លោក John Kerry អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០០៤ គាំទ្រលោក Joe Biden សម្រាប់តំណែងប្រធានាធិបតី ដោយបង្ហាញហេតុផលបទពិសោធន៍អន្តរជាតិរបស់លោកលោកអតីតអនុប្រធានាធិបតីរូបនេះគួរតែជាកត្តាសម្រេចចិត្តសម្រាប់ក្រុមអ្នកបោះឆ្នោតអាមេរិកាំងនៅឆ្នាំ២០២០។
ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោក Biden បានបញ្ចេញការគាំទ្ររបស់លោក Kerry នៅពេលពួកគេបន្តរឹះគន់លោកប្រធានាធិបតី Donald Trump ថាជាអគ្គមេបញ្ជាការកងយោធពលនិងជាប្រមុខរដ្ឋម្នាក់ដែលអាចនាំឱ្យមានគ្រោះថ្នាក់និងមិនទៀងទាត់។ ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោក Biden បានពង្រឹងការនិយាយបង្ហាញហេតុផលនេះកាលពីថ្ងៃពុធជាមួយការឃោសនាមួយតាមបណ្តាញ Internet ដែលបង្ហាញវីដេអូមួយអំពីមេដឹកនាំឯទៀតៗក្នុងពិភពលោកចំអកឱ្យលោក Trump នៅក្នុងពិធីបដិសណ្ឋារកិច្ចមួយនៅក្នុងវាំង Buckingham ដែលបានធ្វើឡើងជាមួយសន្និសីទកំពូលនៃអង្គការអូតង់។
លោក Kerry បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ខ្ញុំមិនដែលឃើញពីមុនថាពិភពលោកត្រូវការជាងមុននូវមនុស្សម្នាក់ដែលនៅថ្ងៃដំបូងអាចចាប់ផ្តើមការងារដ៏ពិបាកដើម្បីបង្រួបបង្រួមពិភពលោកដែល Donald Trump បានបំបែកបំបាក់»។
ការណ៍នេះបន្ទរសេចក្តីថ្លែងមានការទះដៃអបអរសាទរដែលលោក Biden បានប្រើជាញឹកញយនៅពេលលោកធ្វើការឃោសនាបោះឆ្នោត។
លោក Biden បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា«ប្រធានាធិបតីបន្ទាប់នឹងទទួលថ្មបាក់នូវពិភពលោកមួយដែលមានភាពច្របូកច្របល់»ដោយលោកបានសរសើរបទពិសោធន៍ខាងគោលនយោបាយការបរទេសច្រើនទសវត្សរ៍របស់លោកក្នុងឋានៈលោកជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Delaware ៦ អណត្តិនិងជាអនុប្រធានាធិបតីចំនួនពីរអណត្តិផងដែរ៕