនានាទៅលើសេចក្តីរាយការណ៍របស់ពួកគេ។
ប៉ូលិសមិនបានបង្ហាញថាតើលោក Aung Marm Oo បានល្មើសនឹងមាត្រាទី១៧/២ នៃច្បាប់ស្តីពីទំនាក់ទំនងខុសច្បាប់ (Unlawful Associations Act) ដែលបានចោទប្រកាន់ឲ្យលោកជាប់ពន្ធនាគាររហូតដល់៥ឆ្នាំនោះទេ។ VOA មិនអាចទាក់ទងអ្នកនាំពាក្យប៉ូលិសលោក Myo Thu Soe ដើម្បីសុំអត្ថាធិប្បាយបន្ថែមលើករណីនេះបានទេ។
លោក Nickey Diamond អ្នកជំនាញសិទ្ធិមនុស្សមីយ៉ាន់ម៉ាមកពីក្រុមតស៊ូមតិ Fortify Rights បាននិយាយថាលោក Aung Marm Oo ត្រូវបានគេឃ្លាំមើលដោយសារតែអត្ថបទរបស់លោកដែលផ្សាយពីជម្លោះនៅក្នុងទីក្រុង Rakhine «បានធ្វើឲ្យពួកយោធាភ័យខ្លាច»។ លោកបានថ្លែងបន្ថែមថា៖
«ករណីរបស់លោក Aung Marm Oo គឺជាការព្រមាន ទៅកាន់សាព័ត៌មានឯករាជ្យទាំងអស់ ដែលរាយការណ៍ពីស្ថានភាពក្នុងទីក្រុង Rakhine»។
មិនយូរប៉ុន្មានបន្ទាប់ពីដាក់ពាក្យបណ្តឹង មន្ត្រីបានកោះហៅអ្នកសាព័ត៌មានពីរនាក់ពីក្រុមហ៊ុន DMG និងបានសួរចម្លើយពួកគេអំពីអត្ថបទមួយដែលត្រូវបានផ្សាយកាលពីខែមករាអំពីខួបមួយឆ្នាំនៃការបង្ក្រាបទៅលើបាតុកម្មមួយក្នុងទីក្រុង Rakhine ដែលប៉ូលិសបានសម្លាប់បាតុករចំនួន៧នាក់។
លោក Myint Kyaw លេខារបស់បណ្តាញអ្នកសាព័ត៌មានមីយ៉ាន់ម៉ាបាននិយាយថា គ្មានសញ្ញាណាមួយបង្ហាញថាអ្នកសាព័ត៌មាន DMG បានទាក់ទងជាមួយនឹងក្រុមឧទ្ទាម Arakan Army នៅពេលដែលពួកគេសរសេររបាយការណ៍នោះទេ។ លោកបាននិយាយប្រាប់ VOA ថា៖ «ខ្ញុំមិនឃើញភស្តុតាងណាមួយដែលបង្ហាញថាពួកគេបានល្មើសនឹងច្បាប់ទំនាក់ទំនងខុសច្បាប់នេះទេ»។
លោក Maung Sangkha នាយកប្រតិបត្តិអង្គការ Athan ដែលគាំទ្រសេរីភាពក្នុងការបញ្ចេញមតិនៅមីយ៉ាន់ម៉ាបាននិយាយថា៖ «យោធាអាចប្តឹងភ្នាក់ងារសាព័ត៌មានណាមួយបានតាមច្បាប់នេះ ក្រោមបទចោទថាមានទំនាក់ទំនងជាមួយក្រុមជនជាតិភាគតិចប្រដាប់អាវុធ។ សភាគួរតែលុបច្បាប់នេះចោលឲ្យបានលឿនតាមដែលអាចធ្វើបាន»។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី អង់សាន ស៊ូជី មានសមាជិកភាគច្រើននៅក្នុងសភា នេះមានន័យថាតំណាងរាស្រ្តអាចលុបច្បាប់នេះចេញដោយគ្មានការជំទាស់។
