វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបានថ្លែងថា មនុស្សអត់ការងារធ្វើ បានកើនឡើងចំនួន៣៤លាននាក់ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលលោក។
សេដ្ឋវិទូ លោក បាយរ៉ុន អូហ្គូស្តេ (Byron Auguste) ដែលជាប្រធានការិយាល័យផ្នែកសង្គមនៃក្រុមហ៊ុនពិគ្រោះយោបល់ ឈ្មោះម៉ាក់ឃីនស៊ី និងខំផានី (McKinsey and Company) បានទទួលស្គាល់រួចជាស្រេច ចំពោះអ្វីដែលសេដ្ឋវិទូ និងអ្នកបង្កើតគោលនយោបាយម្នាក់ៗ បានដឹងហើយគឺថា គ្មានវិធីសាស្ត្រដ៏សាមញ្ញណាមួយ ដែលនឹងបង្កើតការងារឲ្យបានច្រើននោះទេ។ ហើយខណៈដែលមនុស្សជាច្រើននិយាយថា បច្ចេកវិជ្ជានឹងផ្តល់ការងារយ៉ាងច្រើនក្នុងពេលអនាគតនោះ លោកអូហ្គូស្តេ បានថ្លែងថា លោកគិតថា ប្រទេសកំពុងអភិវឌ្ឍ គួរតែផ្តោតទៅលើវិស័យកសិកម្ម និងឧស្សហកម្មសេវាកម្មរបស់ខ្លួន ប្រសិនបើប្រទេសទាំងនោះចង់ឲ្យមានកំណើនការងារ។
«នៅក្នុងពិភពលោកកំពុងអភិវឌ្ឍ មានឱកាសយ៉ាងធំធេង ដើម្បីបង្កើនផលិតភាពលើវិស័យកសិកម្ម ប្រាក់បៀវត្សរ៍ ព្រមទាំងការងារ តាមរយៈការជំរុញឆ្ពោះទៅរកដំណាំមានតម្លៃខ្ពស់ជាងមុន និងពង្រីកការធ្វើកសិកម្ម ដោយមានការជួយគាំទ្រដ៏ត្រឹមត្រូវ និងការផ្តល់ហិរញ្ញវត្ថុដល់កសិករដែលមានដីធ្លីតូចតាច»។
លើសពីនេះទៀត លោកអូហ្គូស្តេ មានប្រសាសន៍ថា ឧស្សាហកម្មសេវាកម្មមានចំនួន៨៥ ភាគរយក្នុងការបង្កើតការងារ នៅតាមបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម ហើយច្រើនដល់ទៅ ៦៨ ភាគរយ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។
ប៉ុន្តែ ការពិភាក្សារបស់គណៈកម្មាការ ចេះតែត្រឡប់ទៅរកពាក្យពីរម៉ាត់វិញគឺ ស៊ីលីខិន វ៉ាឡេ (Silicon Valley) ដែលធ្វើឲ្យគេនឹកដល់ទិដ្ឋភាពនៃគំនិតបង្កើតថ្មី និងការបង្កើតការងារ។ ស៊ីលីខិន វ៉ាឡេ គឺជាផ្នែកមួយនៃរដ្ឋកាលីហ្វ័រនីញ៉ារបស់សហរដ្ឋអាមេរិក ដែលជាមន្ទីរចាត់ការ នៃក្រុមហ៊ុនបច្ចេកវិជ្ជាជាន់ខ្ពស់នាំមុខគេរបស់ពិភពលោក មានដូចជាក្រុមហ៊ុនអាប់ផល(Apple) និងហ្គូហ្គល (Google) ជាដើម។
លោក បូហ្សីដារ ដេលីក (Bozidar Delic) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបចេ្ចកវិជ្ជារបស់ប្រទេសស៊ែប៊ី (Serbia) បាននិយាយពាក្យមួយម៉ាត់យ៉ាងសង្ខេបចំពោះការទាក់ទាញរបស់ស៊ីលីខិន វ៉ាឡេ គឺគុណូបធិបតេយ្យ។
«ហេតុអ្វីបានជាតំបន់ស៊ីលីខិន វ៉ាឡេ ជា ស៊ីលីខិន វ៉ាឡេ? ដោយសារតែ នៅពេលដែលលោកអ្នកបានមកដល់ទីនេះ គេមិនខ្វល់ថាតើលោកអ្នកជានរណានោះទេ។ រឿងសំខាន់គឺស្ថិតនៅលើអ្វីដែលលោកអ្នកបានចេះដឹង»។
ក្រុមគណៈវិនិច្ឆ័យក៏បានយល់ស្របដែរថា ការយល់ដឹងអំពីចំណុចខ្លាំងរបស់ប្រទេសមួយ ព្រមទាំងកំណត់អត្តសញ្ញាណនូវតំបន់ដែលមានសក្តានុពល សម្រាប់ការរីកលូតលាស់សេដ្ឋកិច្ច គឺមានសារសំខាន់។ ដូចដែលគណៈវិនិច្ឆ័យមួយរូបបានកត់សម្គាល់ឲ្យឃើញថា លោកអ្នកអាចបង្រៀនមនុស្សម្នាក់ឲ្យចេះជិះកង់បានយ៉ាងល្អ ប៉ុន្តែការបង្រៀនជិះកង់នឹងមិនអាចជួយអ្វីបានច្រើនទេ នៅពេលដែលមនុស្សម្នាក់នោះត្រូវប្រជែងជាមួយនិងរថយន្តស្ព័រ។
លោកដេលីក រដ្ឋមន្ត្រីប្រទេសស៊ែប៊ី បានពន្យល់ទៅលើចំណុចនោះ។ លោកមានប្រសាសន៍ថា រថយន្តកូនកាត់ និងរថយន្តប្រើឋាមពលអគ្គិសនីទំនងជារថយន្តក្នុងពេលអនាគត ប៉ុន្តែខណៈដែលឧស្សាហកម្មរថយន្តស៊ែរប៊ីមានភាពរឹងម៉ាំ ឧស្សហកម្មរថយន្តរបស់ប្រទេសនេះគ្មានលក្ខណៈអាចប្រកួតប្រជែងគ្រប់គ្រាន់ល្មម ដើម្បីឲ្យមានប្រៀបជាងគេនៅក្នុងទីផ្សាររថយន្តកូនកាត់នោះបានទេ។ ជាជំនួសវិញ លោកបានថ្លែងថា ជនជាតិស៊ែប៊ីកំពុងធ្វើការដើម្បីទាញយកប្រយោជន៍ពីទីផ្សារនោះមួយចំណែកតូចប៉ុណ្ណោះ ហើយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងប្រទេសនោះកំពុងធ្វើការដើម្បីអភិវឌ្ឍអាគុយលីធីញ៉ូមដ៏ល្អជាងមុន ដែលជាធាតុផ្សំយ៉ាងសំខាន់មួយសម្រាប់រថយន្តកូនកាត់ទាំងនេះ៕
ប្រែសម្រួលដោយលី សុខឃាង