ប៉ុន្តែអ្នកស្រីអង់សាន ស៊ូជី បដិសេធមិនព្រមធ្វើ ដោយសារតែអ្នកស្រីយល់ស្របជាមួយនឹងយោធាថាច្បាប់នេះបានផ្តល់«អំណាច» ដល់យោធាដើម្បីបង្រ្កាបក្រុមឧទ្ទាមនានា នេះបើយោងតាមលោក Myint Kyaw។
ក្រុមសកម្មជនជឿថា អ្នកស្រីអង់សាន ស៊ូជីក៏បានបរាជ័យក្នុងការលុបចោលច្បាប់គាបសង្កត់ផ្សេងទៀត ដូចជាច្បាប់ប្រឆាំងនឹងការបរិហារកេរ្តិ៍ ដែលត្រូវមានទោសជាប់ពន្ធនាគារ ដោយសារអ្នកស្រីយល់ថាវាជាឧបករណ៍ដ៏មានតម្លៃសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការរិះគន់គណបក្សខ្លួនឯង។
វាមិនត្រឹមតែជាច្បាប់ដ៏ឃោរឃៅ ដែលបានបង្កឲ្យមានហានិភ័យដល់អ្នកសាព័ត៌មាន ជាពិសេសនៅក្នុងរដ្ឋ Rakhine និងរដ្ឋដែលកំពុងរងជម្លោះផ្សេងទៀត។
កាលពីឆ្នាំ២០១៧ អ្នកយកព័ត័មានម្នាក់ដែលរាយការណ៍អំពីជម្លោះនៅក្នុងរដ្ឋ Rakhine ឲ្យភ្នាក់ងារសាព័ត៌មានមួយដែលត្រូវបាននិរទេស បានរួចជីវិតពីការចាក់នឹងកាំបិតដោយជនមិនស្គាល់មុខក្នុងទីក្រុង Sittwe។ ហើយនៅក្នុងឆ្នាំ២០១៦ មានការផ្ទុះគ្រាប់បែកតូចមួយនៅខាងក្រៅទីភ្នាក់ងារស៊ើបអង្កេត (Root Investigative Agency) ដែលជាទីភ្នាក់ងារព័ត៌មាននៅទីក្រុង Sittwe ប៉ុន្តែមិនមានអ្នករបួសទេ។
ប្រហែលជាមួយខែមុននឹងអាជ្ញាធរដាក់ពាក្យបណ្តឹងលើលោក Aung Marm Oo ភ្នាក់ងារ DMG បានទទួលសារអេឡិចត្រូនិកឬអ៊ីម៉ែលពីអាស័យដ្ឋានមួយដែលមានពាក្យជាភាសាមីយ៉ាន់ម៉ាថា Tatmadaw ជាយោធាមីយ៉ាន់ម៉ា។
សារនោះបានព្រមានឲ្យ DMG «គាំទ្រកងទ័ពTatmadawតែមួយគត់។ បើមិនដូច្នោះទេយើងមិនអាចធានាពីជីវិតរបស់អ្នកសាព័ត៌មានរបស់អ្នកបានឡើយ»។ សារនោះបានសរសេរបញ្ជាក់ថា៖
«ពួកគេនឹងប្រឈមនឹងស្ថានភាពមួយស្រដៀងគ្នាដូចនឹងករណីលោក U Ko Ni»។ សារនោះបានសរសេរបន្ថែមដោយសំដៅដល់មេធាវីរដ្ឋធម្មនុញ្ញនិងជាជំនួយការជិតស្និតរបស់អ្នកស្រី អង់សាន ស៊ូជីដែលត្រូវគេធ្វើឃាតកាលពីឆ្នាំ២០១៧»។
បើសិនជាករណីផ្ញើរសារគំរាមកំហែងនេះមិនត្រូវបានគេចាត់វិធានការណ៍ ដាក់ទោសអ្នកដែលផ្ញើរសារដូចករណីមុនៗ នោះបុគ្គលដែលរងការគំរាមកំហែងនៅតែបន្តរស់នៅក្នុងស្ថានភាពភ័យខ្លាចការចាប់ខ្លួនដដែល៕
ប្រែសម្រួលដោយ ទុំ ម្លិះ